សម្ដី​​ចំនួន​​ ១០​ឃ្លា​ របស់កវី​និពន្ធ​រឿង​កំប្លែង​បែប​សើច​ចំអករបស់អង់គ្លេស លោក Terence Pratchett​



នៅ​ថ្ងៃ​ទី​១២ មីនា ឆ្នាំ​២០១៥ លោក Terence Pratchett បាន​ទទួល​អនិច្ចកម្ម ដោយសារ​ប្រភេទ​ជំងឺ Alzheimer​ដ៏​កម្រ​មួយ។ លោកគឺជា​កវី​និពន្ធ​រឿង​កំប្លែង​បែប​សើច​ចំអក​និង​រឿង​ប្រលោមលោក​បែប​ស្រមើស្រមៃ​ដ៏​មាន​ទេពកោសល្យ​មួយ​រូប​របស់​អង់គ្លេស។ ស្នាដៃ​ដ៏​ល្បីល្បាញ​ជាងគេ​របស់​គាត់​គឺជា​សៀវភៅ​រឿង​ភាគ​ស្រមើស្រមៃ​បែប​កំប្លែង​ដែល​មាន​ចំណងជើង​ថា Discworld ដែល​មាន​សរុប​ទាំងអស់​ចំនួន​ ៤១​ក្បាល។ សៀវភៅ​ជាង​៨៥​លាន​ក្បាល​ត្រូវ​បាន​លក់​ដាច់​ទូទាំង​ពិភពលោក​នៅ​ក្នុង​៣៧​ភាសា ហើយ​នេះ​ក៏​បាន​ធ្វើឲ្យ​លោក​ក្លាយ​ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​លក់​ដាច់​ជាងគេ​នៅ​ក្នុង​ចក្រភពអង់គ្លេស​នៅ​ក្នុង​អំឡុង​ទសវត្ស​រ៍ឆ្នាំ​១៩៩០។

ក្នុង​ខែ​ធ្នូ ឆ្នាំ​២០០៧ លោក​បាន​ប្រកាស​ជា​សាធារណ​ថា​លោក​មាន​ជំងឺ Early-onset Alzheimer ដែល​សំដៅ​ទៅលើ​ជំងឺ​នៃ​ការ​បាត់បង់​ជា​បន្តបន្ទាប់​នូវ​ដំណើរការ​ឬ​រចនាសម្ព័ន្ធ​ណឺរ៉ូន​របស់​ខួរក្បាល ហើយ​ករណី​របស់​គាត់​ក៏​ជា​ទម្រង់​ដ៏​កម្រ​មួយ​ដែល​មាន​ប្រហែល​ពី​៥%​ទៅ​១០%​ប៉ុណ្ណោះ​ក្នុង​ចំណោម​ករណី​ទាំងអស់​នៃ​ជំងឺ​នេះ ព្រោះ​ជា​ធម្មតា​វា​ច្រើន​កើត​ទៅលើ​អ្នក​ជំងឺ​ចាប់​ពី​អាយុ​៦៥ឆ្នាំ​ទៅ។ ក្រោយ​ពី​ហេតុការណ៍​នេះ គាត់​ក៏​បាន​បរិច្ចាគ​ប្រាក់​ឲ្យ​ទៅ​អង្គការ​ស្រាវជ្រាវ​ជំងឺAlzheimer​របស់​អង់គ្លេស ឬ​ហៅថា Alzheimer's Research UK។

ខាងក្រោម​នេះ​គឺជា​សម្ដី​ដ៏​មាន​តម្លៃ​របស់​គាត់​ចំនួន​១០​ឃ្លា ដែល​អ្នក​គួរ​អាន​និង​ពិចារណា៖

) «ត្រឡប់​មក​កាន់​ទី​កន្លែង​ដែល​អ្នក​បាន​ចាប់ផ្ដើម​វិញ​មិន​ដូចគ្នា​ទៅ​នឹង​ការដែល​ចាកចេញ​សោះ​នោះ​ឡើយ។»

) «បង្កាត់​ភ្លើង​ឲ្យ​មនុស្ស​ម្នាក់ គាត់​នឹង​បាន​កក់ក្ដៅ​បាន​១ថ្ងៃ។ ដុត​មនុស្ស​ម្នាក់​នៅ​លើ​ភ្លើង គាត់​នឹង​កក់ក្ដៅ​ពេញ​មួយ​ជីវិត​របស់​គាត់។»

) «នៅ​ក្នុង​គ្រប់​មនុស្ស​ដែល​ប្រក្រតី មាន​នូវ​មនុស្ស​ឆ្កួត​ម្នាក់​ដែល​ព្យាយាម​ចេញ​មក។»

) «ពន្លឺ​តែងតែ​គិត​ថា​វា​ធ្វើ​ដំណើរ​លឿន​ជាង​អ្វីៗ​ទាំងអស់ ប៉ុន្តែ​វា​ខុស​ហើយ។ មិន​ថា​ពន្លឺ​ធ្វើ​ដំណើរ​លឿន​ប៉ុណ្ណា វា​រក​ឃើញ​ថា​ភាព​ងងឹត​តែង​ទៅ​ដល់​មុន​វា​ជានិច្ចដែលកំពុងតែ​រង់ចាំ​វា។»

) «ត្រូវ​ចងចាំ​ថា​ក្រុម​មនុស្ស​អ៊ូអរ​ដែល​ទះដៃ​អបអរ​សាទរ​ការ​ឡើង​គ្រងរាជ្យ​របស់​អ្នក គឺជា​ក្រុម​មនុស្ស​អ៊ូអរ​ដដែល​ដែល​ទះដៃ​អបអរ​សាទរ​នៅ​ពេល​អ្នក​ត្រូវ​បាន​កាត់​ក្បាល។ មនុស្ស​ចូលចិត្ត​ឆាក​សម្ដែង។»

) «សេចក្ដី​ស្អប់​គ្រាន់តែ​ជា​សេចក្ដី​ស្រឡាញ់​ជាមួយ​នឹង​ខ្នង​ដែល​បាន​បែរ​ប៉ុណ្ណោះ។»

) «បើ​អ្វី​ដែល​មិន​ប្រក្រតី​នៅ​បន្ត​យូរ​ វា​នឹង​ក្លាយ​ជា​អ្វី​ដែល​ប្រក្រតី។»

) «មាន​ពេល​ខ្លះ​រឿង​តែមួយគត់​ដែល​អ្នក​អាច​ធ្វើ​សម្រាប់​មនុស្ស​បាន​គឺជា​ការ​នៅ​ទីនោះ។»

) «មនុស្ស​ណា​ដែល​មិន​ត្រូវការ​មនុស្ស ត្រូវការ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ដើម្បី​ដឹង​ថា​ពួកគេ​គឺជា​ប្រភេទ​មនុស្ស​ដែល​មិន​ត្រូវការ​មនុស្ស។»

១០) «អំពើ​អាក្រក់​បាន​ចាប់ផ្ដើម​នៅ​ពេល​អ្នក​ចាប់ផ្ដើម​ចាត់​ទុក​មនុស្ស​ជា​វត្ថុ។»

ដោយ៖ ស្រីពៅ

X
5s