មហាសេដ្ឋី Elon Musk ថា ចង់មកធ្វើការក្នុងក្រុមហ៊ុន SpaceX អត់ត្រូវការសញ្ញាប័ត្រទេ
ប្រសិនបើអ្នកមានក្តីស្រមៃចង់ធ្វើការក្រុមហ៊ុនអវកាស SpaceX ដែលមានមហាសេដ្ឋីលោក Elon Musk ជាស្ថាបនិក អ្នកមិនចាំបាច់ត្រូវមានសញ្ញាប័ត្រអ្វីនោះទេ។ បើយោងតាមការអះអាងរបស់លោកដែលបានសរសេរនៅលើបណ្តាញ Twitter របស់លោក អ្វីដែលអ្នកចាំបាច់ត្រូវមានដើម្បីចូលធ្វើការនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះគឺ ត្រូវមានក្រមសីលធម៌ការងារខ្ពង់ មានទេពកោសល្យក្នុងការបង្កើតអ្វីមួយ ពូកែគិត និងមានទំនុកចិត្តខ្ពស់។
មហាសេដ្ឋីមានប្រាក់ជាង ៤៣ ពាន់លានដុល្លាររូបនេះបានសរសេរនៅលើបណ្តាញ Twitter របស់លោកដូច្នេះថា៖« មានក្រមសីលធម៌ការងារខ្ពង់ មានទេពកោសល្យក្នុងការបង្កើតអ្វីមួយ ពូកែគិត និងមានទំនុកចិត្ត គឺជារឿងចាំបាច់ដែលក្រុមហ៊ុន SpaceX ត្រូវការ។ ជំនាញក្រៅពីនេះ យើងអាចបង្រៀនបាន»។
លោក Musk បានថ្លែងបែបនេះនៅក្រោយពេលដែលលោកបានជ្រើសរើសក្រុមការងារបច្ចេកវិទ្យាសិប្បនិម្មិតឆ្លាតវៃ (AI) មួយក្រុមសម្រាប់បម្រើការងារឲ្យក្រុមហ៊ុន Tesla កាលពីថ្ងៃអាទិត្យកន្លងទៅ។ ក្រុមហ៊ុន Tesla ត្រូវការក្រុមការងារមួយនេះដើម្បីទទួលខុសត្រូវស្រាវជ្រាវលើបច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិ (Self-driving car)។
ទោះបីជាការងារមួយនេះតម្រូវឲ្យមានអ្នកឯកទេសខ្ពស់ក៏ដោយ ក៏លោក Musk មិនទាមទារអ្នកមានសញ្ញាប័ត្រខ្ពស់មកធ្វើការជាមួយលោកដែរ។
«ជាការពិតហើយ យើងមិនចាំបាច់ត្រូវការអ្នកមានសញ្ញាប័ត្របណ្ឌិតឡើយ។ ខ្ញុំក៏អត់ខ្វល់ដែរថាអ្នកបានរៀនចប់វិទ្យាល័យឬអត់»។ មហាសេដ្ឋី Elon Musk បញ្ជាក់សម្រាប់អ្នកដែលចង់ដាក់ពាក្យមកធ្វើការឲ្យក្រុមហ៊ុន SpaceX៕
ប្រភព៖ CNBC