ហេតុអ្វីម្ចាស់អាជីវកម្មត្រូវគិតគូរពីការកៀរគរទុន(Raise Fund) ជាជាងប្រាក់ចំណេញ?
«ម្ចាស់អាជីវកម្មគួរតែចាប់ផ្ដើមគិតគូរទៅលើការធ្វើអាជីវកម្មបែបសម័យទំនើបឲ្យច្រើនជាងមុនបន្ថែមទៀត ពិសេសគឺត្រូវគិតគូរធ្វើយ៉ាងណាឲ្យតម្លៃរបស់ក្រុមហ៊ុន ឬអាជីវកម្មកើនឡើងជាលំដាប់ ជាជាងការគិតទៅលើតែប្រាក់ចំណេញតែមួយមុខ» នេះជាការលើកឡើងរបស់ ឯកឧត្ដម ហុង សុខហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា(ផ.ម.ក) នៅក្នុងកម្មវិធី The Executive Talks 2020 ក្រោមប្រធានបទ «ឱកាសកំណើនក្នុងវិស័យកសិ-ពាណិជ្ជកម្ម» កាលពីពេលកន្លងទៅ។
នាឱកាសនោះ ឯកឧត្ដមបានលើកទឹកចិត្តឲ្យម្ចាស់អាជីវកម្មទាំងអស់ កុំស្វែងរកត្រឹមតែប្រាក់ចំណេញ តែគួរស្វែងរកនូវឱកាសបង្កើននូវតម្លៃក្រុមហ៊ុន ឬអាជីវកម្មរបស់ខ្លួន តាមរយៈការងាកមកធ្វើអាជីវកម្មបែបសម័យថ្មី ដូចជាការកៀរគរទុនវិនិយោគ (Raise Fund) ជាដើម ព្រោះកាលណាដែលក្រុមហ៊ុនមួយ Raise Fund បានល្អ និងច្រើនដង នោះតម្លៃក្រុមហ៊ុននោះនឹងកើនឡើងជាលំដាប់ ដោយថ្ងៃក្រោយក្រុមហ៊ុនអាចនឹងមានតម្លៃកើនដល់រាប់ពាន់លានដុល្លារក៏មាន។
ឯកឧត្ដមបន្តថា កាលណាដែលក្រុមហ៊ុនមានតម្លៃកើនឡើងកាន់តែខ្ពស់ នៅពេលម្ចាស់អាជីវកម្មត្រូវការលុយដើម្បីប្រើប្រាស់ គឺមិនចាំបាច់ត្រូវសន្សំប្រាក់ចំណេញបន្តិចម្ដងៗទៀតនោះទេ គឺពួកគាត់អាចលក់ភាគហ៊ុនរបស់ក្រុមហ៊ុនតែម្ដង ឧទាហរណ៍ជាក់ស្ដែង មហាសេដ្ឋីពិភពលោក លោក Bill Gates នៅពេលដែលត្រូវការលុយគាត់បានលក់ភាគហ៊ុន ប្រមាណតែ០,០១% ហើយក៏ទទួលបានលុយរាប់រយលានដុល្លារមកវិញ ដើម្បីប្រើប្រាស់។
លោកអគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានបញ្ជាក់ផងដែរថា ចំពោះអាជីវកម្ម និងក្រុមហ៊ុនដែលទើបតែបង្កើតថ្មី(Start up)នៅលើទីផ្សារ គឺមិនទាន់អនុញ្ញាតឲ្យចុះបញ្ជីនៅលើទីផ្សារភាគហ៊ុននៅឡើយទេ ព្រោះក្រុមហ៊ុនបង្កើតថ្មីមានហានិភ័យខ្ពស់ណាស់ដោយក្នុងចំណោមក្រុមហ៊ុន១០គឺអាចមានរហូតដល់៥ក្រុមហ៊ុនដែលក្ស័យធនក្នុងរយៈពេល២ឆ្នាំ៕
ដោយ៖ ជួប ស្រីរ័ត្ន