គន្លឹះងាយៗ៦ចំណុច ធ្វើឲ្យអ្នករីករាយនិងមានអាយុវែង
មនុស្សគ្រប់គ្នាតែងប៉ងប្រាថ្នារស់នៅសុខសប្បាយ មានសុខភាពល្អ និងអាយុវែង ប៉ុន្តែបើគ្រាន់តែប៉ងគិតវានឹងអាចក្លាយជាការពិតនោះទេ ដូច្នេះអ្នកចាំបាច់ត្រូវអនុវត្តចេញជាសកម្មភាព។ ខាងក្រោមនេះ គឺជាគន្លឹះខ្លីៗ និងងាយៗចំនួន៦ចំណុច ចែករំលែកពី ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព នៅក្នុង បាឋកថាស្ដីពី ការរក្សាសុខភាពផ្លូវចិត្ត តាមលំនាំព្រះពុទ្ធសាសនា នាវិទ្យាស្ថានជាតិអប់រំ កាលពីពេលថ្មីៗកន្លងទៅ។
ទី១. ចេះធ្វើខ្លួនឲ្យសប្បាយ៖ រឿងណាដែលមិនទាន់មកដល់ សូមគិតដេកគិតច្រើនពិបាកចិត្តទុកជាមុន។ ត្រូវរៀនមានស្មារតីត្រៀមខ្លួនឲ្យបានរួចរាល់ ហើយទទួលយកការពិតនៅរាល់អ្វីដែលវាប្រុងនឹងកើតឡើង ព្រោះថាយើងមិនអាចប៉ាន់ស្មាន ឬទស្សន៍ទាយរឿងដែលកើតឡើងនៅថ្ងៃស្អែកបានទាំងស្រុងនោះទេ។
ទី២. សប្បាយឲ្យមានដែនកំណត់៖ សប្បាយចិត្តច្រើនធ្វើឲ្យយើងមានសុខភាពល្អ និងអាយុវែង ប៉ុន្តែក៏មិនត្រូវសប្បាយជ្រុលហួសហេតុពេកដែរ ឧទាហរណ៍ ការជួបជុំគ្នាទទួលទានគ្រឿងស្រវឹង មិនគួរធ្វើញឹកញាប់ពេកទេ ព្រោះគ្រឿងស្រវឹងប៉ះពាល់ខ្លាំងណាស់ដល់សុខភាព ដូច្នេះត្រូវគិតគូរឲ្យមែនទែនលើបញ្ហានេះ។
ទី៣. បរិភោគអាហារឲ្យហ្មត់ល្អ៖ ពេលទទួលទានអាហារត្រូវមានស្មារតីផ្ចង់អារម្មណ៍ឲ្យបានល្អ ព្រោះបើកាលណាយើងមិនផ្ចង់អារម្មណ៍ឲ្យបានល្អនោះទេ រសជាតិក៏មិនអាចចូលទៅបំពេញរាងកាយយើងបានល្អនោះដែរ ទាំងនេះគឺមានបង្ហាញទាំងក្នុងក្បួនវិទ្យាសាស្ត្រ និងក្បួនធម៌។ បន្ទាប់ពីបរិភោគរួច ត្រូវធ្វើលំហាត់ប្រាណតិចៗដើម្បីឲ្យរំលាយអាហារ។
ទី៤. ធ្វើការងារឲ្យត្រូវតាមកាល៖ បច្ចុប្បន្នដោយសារបច្ចេកវិទ្យាជឿនលឿន ធ្វើឲ្យមនុស្សភាគច្រើនហាក់ញៀននឹងសម្ភារៈទំនើបទាំងនោះ រហូតមានអ្នកខ្លះញាំអាហារមិនទៀងពេល និងចូលគេងយប់ជ្រៅជាដើម ដូច្នេះត្រូវទម្លាប់ខ្លួន ពេលញាំត្រូវញាំ ពេលគេងត្រូវគេង ពេលធ្វើការដឹងធ្វើការ។
ទី៥. ជាមនុស្សដែលមានសិល៖ មានចរិតសិល ចេះគួរសម រម្យទម និងរួសរាយរាក់ទាក់ ដឹងអ្វីគួរធ្វើ និងអ្វីដែលមិនគួរធ្វើ។ ទី៦. ជាមនុស្សដែលមានធម៌៕
ដោយ៖ ជួប ស្រីរ័ត្ន