អ្នកឆ្លងវីរុសកូរ៉ូណាថ្មីកើនជាង២ពាន់ករណី ខណៈ៥១ករណីអាចព្យាបាលជាសះស្បើយ
តាមប្រភពពីក្រសួងព័ត៌មាន ខណៈចំនួនអ្នកឆ្លងជំងឺរលាកសួតដែលបង្កដោយវីរ៉ុសកូរ៉ូណាប្រភេទថ្មី(2019-nCoV) បានកើនឡើងជាង២០០០នាក់ ស្លាប់កើនដល់៨០នាក់ និងក្នុងនោះក៏មានអ្នកជំងឺចំនួន ៥១នាក់ ផងដែរដែលត្រូវបានក្រុមវេជ្ជបណ្ឌិតប្រទេសចិនព្យាបាលជាសះស្បើយ។ នេះបើតាមការបញ្ជាក់ពីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កន្លងទៅ។
គិតមកទល់ពេលនេះក្នុងប្រទេសចិន វីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី បានរាតត្បាតទៅកាន់ខេត្តមួយចំនួនរួមមាន៖ ទី១. ខេត្តហ៊ូប៉េ (រួមទាំងទីក្រុងវូហាន) មានករណីឆ្លងវីរុសចំនួ ១៤២៣នាក ក្នុងនោះព្យាបាលជាចំនួន ៤៤នាក់ និងស្លាប់ចំនួន ៧៦នាក់។ ទី២. ខេត្តក្វាងតុង មានអ្នកឆ្លងចំនួន ១១១នាក់ ព្យាបាលជាចំនួន ២នាក់។ ទី៣. ខេត្ត ចឺជាំង មានអ្នកឆ្លងចំនួន ១០៤នាក់ ព្យាបាលជាចំនួន ២នាក់។
ទី៤. ខេត្ត ហឺណាន មានអ្នកឆ្លងវីរុសចំនួន ៨៣នាក់, ទី៥. ក្រុងឆុងឈីង មានអ្នកឆ្លងវីរុសចំនួន ៧៥នាក់, ទី៦. រដ្ឋធានីប៉េកាំង មានអ្នកឆ្លងវីរុសចំនួន ៦០នាក់, ទី៧. ខេត្តហ៊ូណាន មានអ្នកឆ្លងវីរុសនួន ៦៩នាក់ និងទី៨. ខេត្តអាន់ហួយ មានអ្នកឆ្លងវីរុសចំនួន ៦០នាក់ និងខេត្តក្រុងមួយចំនួនទៀតដែលមានអ្នកឆ្លងវីរុសជាក្រោម៥០នាក់។
គិតមកត្រឹមថ្ងៃទី២៦មករា ឆ្នាំ២០១៩ វីរុសដ៏កាចសាហាវនេះ (Corona Virus) បានឆ្លងទៅដល់ប្រទេសចំនួន១១ ដែលរួមមាន៖ ប្រទេសថៃ ៨ករណី, អូស្ត្រាលី ៤ករណី, បារាំង ៣ករណី, ជប៉ុន ៤ករណី, ម៉ាឡេស៊ី ៤ករណី, សឹង្ហបុរី ៤ករណី, កូរ៉េខាងត្បូង ៣ករណី, សហរដ្ឋអាមេរិក ៣ករណ, វៀតណាម ២ករណី, នេប៉ាល់ ១ករណី និងប្រទេសកាណាដាចំនួន ១ករណី៕
ដោយ៖ ជួប ស្រីរ័ត្ន