លោក Elon Musk៖ អនុវត្តផ្នត់គំនិត៣ជំហាននេះ បានរួមចំណែកឲ្យលោកជោគជ័យ
មហាសេដ្ឋី Elon Musk និយាយថា នៅពេលអ្នកបង្កើតកំហុសក្នុងអាជីវកម្ម អ្នកមិនគួរសន្មត់ថា គំនិតអាជីវកម្មរបស់អ្នកវាមិនល្អនោះទេ។ ផ្ទុយទៅវិញ លោកបានលើកឡើងពីសារៈសំខាន់ដែលអ្នកអាចទទួលបានពីការបង្កើតកំហុសរបស់អ្នក។
លោកបានលើកឡើងថា អ្នកប្រាកដជាជឿលើគំនិតរបស់អ្នកប្រសិនបើអ្នកមានឆន្ទៈធ្វើឲ្យវាដំណើរការដោយព្យាយាម និងធ្វើឲ្យវាក្លាយជាការពិត។ ប៉ុន្តែសម្តីរបស់លោក គឺចង់ឲ្យអ្នកមានការប្រុងប្រយ័ត្នទៅនឹងការអនុញ្ញាតឲ្យជំនឿជឿជាក់ និងភាពសុទិដ្ឋិនិយមមានខ្ពស់ពេករហូតក្លាយជាឧបសគ្គរេរាំងដល់សមត្ថភាពគិត និង ស្វែងរកការកែលម្អរបស់អ្នក។
ប្រធានក្រុមហ៊ុន Tesla រូបនេះយល់ឃើញដូច្នេះថា៖«នៅពេលអ្នកចាប់ផ្តើមបង្កើតក្រុមហ៊ុនដំបូង អ្នកមានភាពសុទិដ្ឋិនិយមច្រើន ហើយអ្វីៗមើលទៅគឺអស្ចារ្យទាំងអស់។ ភាពកក់ក្តៅប្រកបដោយសុភមង្គលគឺអារម្មណ៍រំភើបជាងគេនៅពេលដំបូង។ ក្រោយមកអ្នកចាប់ផ្តើមជួបប្រទះនឹងបញ្ហាជាច្រើនបន្តបន្ទាប់ ហើយអារម្មណ៍ទាំងនោះ នឹងធ្លាក់ចុះជាលំដាប់។ ពេលនោះហើយវានឹងធ្វើឲ្យអ្នកត្រូវហែលឆ្លងកាត់ពិភពលោកដ៏ឈឺចាប់មួយ»។
នៅត្រង់នេះហើយជាអ្វីដែលលោក Elon Musk ចង់បញ្ជាក់ទៅដល់មនុស្សគ្រប់គ្នាជាពិសេសសហគ្រិនថា ការប្រកាន់ខ្ជាប់នូវផ្នត់គំនិតលូតលាស់ និង “ សន្មតថាអ្នកខុស” តាំងពីដំបូង នឹងធ្វើឲ្យអ្នកអាចមើលឃើញបញ្ហាដែលជិតមកដល់ ហើយអាចកាត់បន្ថយភាពឈឺចាប់ដែលជៀសមិនរួចបានច្រើន។
ការប្រកាន់ខ្ជាប់ផ្នត់គំនិតជោគជ័យ ៣ជំហាន
មានយុទ្ធសាស្រ្តជាច្រើននៅទីនេះដើម្បីលើកទឹកចិត្តដែលនាំឆ្ពោះទៅរកភាពលូតលាស់ផ្នត់គំនិតជោគជ័យ។ ប៉ុន្តែបើតាមលោក Musk លោកបានប្រកនា់ខ្ជាប់ផ្នត់គំនិតលូតលាស់ចំនួន ៣ ជំហានដែលរួមចំណែកដល់ភាពជោគជ័យរបស់លោក៖
១.ក្តាប់យកឱកាសឲ្យបានច្រើនជាងអ្នកផ្សេងទៀត
នៅពេលដែលលោក Musk មានគម្រោងចង់បញ្ជួនមនុស្សឲ្យទៅជាន់ភពអង្គារជាលើកដំបូងនៅក្នុងគម្រោង Mars Oasis លោកបានធ្វើដំណើរទៅប្រទេសរុស្ស៊ីដើម្បីទិញមីស៊ីលផ្លោងអន្តរទ្វីប (ICBMs)។ នៅពេលដឹងថា រ៉ុកកែតមួយដើមថ្លៃពេកដែលមានតម្លៃជាង ៨ លានដុល្លារ លោកចាប់ផ្តើមមានគំនិតរកគន្លឹះផលិតរ៉ុកកែតដែលមានតម្លៃសមរម្យជាងមុនដោយការចាប់ផ្តើមក្រុមហ៊ុនផ្ទាល់ខ្លួន។ ដូចដែលលោកបានចង្អុលបង្ហាញថា "ប្រសិនបើអ្នកចង់ហក់ចូលទីផ្សារដែលជំនួញដែលមានស្រាប់ប្រឆាំងនឹងគូប្រជែងធំៗ ផលិតផល ឬសេវាកម្មរបស់អ្នកចាំបាច់ត្រូវតែល្អជាងពួកគេ"។
២.ស្វែងរកការរិះគន់
លោក Musk យកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការស្វែងរកការរិះគន់ ពីព្រោះលោកយល់ថា វាមានរឿងមួយចំនួន ដែលសំខាន់ជាងនេះសម្រាប់ធ្វើឲ្យអាជីវកម្មជោគជ័យ។ ដូចដែលលោកបានពន្យល់ថា ការរិះគន់យ៉ាងល្អិតល្អន់នូវអ្វីដែលអ្នកកំពុងធ្វើ គឺមានតម្លៃដូចមាសដែរ។ អ្នកគួរតែស្វែងរកវាពីមនុស្សគ្រប់គ្នាដែលអ្នកអាចធ្វើបានជាពិសេសមិត្តភក្តិរបស់អ្នក។ ជាធម្មតាមិត្តភក្តិរបស់អ្នកដឹងពីអ្វីដែលខុស ប៉ុន្តែពួកគេមិនចង់ប្រាប់អ្នកពីព្រោះពួកគេមិនចង់ធ្វើឲ្យអ្នកខកចិត្ត។ ដូចនេះជំនួសឲ្យការពឹងផ្អែកតែការរិះគន់ពីមិត្តិភក្តិរបស់អ្នកមួយមុខ អ្នកគួរស្វែងរកការរិះគន់ពីអ្នកផ្សេងទៀតដែលនៅជុំវិញអ្នក។
៣.យកអ្នកជោគជ័យជាងអ្នកមកដាក់ជុំវិញអ្នក
បន្ថែមលើបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងរូបវិទ្យារបស់លោក លោក Musk មានបទពិសោធន៍បន្ថែមលើមុខជំនាញជាច្រើន។ ទោះបីជាមានចំណេះដឹងទាំងអស់នេះ លោកនៅតែយល់ថា ខ្លួនលោកមិនអាចផ្តល់ចម្លើយបានទាំងអស់នោះទេ ដូច្នេះហើយទើបលោកចូលចិត្តស្នើសុំដំបូន្មានពីមនុស្សជុំវិញខ្លួនឲ្យបានជាប្រចាំ ។ ពេលខ្លះទោះបីជាអ្នកមិនយល់ស្របទៅនឹងគំនិតរបស់ពួកគេក៏ដោយ លោក Musk ផ្តល់ដំបូន្មានថា យ៉ាងហោចណាស់អ្នកត្រូវ ស្តាប់យ៉ាងយកចិត្តទុកដាក់នូវអ្វីដែលពួកគេបាននិយាយ៕
ប្រភព៖ Inc