អ្នកវិទ្យាសាស្រ្តប្រេស៊ីលបានរកឃើញវីរុសថ្មីមួយ ចម្លែកមិនដែលមានពីមុន
អ្នកវិទ្យាសាស្រ្តនៅប្រទេសប្រេស៊ីលបានរកឃើញវីរុសថ្មីមួយ និងបានកំពុងតែធ្វើការស្រាវជ្រាវបន្ថែមទៀតទាក់ទងទៅនឹងវីរុសដ៏អាថ៌កំបាំងមួយប្រភេទនេះដោយវាជាទម្រង់នៃវីរុសថ្មីមួយដែលមានក្រូម៉ូហ្សូមចម្លែកខុសប្លែកពីវីរុសផ្សេងៗដែលរកឃើញក្នុងពិភពលោក។ នេះបើយោងតាម គេហទំព័រ Now You Know Daily បានចុះផ្សាយ។
រូបភាព៖ www.sciencealert.com
ទម្រង់ថ្មីនៃវីរុសបច្ចុប្បន្នកំពុងធ្វើឲ្យអ្នកវិទ្យាសាស្ត្រឈឺក្បាលក្រញាញ់ខួរ បន្ទាប់ដោយសារការកើតឡើងនូវវីរុសមួយនេះមិនទាន់អាចកំណត់ហ្សែនបាននៅឡើយ។ វីរុស “អាថ៌កំបាំង” នេះយកចេញពីសត្វដែលមានកោសិកាតែមួយ (Amoeba) នៅក្នុងបឹងសិប្បនិម្មិត Lake Pampulha មួយក្នុងប្រទេសប្រេស៊ីល។
ក្រុមអ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះឲ្យវីរុសចម្លែកនេះថា យ៉ារ៉ាវីរុស (Yaravirus) បន្ទាប់ពីយ៉ារ៉ាដែលត្រូវបានគេស្គាល់ថា ឡារ៉ា (Yara) មានន័យថា “Mother of all waters” និងតំណាងឱ្យរូបរាងដូចរូបមច្ឆាស្រស់ស្អាតពីទេវកថារបស់ប្រេស៊ីល។
នៅពេលដែលក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការពិនិត្យ DNA ពេញលេញដែលបង្កើតជាសារពាង្គកាយវីរុសមួយនេះ ពេលនោះពួកគេបានរកឃើញជាង ៩០ ភាគរយនៃហ្សែនរបស់វីរុសចម្លែកនេះមិនដែលធ្លាប់មានពីមុនមកសោះ។ ហើយពួកគេបានសរសេរនៅក្នុងគេហទំព័រវិទ្យាសាស្រ្តជីវវិទ្យាថា «នៅទីនេះយើងរាយការណ៍ពីការរកឃើញនៃ Yaravirus ដែលជាត្រកូលថ្មីនៃវីរុសអាម៉ូបេ (Amoebal) ដែលមានប្រភពមិនច្បាស់លាស់»។
លោក Jônatas Abrahão អ្នកជំនាញខាងរោគសាស្រ្តនៅសកលវិទ្យាល័យសហព័ន្ធមីណាសហ្គេរីស (University of Minas) ក្នុងប្រទេសប្រេស៊ីលបាននិយាយថា “លទ្ធផលបានបង្ហាញថាតើយើងត្រូវធ្វើយ៉ាងណាចំពោះមេរោគនេះ”។ ហ្សែនខ្លះរបស់យ៉ារ៉ាវីរុសមើលទៅដូចជាវីរុសយក្ស (giant virus) ប៉ុន្តែវានៅតែមិនទាន់ច្បាស់ថាតើសែនទាំងពីរមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចទេ។ ឥឡូវនេះលោកនិងសហការីរបស់គាត់កំពុងធ្វើការស៊ើបអង្កេតលើលក្ខណៈផ្សេងៗទៀតនៃរបស់វីរុសចម្លែកនេះ។
អ្នកវិទ្យាសាស្ត្រម្នាក់ដែលមិនមានទំនាក់ទំនងជាមួយនឹងការសិក្សាបានលើកឡើងថា៖ ការរកឃើញនេះតំណាងឲ្យកំណប់ទ្រព្យសម្បតិ្តទាំងមូលនៃដំណើរការជីវគីមីដែលមើលមិនឃើញមកពីមុន» ៕
អត្ថបទ: Anthony
ប្រភព: Now You Know Daily