កម្រិតភាសាអង់គ្លេសថៃធ្លាក់ចុះ ឆ្នាំនេះប្រកាសរើសគ្រូជនជាតិ ១ម៉ឺននាក់ទៀត
ចំណាត់ថ្នាក់ភាសាអង់គ្លេសរបស់ប្រជាជនថៃមានការធ្លាក់ចុះកាលពីឆ្នាំមុន ពោលគឺនៅឈរលេខរៀងទី ៧៤ក្នុងចំណោម ១០០ប្រទេសដែលត្រូវបានចាត់ថ្នាក់ (English Proficiency Index)ធ្វើឱ្យរដ្ឋាភិបាលប្រទេសនេះសម្រេចដាក់ចេញនូវផែនការជ្រើសរើសគ្រូជនជាតិបរទេសប្រមាណ ១ម៉ឺននាក់ទៀតនៅឆ្នាំនេះ។ នេះបើយោងតាមការប្រកាសរបស់លោក Nataphol Teepsuwan រដ្ឋមន្ត្រីក្រសួងអប់រំថៃ ដកស្រង់ដោយសារព័ត៌មាន Bangkok Post។
- លោករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា លោកបានជួបជាមួយអគ្គរាជទូត និងអគ្គរដ្ឋទូតមកពីបណ្ដាប្រទេសដែលនិយាយភាសាអង់គ្លេសដោយស្នើសុំឱ្យជួយស្វែងរកគ្រូបង្រៀនភាសាអង់គ្លេស ឬមុខវិជ្ជាផ្សេងជាអង់គ្លេសដល់និស្សិត និងសិស្សថៃ
- លោកថា ថៃមានគ្រូជនជាតិបរទេស ៧ពាន់នាក់នៅតាមសាលាថៃ តែចំនួននេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ
- រដ្ឋាភិបាល បានចាប់ផ្ដើម និងដាក់ចេញនូវមូលនិធិផ្នែកថវិការួចរាល់អស់ហើយ
- ចំណាត់ថ្នាក់កម្រិតភាសាអង់គ្លេស (English Proficiency Index) ប្រជាជនថៃ នៅមានកម្រិតទាបនៅឡើយបើធៀបនឹងប្រទេសផ្សេង។ ឆ្នាំទៅមិញ ថៃឈរនៅចំណាត់ថ្នាក់ទី ៧៤ ក្នុងចំណោម ១០០ប្រទេស។