អនុវត្តគន្លឹះទាំង ៥ នេះដើម្បីឲ្យអ្នកមានភាពរឹងមាំនៃលំហូរសាច់ប្រាក់ (Cash Flow)
មិនមែនទាល់តែអាជីវកម្មទើបចាំបាច់ត្រូវគិតគូរពីរឿងលំហូរសាច់ប្រាក់ឬហិរញ្ញវត្ថុនោះទេ។ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃក៏សំខាន់ណាស់ដែរ បើអ្នកមិនអាចគ្រប់គ្រងហិរញ្ញវត្ថុពិសេសគ្រប់គ្រងលើលំហូរសាច់ប្រាក់ទេ អ្នកមិនត្រឹមតែមិនអាចសល់លុយជាប់ខ្លួនទេ ថែមទាំងអាចប្រឈមនឹងបំណុលវ័ណ្ឌក៏ថាបាន។ នេះនិយាយត្រឹមរឿងបុគ្គលម្នាក់ផង ចុះទម្រាំអាជីវកម្មទាំងមូលដែលត្រូវការដើមទុន ត្រូវការគំនិត ត្រូវការកំលាំង ត្រូវការអ្វីៗជាច្រើន ច្បាស់ជាត្រូវការចាំបាច់គិតគូរពីការហូរចេញហូរចូលនៃសាច់ប្រាក់ឲ្យកាន់តែល្អិតល្អន់ថែមទៀត។
ខាងក្រោមនេះជាគន្លឹះជួយអ្នករក្សាលំហូរសាច់ប្រាក់ឲ្យបានរឹងម៉ាំ៖
១) បង្កើតគម្រោងថវិកា
ពាក្យថាគម្រោងថវិកា (Budget Plan) សម្រាប់មនុស្សម្នាក់ៗសំខាន់ណាស់ តែគ្រប់គ្នាចេះតែព្រងើតកន្តើយមិនទម្លាប់ធ្វើវាសោះ ស្រាប់តែចុងខែម្តងៗតាំងធ្ងរដាច់លុយ ហើយថាចាយសល់ថ្ងៃ។ បុគ្គលម្នាក់ៗគួរទម្លាប់ធ្វើគម្រោងថវិកាដើម្បីចំណាយប្រចាំខែ ព្រោះវាជាទម្លាប់មួយល្អបំផុតថាតើក្នុងមួយខែយើងត្រូវចំណាយលើការហូបចុកប៉ុន្មាន ថ្លៃជួលផ្ទះប៉ុន្មាន។ និយាយទៅបើចំណាយថេរដូចជាថ្លៃជួលផ្ទះ ការសិក្សា ឬបង់ថ្លៃធានារ៉ាប់រងអីអស់នោះមិនពិបាកគិតទេ តែអ្វីដែលតែងធ្វើឲ្យចំណូលរបស់អ្នកមិនបានសល់ក្នុងកាបូបនោះគឺការចំណាយអថេរដូចជា ការញ៉ាំអាហារ ការដើរលេង មើលកុន ឬចំណាយឥតប្រយោជន៍មួយចំនួនទៀតដែលអ្នកបានគ្រប់គ្រងត្រឹមត្រូវ ទោះបីអ្នកមានចំណូលច្រើនយ៉ាងណាក៏ទប់មិនឈ្នះនឹងចំណាយទាំងនោះដែរ។ ត្រូវកំណត់ពីសកម្មភាពដែលត្រូវចំណាយ សកម្មភាពណាខ្លះដែលពិតជាចាំបាច់ក្នុងការចាយវាយ និងសកម្មភាពណាខ្លះដែលអាចកាត់បន្ថយបានដើម្បីយកចំណាយទាំងនោះមកសន្សំ។
ម្ចាស់អាជីវកម្មកនីមួយៗ គួរតែអង្គុយចុះគិតគូរហ្មត់ចត់ ធ្វើការប៉ាន់ស្មានពីលំហូរចេញ និងលំហូរចូលនៃសាច់ប្រាក់។ កត្តាដែលគួរយកមកពិចារណារួមមាន វដ្តនៃការលក់ រយៈពេល និងលក្ខខ័ណ្ឌនៃការបញ្ចុះតម្លៃដែលអ្នកនឹងផ្តល់ជូនអតិថិជន អត្រាបទល្មើសដែលអាចកើតមាន (បង្កើតបានជាខ្ទង់ចំណាយ) និងកត្តាដទៃទៀតដែលជះឥទ្ធិពលដល់ពេលវេលានៃសាច់ប្រាក់ចូល។ វាទាក់ទងនឹងពេលវេលានៃការទិញសម្ភារៈបរិក្ខារ វត្ថុធាតុដើម និងការផ្គត់ផ្គង់ ជាងនេះទៀតវាបូកផ្សំនឹងការចំណាយលើប្រាក់ខែបុគ្គលិក ពន្ធ និងចំណាយដទៃទៀតប្រចាំថ្ងៃ។
២) តាមដានលទ្ធផល
ការត្រួតពិនិត្យលើថវិកា មិនមែនជារឿងលំៗហើយធ្វើតាមបានឲ្យរួចតែពីដៃទេ។ វាជាសកម្មភាព ដែលត្រូវធ្វើឡើងជាប្រចាំ យ៉ាងហោចណាស់ក៏មួយខែម្តងដែរ។ លំហូរនៃសាច់ប្រាក់គួតែធ្វើការប្រៀបធៀបជាមួយគម្រោងថវិកា ថាតើវាបានទៅតាមអ្វីដែលរំពឹងទុកទេ ឬបានប៉ុន្មានភាគរយនៃគម្រោងដែលបានរៀបចំ? បើលំហូរចូលនៃសាច់ប្រាក់ទាបជាងការរំពឹងទុកខ្លាំង រកមើលឲ្យឃើញពីហេតុផលនៃការធ្លាក់ចុះនេះ បើលំហូរចេញកើនឡើងលើសការរំពឹងទុក គួរស្វែងយល់ពីការចំណាយក្នុងប្រតិបត្តិការអាជីវកម្មងាតើវាសុទ្ធតែជាចំណាយដែលសំខាន់ឬយ៉ាងណា។
៣) មានផែនការទី២ ឬជាផែនការបន្ទាប់
ទទួលស្គាល់ថា ការដាក់ចេញនូវផែនការមួយដើម្បីដើរតាម វាមិនអាចទទួលបានលទ្ធផល ១០០ភាគរយទេ ផែនការមួយដែលអាចសម្រេចបានលទ្ធផលពី ៧០ ទៅ ៨៥ភាគរយគឺ ចាត់ទុកថាជោគជ័យណាស់ទៅហើយ។ ដោយឡែកក៏នៅមានផែនការ ឬគម្រោងមួយចំនួននៅពេលដាក់ចេញវាហាក់ដូចជាល្អ ការព្យាករណ៍ដូចជាគ្មានអ្វីដែលជាបញ្ហាចោទធ្ងន់ធ្ងរទេ ស្រាប់តែពេលអនុវត្ត គម្រោងមួយនោះមិនធ្វើបានសូម្បី ៥០ភាគរយ។ ដូច្នេះយើងត្រូវមានត្រៀមនូវផែនការបន្ទាប់ដើម្បីទប់ទល់នឹងឧបសគ្គ ក៏ដើម្បីបានទៅដល់ចំនុចជោគជ័យដែលចង់បាន។
៤) ធ្វើការទូទាត់ឆាប់រហ័ស ទាន់ពេល
ទម្លាប់មួយដែលគួរឲ្យប្រុងប្រយ័ត្នដែរសម្រាប់អ្នកគ្រប់គ្នាចំពោះការទូទាត់ចំណាយ។ បុគ្គលមួយចំនួនចូលចិត្តបង្គរការចំណាយរបស់ខ្លួន ហើយចាំសង ឬបង់សរុបនៅពេលដែលមានប្រាក់ក្នុងដៃ។ នេះសំដៅដល់ការខ្ចី ឬការទិញជំពាក់ណាមួយដែលចាំគិតសងសរុបក្នុងគ្រាមួយ ទម្លាប់មួយនេះវាមិនខុសឆ្គងអ្វីទេ តែអ្នកអនុវត្តទៅវិញទេដែលបានធ្វើខុសព្រោះពេលមានលុយនៅក្នុងដៃមិនព្រមចំណាយលើបំណុលសុខចិត្តចាយបន្ត បន្ថែមបំណុលទៀត។
និយាយពីអាជីវកម្ម ធាតុសំខាន់នៃការគ្រប់គ្រងលំហូរសាច់ប្រាក់ គឺការត្រួតពិនិត្យពេលវេលានៃលុយចូលនិងចេញ។ វាក៏ផ្អែកតាមផ្នែកនៃអាជីវកម្មរបស់អ្នកដែរ ដែលតម្រូវឲ្យមានការទិញជំពាក់រយៈពេលប៉ុន្មានថ្ងៃ។ ឧទាហរណ៍ អ្នកត្រូវបានគេអនុញ្ញាតឲ្យមានការជំពាក់លើការទិញទំនិញរយៈពេល ៣០ថ្ងៃ ហើយបើហួសអំឡុងពេលនេះរាល់ការទូទាត់នឹងត្រូវគិតការប្រាក់តាមការចុះកិច្ចសន្យាព្រមព្រៀងរវាងអ្នក នឹងអ្នកផ្គត់ផ្គត់។ ទាំងអស់នេះជាកាតព្វកិច្ចដែលអ្នកជាម្ចាស់អាជីវកម្មត្រូវគិតគូរ ហើយសន្និធិគឺជាបញ្ហាសំខាន់សម្រាប់អាជីវកម្ម។
៥) កំណត់គោលការណ៍លើពេលវេលាទូទាត់
យុទ្ធសាស្រ្តគ្រប់គ្រងលំហូរសាច់ប្រាក់ តែងឱ្យមានការប្រមូលវិក័យប័ត្រឆាប់រហ័សនិងការទូទាត់ទាន់ពេលវេលា មានន័យថាអាជីវកម្មមិនគួរបណ្តោយឲ្យហួសថ្ងៃទូទាត់វិក័យប័ត្រ ឬធ្វើការទូទាត់មុនប្រតិបត្តិការទេ។ ការទូទាត់ល្អបំផុតគឺក្នុងអំឡុងពេលនៃការទូទាត់ ដែលវាអាចធានាបាននូចចរន្តលំហូរនេះបានល្អ៕
ដោយ៖ យ៉ាយ៉ា