នាវា​ទេសចរណ៍ ​Westerdam​ នឹង​សំចត​នៅ​កំពង់ផែ​ខេត្តព្រះសីហនុ​រហូតដល់​ថ្ងៃ​ទី​១៧ ខែកុម្ភៈ​



រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍​ Westerdam របស់​សហរដ្ឋអាមេរិក ដែល​មាន​ផ្ទុក​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ជាង​២២០០នាក់ ចូល​សំចត​នៅ​កំពង់​ផែ ខេត្តព្រះសីហនុ នា​ថ្ងៃ​ទី១៣ កុម្ភៈ ឆ្នាំ​២០២០​។ ការ​សំចត​របស់​នាវា​ទេសចរណ៍​មួយ​នេះ ត្រូវ​បាន​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់​ថា​កំពុង​ចត​នៅ​ចម្ងាយ​ប្រមាណ​ ២គីឡូម៉ែត្រ ពី​កំពង់ផែ​ ពោល​គឺ​កំពុង​រក្សា​ទុក​នៅ​តំបន់​សុវត្ថិភាព​មួយ​ដើម្បី​តាម​ដាន​ពី​ស្ថានភាព​​ និង​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា។

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ក្រុមការងារ​ Freshnews ឯកឧត្ដម គួច ចម្រើន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា មេ​បញ្ជា​ការ​នាវា​ទេសចរណ៍​ Westerdam បាន​ស្នើ​សំចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ រហូត​ដល់​ថ្ងៃ​ទី​១៧កុម្ភៈ ហើយ​ចំពោះ​អ្នក​ទេសចរណ៍​ទាំង​នោះ​និង​ត្រូវ​រៀបចំ​ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​របស់​ពួកគេ​វិញ។ ជា​មួយ​គ្នា​នេះ​ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​​បញ្ជាក់​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី​១៤កុម្ភៈ និង​មាន​ត្រៀម​ជើង​ហោះហើរ​ចំនួន​៤​ជើង ដើម្បី​ដឹក​ពួកគាត់​មួយ​ចំនួន​ពី​ព្រលាន​យន្តហោះ​កងកេង ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយ​សម្រាប់​អ្នក​ដែល​ពុំទាន់​មាន​សំបុត្រ​យន្ត​ហោះ​បន្ត​ជើង និង​មិន​អនុញ្ញាត​ឲ្យ​ចេញ​ពី​នាវា​ឡើយ។ 

តាម​ប្រសាសន៍​ របស់​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ បាន​ឲ្យ​ដឹង​ថា​នាវា​ទេសចរណ៍​នេះ បាន​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​ហុងកុង​តាំង​ពី​ថ្ងៃ​ទី ១កុម្ភៈ​មក​ម្លេះ ដែល​គិត​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈពេល​១៣ថ្ងៃ​ហើយ ទន្ទឹម​នឹង​ជំងឺ​ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា​ថ្មី​ប្រើ​រយៈពេល​១៤​ដើម្បី​លេច​ចេញ​នូវ​អាការៈ ដូច្នេះ​នៅ​ថ្ងៃ​ទី​១៤កុម្ភៈ​ស្អែក​នេះ មន្ត្រី​និង​ក្រុម​អ្នក​ជំនាញ​នឹង​រង​ចាំ​មើល​ពី​អាការៈ​បន្ត​របស់​អ្នក​ដំណើរ​នៅ​ក្នុង​នាវា  Westerdam ជា​បន្ត​ដោយ​សង្ឃឹម​ថា​និង​មិន​មាន​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​ទេសចរណ៍​ប្រមាណ​២០នាក់​នៅ​លើ​នាវា​ដែល​មាន​បញ្ហា​សុខភាព ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​កម្ពុជា​បញ្ជូន​សំណាក​ទៅ​កាន់​វិទ្យាស្ថាន​ប៉ាស្ទ័រ ដើម្បី​ធ្វើ​តេស្ត​រក​វីរ៉ុស​កូរ៉ូណា​ប្រភេទ​ថ្មី៕ 

ដោយ៖ ជួប ស្រីរ័ត្ន

 

 

 

 

២គីឡូ

X
5s