នាវា Westerdam ចតនៅកម្ពុជាច្រើនថ្ងៃ អ្នកដំណើរហោះមកភ្នំពេញដើម្បីបន្តទៅកាន់ប្រទេសខ្លួន
យោងតាមហ្វេសបុកផេកផ្លូវការរបស់ក្រុមហ៊ុន Holland America Line បានប្រកាសថាថ្ងៃទី១២ ខែកុម្ភៈ កាលពីម្សិលមិញថា អំពីភាពរីករាយប្រាប់ដល់ពិភពលោកនិងអរគុណកម្ពុជា ដោយអនុញ្ញាតឲ្យកប៉ាល់ដឹកអ្នកដំណើររដែលមានភ្ញៀវ ១ ៤៥៥នាក់ និងអ្នកធ្វើការលើនោះចំនួន ៨០២ នាក់ ចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ បន្ទាប់ពីប្រទេសចំនួន៥បានបដិសេធមិនឲ្យចូលចតក្នុងកំពង់ផែរបស់ខ្លួន ដោយសារហេតុផលការផ្ទុកវីរុសកូរ៉ូណា។
ដូចផែនការដែលបានគ្រោងទុកកប៉ាល់ Westerdam មកដល់កម្ពុជានៅម៉ោងប្រមាណជាង ៧៖០០ នាទីព្រឹកម៉ោងក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ នេះ ហើយកប៉ាល់ដឹកអ្នកដំណើរនឹងចូលសំចតនៅកំពង់ផែកម្ពុជារយៈពេលច្រើនថ្ងៃសិន។
តាមការប្រកាសនៅទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដដែលបានឱ្យដឹងទៀតថា ភ្ញៀវដែលនៅលើកប៉ាល់នោះនឹងស្នាក់នៅក្រុងព្រះសីហនុ ហើយនឹងបន្តធ្វើដំណើរតាមយន្តហោះមកអាកាសយានដ្ឋានភ្នំពេញដើម្បីបន្តជើងហោះហើរទៅកាន់ប្រទេសកំណើតរៀងៗខ្លួន។
ក្រុមហ៊ុនកប៉ាល់ទេសចរណ៍ Holland America Line នឹងរៀបចំការចំណាយជើងហោះហើរទាំងអស់ដល់ភ្ញៀវទាំងអស់ បន្ថែមពីលើការសងប្រាក់ពេញលេញនិងការផ្ដល់ជូននូវកញ្ចប់ឥណទានធ្វើដំណើរកម្សាន្តនាពេលអនាគត ១០០% ដែលក្រុមហ៊ុនបានចាត់ចែងនិងរៀបចំរួចរាល់ហើយ។
តាមការអះអាងពីក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះ ភ្ញៀវទាំងអស់នៅលើនាវាដឹកអ្នកដំណើរនោះគឺមានសុខភាពល្អហើយ បើទោះបីជាមានការសង្ស័យថាមានករណីផ្ទុកវីរុសកូរ៉ូណានោះក៏ដោយ។
អាជ្ញាធរកម្ពុជានឹងសម្របសម្រួលគ្រប់និតីវិធីទាំងអស់ ទាំងការត្រួតពិនិត្យសុខភាពនៅលើកប៉ាល់, មិនយកថ្លៃ Visa និងសេវាផ្សេងៗ ដែលទាំងនេះបង្ហាញទឹកចិត្ត ចំពោះផ្នែកកិច្ចការមនុស្សធម៌ និងគ្មានការរើសអើងពូជសាសន៍ប្រទេសដទៃ។
ជុំវិញបញ្ហានេះដែរ លោក W. Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបង្ហោះសារតាមបណ្តាញសង្គម Twitter និងបានថ្លែងអំណរគុណ និងការកោតសរសើរចំពោះទឹកចិត្តរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតជួយឱ្យកប៉ាល់ខ្នាតយក្ស Westerdam វិលវល់ចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ ។
លោកអគ្គរដ្ឋទូត បានបញ្ជាក់ថា ភ្ញៀវនៅលើកប៉ាល់នោះក៏មានពលរដ្ឋអាមេរិកជាច្រើននាក់ផងដែរ។ ហើយតាមសេចក្តីរាយការណ៍កប៉ាល់បានឲ្យដឹងថា មិនមាននរណាម្នាក់ផ្ទុកមេរោគកូរ៉ូណាថ្មីនោះទេ ដែលត្រូវបានត្រួតពិនិត្យ និងធ្វើតេស្តដោយគ្រូពេទ្យនៅលើកប៉ាល់នេះតែម្តង។ ក្នុងករណីមានការសង្ស័យណាមួយ អាជ្ញាធរនឹងបញ្ចូលមកកាន់វិទ្យាស្ថានប៉ាស្ទ័រដើម្បីធ្វើរោគវិនិច្ឆ័យបន្ត៕
អត្ថបទ: Anthony
ប្រភព: Facebook Page Holland America Line, Business Insider