អស្ចារ្យមែន! មន្ទីរពេទ្យជុឡាឡុងកន អាចព្យាបាលវីរុសកូរ៉ូណាជាសះស្បើយដំបូងគេបង្អស់​



ក្រសួងសុខាភិបាលថៃបានប្រកាសថា រកឃើញករណីវីរុសកូរ៉ូណា ៦នាក់បន្ថែមទៀត នៅថ្ងៃអង្គារទី២៨ ខែមករា ឆ្នាំ២០២០ នេះលើជនជាតិចិន។ វេជ្ជបណ្ឌិត Sukhum Kanchonpimai បានថ្លែងឲ្យដឹងថា៖ “នៅថ្ងៃនេះការរកឃើញករណីវីរុសកូរ៉ូណាចំនួន ៦ បន្ថែមទៀតដែលត្រូវបានរកឃើញដែលជាជនជាតិចិនចូលមកប្រទេសថៃពីខេត្តហ៊ូប៉ី ក្នុងនោះ ៥នាក់ជាគ្រួសារតែមួយ ហើយទាំង ៦នាក់នោះមានអាការៈស្រាលនៅឡើយ។ 

ករណីឆ្លងវីរុសកូរ៉ូណាក្នុងប្រទេសថៃមានចំនួនសរុប ១៤ ករណី (បូកទាំង ៦ ករណីដែលទើបតែរកឃើញថ្ងៃនេះ) ក្នុងនោះមាន ៥ ករណីបានជាសះស្បើយអាចត្រលប់ទៅគេហដ្ឋានវិញបានហើយ។ 

ការព្យាបាលអ្នកជំងឺរលាកសួតថ្មីបង្កដោយវីរុសកូរ៉ូណាថ្មីនៅប្រទេសថៃមានរហ័ស និងទាន់ពេលព្រោះអ្នកវិភាគរោគ និងវេជ្ជបណ្ឌិតថៃបានរកឃើញទាន់ពេលវេលា ហើយក៏ជាប្រទេសដំបូងដែលបានកំណត់រោគសញ្ញានៃវីរុសមួយនេះបន្ទាប់ពីចិន។ លោកស្រីវេជ្ជបណ្ឌិត  Sophaporn ជាវេជ្ជបណ្ឌិតជនជាតិថៃដំបូងដែលបានរកឃើញវីរុសកូរ៉ូណា នៅថ្ងៃទី៨-៩ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីប្រទេសចិន ហើយថៃក៏ជាប្រទេសដែលអាចព្យាព្យាបាលវីរុសនេះដំបូងគេដែរ នៅលើពិភពលោក ដោយមន្ទីរពេទ្យជុឡាឡុងកន។ 

លោកស្រីវេជ្ជបណ្ឌិតក៏បានមានប្រសាសន៍ដែរថា កាលពីថ្ងៃទី០៨ ខែមករា យើងបានរកឃើញនិងដាក់ការសង្ស័យលើអ្នកដំណើរដែលបានមកពីទីក្រុងវូហាន ប្រទេសចិនដោយការកំណត់ជំហានដំបូងគឺជាអាការៈផ្តាសាយព្រោះអ្នកជំងឺមានសភាពហត់ ពិបាកដកដង្ហើម តែបន្ទាប់ពីធ្វើរោគវិនិច្ឆ័យបង្ហាញលទ្ធផលវិជ្ជមាន ហើយក្នុងពេលនោះក៏មិនទាន់អាចមានការសន្និដ្ឋានបាន ពីឈ្មោះនិងប្រភពចម្លងអ្វីឡើយ ពេលនោះប្រទេសចិនក៏មិនទាន់បានបង្ហាញឈ្មោះ និងទិន្នន័យអ្វីទាក់ទងនឹងវីរុសកូរ៉ូណាមួយនេះដែរ។ តែជាក់ស្តែង អ្វីដែលអ្នកវិភាគរោគ និងវេជ្ជបណ្ឌិតជនជាតិថៃបានរកឃើញដំបូងនៅថ្ងៃទី ៩ខែមករា ឆ្នាំ២០២០ គឺជាវីរុសមួយដែលក្លាយ និងមានស្រលាយពី SARS (Bat SARS Coronavirus) ដែលវីរុសមួយនេះមានជាប់ទាក់ទងនឹងសត្វប្រចៀវ ៩០% នេះជាការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត Sophaporn។

នៅថ្ងៃទី ១១ អ្នកវិទ្យាសាស្រ្តចិនបានឲ្យព័ត៌មានមកប្រៀបធៀប ថាតើការរកឃើញរបស់ថៃ និងចិនដូចគ្នាកម្រិតណា ហើយវាពិតជាមានទំនាក់ទំនងជាមួយប្រចៀវមែនឬទេ ជាលទ្ធផលរវាងប្រទេសថៃ និងចិនគឺដូចគ្នា ១០០%។ ឆ្លើយតបនឹងសំណួរដែលសួរថា វីរុសនេះនៅលើសត្វប្រចៀវតើវាឆ្លងមកមនុស្សដោយរបៀបណា? លោកស្រីវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា បញ្ហានេះនៅមិនទាន់អាចធ្វើការអធិប្បាយបាននៅឡើយទេ។ 

ជាថ្មីម្តងទៀត អ្វីដែលជាលទ្ធផលពេលនេះវេជ្ជបណ្ឌិតថៃអាចធ្វើការព្យាបាលអ្នកជំងឺរលាកសួតថ្មីនេះជាសះស្បើយ និងអាចត្រលប់ទៅផ្ទះបានវិញចំនួន ៥ នាក់ហើយ៕

ដោយ៖ យ៉ាយ៉ា

 

X
5s