ក្រសួងប្រៃសណីយ៍នឹងបិតរាល់ការ Live លក់ផលិតផលដោយបង្ហាញកេរ្តិ៍ខ្មាស
ប្រសិនបើកមើលបណ្ដាញសង្គមហ្វេសប៊ុក អាជីវករមិនតិចនោះទេដែលតែងធ្វើការផ្សាយផ្ទាល់ (Live) លក់ផលិតផលរបស់ខ្លួនតាមប្រព័ន្ធអនឡាញ ត្បិតរបរនេះបានផ្ដល់ផលយ៉ាងកាក់កបដល់ពួកគាត់។ ដោយសារចំនួនអ្នកលក់កាន់តែកើនឡើងផង បានជំរុញឲ្យអ្នកលក់ដែលជាស្ត្រីប្រកួតប្រជែងគ្នា រហូតអ្នកខ្លះស្លៀកសម្លៀកបំពាក់លេចលើលេចក្រោមក្នុងគោលបំណងទាក់ទាញអ្នកចូលមើល ដោយមិនខ្វល់ពីវប្បធម៌ជាតិឡើយ។
ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី កាលពីព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា «ការ Live លក់ផលិតផលតាមអនឡាញ បញ្ចេញអស់កេរ្ត៍ខ្មាស់ស្ត្រី ក្រសួងប្រៃសណីយ៍ត្រូវបិទ ព្រោះវានាំទៅដល់ការចាប់រំលោភ បំពានផ្លូវភេទ លើស្ត្រី ក្នុងសង្គម បច្ចុប្បន្ន» នេះដោយយោងតាមការឲ្យដឹងពីគណនេយ្យហ្វេសប៊ុក អ្នក Neardy Koch អគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា៕
ដោយ៖ ជួប ស្រីរ័ត្ន