ប្រជាជនWuhanជាង៣០០០នាក់ពិតជាបានមកកម្ពុជា ប៉ុន្តែតាំងពីមុនថ្ងៃ២២ធ្នូម្លេះ
យោងតាមទិន្នន័យពីអាកាសចរណ៍ស៊ីវិលចិន បានបញ្ជាក់ឲ្យដឹងថា មុនពេលរដ្ឋាភិបាលចិនប្រកាសបិទការធ្វើដំណើរចេញពីទីក្រុង ប្រជាជនទីក្រុង Wuhan ដែលបានធ្វើដំណើរចេញទៅក្រៅប្រទេសមានរហូតដល់រាប់លាននាក់ឯណោះ ដោយក្នុងនោះទិសដៅធំបំផុតរបស់ពួកគេគឺ ទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសថៃ ខណៈមកកាន់កម្ពុជាមានចំនួនជាង ៣ពាន់នាក់ ឯណោះ។
យោងតាមអ្នកនាំពាក្យនៃ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ជា អូន បានបញ្ជាក់ប្រាប់គេហទំព័រ Bizkhmer តាមរយៈទូរស័ព្ទថា ពិតជាមានករណីប្រជាជនវូហានរាប់ពាន់នាក់មកកាន់កម្ពុជាពិតមែន ប៉ុន្តែកាលដែលមកនោះ គឺតាំងពីអំឡុងមុនថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ មកម្លេះ ពោលគឺមុនពេលដែលរដ្ឋាភិបាលចិនប្រកាសនៅថ្ងៃទី ៣១ ធ្នូ ឆ្នាំ២០១៩ ថាមានជំងឺរលាកសួតកូរ៉ូណាប្រភេទថ្មីនេះ។
តាមប្រភពពី mp.weixin.qq.com បានឲ្យដឹងថា ប្រជាជនWuhan ដែលបានធ្វើដំណើរមកកាន់កម្ពុជាមានចំនួន ៣,០៧៨នាក់ ក្នុងនោះតាមរយៈ អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ(កម្ពុជា) មានចំនួន ១៥៣៩នាក់ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប(កម្ពុជា) មានចំនួន ១៥៣៩នាក់។ ជាមួយគ្នានេះ ប្រទេសសិង្ហបុរី មានចំនួន ៩៩៣៤នាក់ ជាចំនួនច្រើនជាងគេ បន្ទាប់មកប្រទេសថៃដែលចូលតាមរយៈ អាកាសយានដ្ឋាន សុវណ្ណភូមិ (បាងកក)មានចំនួន ៩៨៥៣នាក់, អាកាសយានដ្ឋាន Krabi (ថៃ)មានចំនួន ៣៤០នាក់, កោះភូកេត (ថៃ)ចំនួន ៥៦១៧នាក់ និងឈៀងម៉ៃ ( ថៃ )ចំនួន ១៤២២នាក់។
ប្រទេសវៀតណាម តាមរយៈអាកាសយានដ្ឋានអន្តរជាតិ TSN (ហូជីមិញ )ចំនួន ៣៦៥២នាក់, អាកាសយានដ្ឋានអន្តរជាតិ Kota Kinabalu (ម៉ាឡេស៊ី)ចំនួន ៥៤១៨នាក់, បាលី ចំនួន ២៥២០នាក់, អាកាសយានដ្ឋានអន្តរជាតិ Yangon (មីយ៉ាន់ម៉ា)ចំនួន ៤៩២នាក់ និងជប៉ុន អាកាសយានដ្ឋាន ណារីតា (ជប៉ុន):៦៧៣៩នាក់, អាកាសយានដ្ឋានអន្តរជាតិ Kansai (ជប៉ុន): ៥២១៨នាក់, អាកាសយានដ្ឋានNagoya (ជប៉ុន): ២៥២១នាក់, អាកាសយានដ្ឋានអន្តរជាតិ Incheon(កូរ៉េខាងត្បូង): ៦១៣៥នាក់។ ក្រៅពីប្រទេសទាំងនេះ ក៏នៅមានបណ្ដាប្រទេសមួយចំនួនទៀតរាប់ពាន់នាក់ផងដែរ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានវីរុសរាតត្បាតកាន់តែខ្លាំងឡើង ប្រទេសចិន កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ កន្លងទៅ បានសម្រេចបិតមធ្យោបាយ ធ្វើដំណើរ តាមរថភ្លើង និងយន្តហោះ ចូលទីក្រុង វូហាន ដែលជាប្រភពចេញដំបូងនៃមេរោគផ្លូវដង្ហើម កូរ៉ូណាវីរុស នៅប្រទេសចិនតែម្ដង៕
ដោយ៖ ជួប ស្រីរ័ត្ន