Hot News៖​ ស្ត្រី​​​​ជនជាតិអាមេរិក​​​​ ​​​​​ចេញ​ពី​កប៉ាល់​ចតនៅ​កម្ពុជា​​រក​ឃើញ​​ឆ្លង​វីរុស Covid-19​



សារព័ត៌មាន​ The Channel News Asia បាន​ចេញ​ផ្សាយ​ប៉ុន្មាន​នាទី​មុន​ថា​ ស្ត្រី​ជនជាតិ​អាមេរិក​​ដែល​ធ្វើ​ដំណើរជា​មួយ​នឹង​អ្នក​ដំណើរ​នៅ​លើ​កប៉ាល់​ Westerdam ​ដែល​បាន​ចុះ​ចត​នៅ​កម្ពុជាកាលពីថ្ងៃ​ព្រហស្បតិ៍​ ​​និង​បាន​ហោះហើរ​​​បន្ត​ដំណើរ​ចេញ​ពី​កម្ពុជា​ទៅ​ទីក្រុង​កូឡាឡំពូ​ជា​មួយ​​អ្នក​ដំណើរ​ប្រមាណ​ ១៤៥​នាក់​ទៀត​​ ត្រូវ​បាន​ពេទ្យ​ម៉ាឡេស៊ី​ពិនិត្យ​ និង​រក​ឃើញ​ថា​ មាន​ផ្ទុក​វីរុស​ Covid-19 នៅ​ប៉ុន្មាន​ម៉ោង​​​ នា​ថ្ងៃ​សៅរ៍ ទី១៥ កុម្ភៈនេះ។ 

ក្រសួង​សុខាភិបាល​នៃ​ប្រទេស​ម៉ាឡេស៊ី​ បាន​ប្រកាស​ថា​ អ្នក​ជំងឺ​ជា​ជនជាតិ​អាមេរិក​មាន​អាយុ​ ៨៣​ឆ្នាំ​ ស្ថិត​នៅ​ក្នុង​ចំណោម​​អ្នក​ដំណើរ​​ និង​បុគ្គលិក​កប៉ាល់​ទេសចរ​ជាង​ ២២០០​នាក់​ដែល​បាន​ចុះ​ចត​នៅ​កម្ពុជា​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ កន្លង​ទៅ។ 

តាម​សេចក្ដី​រាយការណ៍​ពី​ប្រភព​ព័ត៌មាន​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ក្នុង​ចំណោម​អ្នក​ដំណើរ​ប្រមាណ​ ១៤៥​នាក់​​ដែល​បាន​ហោះ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ គឺ​ស្ត្រី​វ័យ​​ ៨៣​ឆ្នាំ​ និង​ប្ដី​របស់​គាត់​​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ មាន​ផ្ទុក​នូវ​រោគសញ្ញា​គួរ​ឱ្យ​សង្ស័យ​មួយ​ចំនួន​​នៅ​ពេល​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​កូឡាឡាំពួរ​ ហើយ​ក្រោយ​មក​អាជ្ញាធរ​ក៏​បាន​​បញ្ជូន​ពួក​គាត់​ទៅ​កាន់​មន្ទីរពេទ្យ​ Sungai Buloh ដើម្បី​ធ្វើ​ការ​ពិនិត្យ​បន្ថែម។ ​ 

​​​​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត​នោះ​គឺ​ថា​ ស្ត្រី​ខាង​លើ​ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា​ វិជ្ជមាន​ ខណៈ​​ស្វាមី​របស់​គាត់​ដែល​មាន​អាយុ​ ៨៥​ឆ្នាំ​​អវិជ្ជមាន​ទៅ​វិញ។ ​​ទោះ​ជា​​យ៉ាង​ណា​ ទាំង​អ្នក​ជំងឺ​ និងស្វាមីរបស់​គាត់​ត្រូវ​បាន​ពិនិត្យ​ និង​តាម​ដាន​​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នៅ​មន្ទីរពេទ្យ​​នោះ​ទាំង​ពីរ​នាក់។ នេះ​បើ​តាម​​ការ​ថ្លែង​របស់​លោក​វេជ្ជ​បណ្ឌិត ​Noor Hisham អគ្គលេខាធិការ​នៃ​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី៕ 

X
5s