កម្ពុជាកាន់តែរីកមុខលើឆាកអន្តរជាតិក្រោយប្រធានាធិបតីអាមេរិកបង្ហោះសារអរគុណ
នាវាទេសចរណ៍ Westerdam របស់សហរដ្ឋអាមេរិកដែលត្រូវបានប្រទេសចំនួន៤និងកោះចំនួន២បដិសេធមិនឲ្យធ្វើការសំចត ព្រោះតែភ័យខ្លាចចំពោះជំងឺឆ្លងកូរ៉ូណាថ្មី (Covid-19) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យចតនៅកំពង់ផែក្រុងព្រះសីហនុ។ ដោយមើលឃើញពីទឹកចិត្តដ៏ប្រពៃរបស់ថ្នាក់ដឹកនាំកម្ពុជា លោក ដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហោះនូវសារអរគុណបានបង្ហោះនូវសារអរគុណដ៏មានខ្លឹមសារមួយឃ្លាអរគុណមកកាន់កម្ពុជា តាមរយៈបណ្តាញសង្គម Twitter របស់លោក។
ខ្លឹមសារដែលបង្ហោះនៅក្នុងបណ្ដាញសង្គម Twitter របស់លោក ដូណាល់ត្រាំ មានសេចក្ដីថា «សូមអរគុណប្រទេសកម្ពុជាដ៏ស្រស់ស្អាត សម្រាប់ការទទួលយក នាវាទេសចរណ៍ Westerdam ឱ្យចូលចតនៅប្រទេសរបស់ខ្លួន។ សហរដ្ឋអាមេរិក នឹងចងចាំអំពើល្អរបស់អ្នក» «Thanks to the beautiful country of Cambodia for accepting the @CarnivalCruise ship Westerdam into your port. The United States will remember your courtesy»។
កម្ពុជាបានអនុញ្ញាតឲ្យនាវាខ្នាតយក្សរបស់អាមេរិក Westerdam ដែលផ្ទុកមនុស្សប្រមាណជាង ២០០០នាក់ ឲ្យចូលចតកាលពីថ្ងៃទី១៣កុម្ភៈកន្លងទៅ។ បន្ទាប់ពីបានត្រួតពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ដោយក្រុមគ្រូពេទ្យជំនាញរបស់កម្ពុជា បានបង្ហាញថាអ្នកដំណើរទាំងអស់នៅលើនាវាពុំមានផ្ទុកវីរុសកូរ៉ូណាថ្មីនោះទេ នឹងបានរៀបចំបញ្ជូនអ្នកដំណើរមួយចំនួនត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញដោយសុវត្ថិភាព កាលពីថ្ងៃទី១៤ កុម្ភៈ។
គួរបញ្ជាក់ផងដែរថា នាវាទេសចរណ៍ Westerdam ដែលដឹកមនុស្សចំនួន ២២០០នាក់ បានចាកចេញពីទីក្រុងហុងកុងប្រទេសចិន កាលពីថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបាន អាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)៕
ដោយ៖ ជួប ស្រីរ័ត្ន