ពេលនឹកឃើញភាពជោគជ័យ សូមកុំមើលរំលងសកម្មភាពសាមញ្ញៗ ៦នេះ
នៅពេលអ្នកផ្តោតទៅលើភាពជោគជ័យខ្លាំងពេក វាប្រហែលជាធ្វើឲ្យអ្នកមើលរំលងសកម្មភាពមួយចំនួនដែលមានតម្លៃដល់ភាពជោគជ័យនេះ។ រាប់ចាប់ពីចំណុចទី ១ដល់ទី ៦ខាងក្រោមនេះ តើ សកម្មភាពទាំងអស់នេះមានស្ថិតនៅ ក្នុងបញ្ជីការងារអាទិភាពដែលធ្វើឲ្យអ្នកជោគជ័យដែរឬទេ? សូមអបអរសាទរប្រសិនបើវត្តមានចំណុចទាំងអស់នេះស្ថិតនៅក្នុងបញ្ជីការងាររបស់អ្នក ពីព្រោះថា អ្នកកំពុងជួយឲ្យខ្លួនឯងទទួលបានភាពជោគជ័យហើយ។ សូមកុំមើលរំលង ហើយអនុវត្តវាឲ្យបានជាប្រចាំ។
១.អានសៀវភៅ
ហេតុអ្វីបានជាអ្នកគួរអានសៀវភៅ? អានសៀវភៅ គឺជាវិធីងាយស្រួលបំផុតមួយក្នុងការទទួលយកបទពិសោធន៍ពីទស្សនៈមួយជ្រុងផ្សេងទៀត និងជារបៀបដែលធ្វើឲ្យចំណេះដឹងរបស់អ្នកកាន់តែទូលំទូលាយដែលអាចធ្វើឲ្យ ក្លាយជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពម្នាក់។ ក្រៅពីជំនាញរបស់អ្នក អ្នកត្រូវពង្រឹងចំណេះដឹងដទៃទៀតសម្រាប់យកមកអនុវត្តក្នុងជីវិតរបស់អ្នក។ ហេតុដូច្នេះហើយការអានគឺជាហេតុផលចាំបាច់មួយមួយដែលធ្វើឲ្យអ្នកទទួលបានចំណេះដឹង ហើហវាគួរតែជាកាតព្វកិច្ចមួយដែលអ្នកត្រូវធ្វើពេញមួយជីវិតរបស់អ្នក។
២.ដើរចេញពីតំបន់សុវត្ថិភាពរបស់អ្នក
ការអភិវឌ្ឍភាពក្លាហានក្នុងការធ្វើអ្វីមួយក្រៅពីតំបន់សុវត្ថិភាពរបស់អ្នក គឺជាវិធីល្អបំផុតមួយដែលធ្វើឲ្យអ្នកមានសមត្ថភាពកាន់តែប្រសើរឡើង បើមិនដូច្នោះទេជីវិតរបស់អ្នកដើរទៅមុខមិនបានឆ្ងាយឡើយ។ ប្រសិនបើអ្នកស្អប់ការនិយាយជាសាធារណៈ អ្នកត្រូវហ៊ាននិយាយជាសាធារណៈ និងខិតខំបណ្តុះបណ្តាលជំនាញមួយនេះ។ បើអ្នកខ្សោយខាងទំនាក់ទំនង សូមកុំពន្យារពេល ហើយចាប់ផ្តើមរៀនជំនាញនេះ និងហ្វឹកហាត់ជាប្រចាំ។ កុំនៅមួយកន្លែង ហ៊ានផ្លាស់ប្តូរ ហ៊ានធ្វើអ្វីៗដែលថ្មី ហើយត្រូវស្វែងរកឱកាសថ្មីឲ្យខ្លួនឯងទើបជីវិតមានន័យ។
៣.ហាត់ប្រាណ
ថ្វីត្បិតតែមនុស្សគ្រប់រូបយល់ថា សុខភាពមានតម្លៃជាងអ្វីៗទាំងអស់ក៏ពិតមែន ក៏ប៉ុន្តែមនុស្សភាគច្រើនបានមើលរំលងចំណុចនេះ។ ពួកគេទទួលស្គាល់ថា ហាត់ប្រាណដើម្បីសុខភាពជារឿងល្អ ប៉ុន្តែពួកគេអនុវត្តមិនបាន។ ទីបំផុតទៅពួកគេក្លាយជាអ្នករងគ្រោះពីជំងឺដែលប្រឈមមុខនឹងសេចក្តីស្លាប់ចូលមកដល់។ សូមពិចារណាឡើងវិញថា បើអ្នកចង់ឲ្យជីវិតជោគជ័យ អ្នកក៏ត្រូវមានសុខភាពល្អដែរ។ ជោគជ័យមិនអាចកើតមានឡើយដរាបណាសុខភាពរបស់អ្នកដុនដាប។ គួរឆ្លៀតពេលពី ២០ ទៅ៣០នាទីក្នុងមួយថ្ងៃហាត់ប្រាណដើម្បីសុខភាព មុននឹងចាប់ផ្តើមផ្តល់អាទិភាពលើគោលដៅការងារផ្សេងទៀត។
៤.ចេះចែករំលែក
គ្មានឡើយដានជើងមនុស្សជោគជ័យដោយអវត្តមានការចែករំលែក។ អ្នកអាចក្រឡេកមើលទៅបុគ្គលជោគជ័យទាំងឡាយ មុននឹងពួកគេជោគជ័យដូចថ្ងៃនេះ មិនដឹងជាត្រូវលះបង់កម្លាំងកាយចិត្ត ចែករំលែកចំណេះដឹង និងធនធានច្រើនប៉ុណ្ណាទេ។ ពួកគេម្នាក់ៗជាមនុស្សមានឆន្ទះខ្ពស់ ចិត្តទូលាយ មិនចង្អៀតចង្អល់ និងចូលចិត្តចែករំលែកទៅកាន់អ្នកដទៃ។ ប្រសិនបើអ្នកមានគោលដៅចង់ក្លាយជាមនុស្សជោគជ័យដូចពួកគេ សូមកុំរង់ចាំរហូតដល់អ្នកមានអ្វីៗគ្រប់យ៉ាង។ ការចំណាយពេលយកចិត្តទុកដាក់របស់អ្នកក្នុងការចូលរួមកសាងសមត្ថភាព ចែករំលែកចំណេះដឹង និងធ្វើសកម្មភាពល្អៗផ្សេងទៀតដើម្បីឲ្យមនុស្សជុំវិញខ្លួនខ្លួនជោគជ័យ គឺមានន័យថា អ្នកកំពុងធ្វើឲ្យខ្លួនឯងកាន់តែជោគជ័យ។
៥.ចំណាយពេលចងចាំលើការប្រកួតប្រជែងរបស់អ្នក
ក្នុងជីវិតរបស់អ្នកប្រហែលជាជួបរឿងរ៉ាវបរាជ័យរាប់មិនអស់។ អ្នកអាចជួបភាពឈឺចាប់ជាច្រើនពីការមើលងាយ ការស្ទីបន្ទោស ការខកចិត្ត សោកស្តាយ តូចចិត្ត ឬការយកប្រៀបរបស់អ្នកដទៃមកលើអ្នក។ ទាំងអស់នេះ គឺជាមេរៀនដ៏ល្វីងជួរចត់ក្នុងជីវិតរបស់អ្នក។ យ៉ាងណាក៏ដោយ អ្នកអាចយកឈ្នះ ឬបរាជ័យគឺអាស្រ័យលើសមត្ថភាពរបស់អ្នក។ ក៏ប៉ុន្តែត្រូវចាំថា ជាគោលការណ៍បើអ្នកចង់ជោគជ័យ អ្នកត្រូវតែក្រោកតស៊ួរើរបម្រាស់ចេញពីវា។ អ្នកត្រូវត្រៀមខ្លួនប្រកួតប្រជែងជានិច្ចដើម្បីដណ្តើមជ័យជំនៈឲ្យខ្លួនឯង។ សុខចិត្តឲ្យអ្នកដទៃមើលមកអ្នកខុស ប៉ុន្តែសូមកុំមើលខុសខ្លួនឯង។ ចង់យកឈ្នះអ្នកដទៃ ត្រូវយកឈ្នះលើខ្លួនឯង។
៦.ចេញដើរទៅខាងក្រៅ ហើយរៀនគិត
អ្នកប្រហែលជាចំណាយពេលច្រើននៅអង្គុយសង្ខំស្ងៀមពីមុខអេក្រង់ទូរស័ព្ទ ទូរទស្សន៍ ឬធ្វើសកម្មភាពផ្សេងៗទៀតដែលចំណាយពេលឥតប្រយោជន៍។ សូមទម្លាក់ចោលទម្លាប់ទាំងនេះ ហើយចេញដើរទៅខាងក្រៅឲ្យបានច្រើន។ ការចេញដើរទៅខាងក្រៅដូចជា ជិះកង់ ដើរកម្សាន្ត ដើរហាត់ប្រាណ ចេញទៅជួបមនុស្សថ្មីៗ ជាដើម មើលទៅដូចជាមិនសូវទាក់ទងទៅនឹងអាជីពការងាររបស់អ្នកប៉ុន្មាននោះទេ។ ប៉ុន្តែវាសុទ្ធតែជួយបំផុសឲ្យមានគំនិតថ្មី និងមានភាពច្នៃប្រឌិតកាន់តែច្រើនឡើង៕
ប្រភព៖ cnbc