វីរុសកូរ៉ូណាពូជថ្មី កាចសាហាវជាងជំងឺសារ (SARS) ១០ដង ខណៈជំងឺនេះបានឆ្លងទៅដល់មនុស្សជាង២ពាន់នាក់​



យោងតាមការព័ត៌មាន South China Morning Post បានឲ្យដឹងថាគិតត្រឹមម៉ោង ៧:00ព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ នេះចំនួនអ្នកស្លាប់ដោយសារជំងឺរលាកសួតថ្មីបានកើនឡើងដល់ ៨០នាក់ ខណៈអ្នកឆ្លងជំងឺមួយនេះកើនដល់ជាង ២,៥០០នាក់ និងកំពុងរីករាលដាលទៅប្រទេសជាច្រើនលើពិភពលោក។ 

អ្នកឯកទេសខាងរោគសាស្ត្រឈានមុខគេដែលបានជួយប្រយុទ្ធប្រឆាំងនឹងជំងឺ SARS បានព្រមានថាវីរុសវូហាន (Wuhan virus) អាចមានសក្តានុពលអាក្រក់ជាងជំងឺសារ (SARS) ១០ ដងដែលធ្លាប់បានកើតកាលពី ១៧ ឆ្នាំមុន ពោលគឺចុងឆ្នាំ២០០២។ លោកវេជ្ជបណ្ឌិត Guyan Yi នាយកមន្ទីរពិសោធន៍ជំងឺឆ្លង State Key Laboratory of Emerging Infectious Diseases សាកលវិទ្យាល័យហុងកុងបានលើកឡើងការព្រួយបារម្ភថាវីរុសនៅវូហានគឺកំពុងស្ថិតក្នុងស្ថានភាពដែលមិនអាចគ្រប់គ្រងបានរួចទៅហើយ។

ជំងឺរលាកសួតថ្មីនេះ វាបានធ្វើឲ្យអ្នកជំងឺឆាប់ស្លាប់ជាង SARS ព្រោះក្រោយពេលវីរុសកូរ៉ូណាពូជថ្មីឆ្លងចូលក្នុងខ្លួនមនុស្សពី ៣ ទៅ ៥ ថ្ងៃ វាអាចធ្វើឲ្យអ្នកជំងឺសន្ធំ ប្រព័ន្ធភាពស៊ាំចុះខ្សោយខ្លាំង ខុសពី SARS ដែលអ្នកជំងឺអាចរស់បានជាង ១០ថ្ងៃបន្ទាប់ពីវីរុសនេះចូលក្នុងខ្លួន។ ជាងនេះទៅទៀត ចំពោះ SARS គេមានវ៉ាក់សាំងការពារ តែចំពោះកូរ៉ូណាពូជថ្មីនេះគ្មានវ៉ាក់សាំងចាក់ការពារឡើយ។ អ្វីដែលកាន់តែព្រួយបារម្ភ វីរុសកូរ៉ូណាថ្មីនេះចម្លងទៅកាន់មនុស្សដទៃទៀតទាំងដែលអ្នចម្លងមិនទាន់មានអាការៈបញ្ចេញថាខ្លួនឯងឈឺ ពោលទាំងដែលមិនទាន់ក្តៅខ្លួនសន្ធំដូចដែលរៀបរាប់ខាងលើផង។ 

តាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Yi ប្រាប់ទៅសារព័ត៌មាន Daily mail ថា “ពេលវេលាមាស (Golden Period) សម្រាប់យើងគ្រប់គ្រង ទប់ស្កាត់ និងលុបបំបាត់វីរុសនេះបានកន្លងផុតទៅហើយ”។ ទោះបីជាមានការបិទច្រកចេញចូល បិទការដឹកជញ្ជូននៅទីតាំងដើមកំណើតនៃជំងឺនេះយ៉ាងណាក្តី តែវីរុសមួយនេះបានរីកសាយភាយទៅដល់ពិភពលោករួចទៅហើយ។

លោកបានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការរាតត្បាតដំបូង ក្រុមស្រាវជ្រាវរបស់លោកបានកំណត់អត្តសញ្ញាណវីរុស ហើយបានរកឃើញថាវាជាអំបូរកូនកាត់ ឬហៅថាពូជថ្មីដែលកើតចេញពី SARS ហើយក៏ចាប់ផ្តើមប្រកាសឲ្យមានការពាក់ម៉ាស់ លើសពីនេះក៏ធ្វើការជូនដំណឹងទៅកាន់រដ្ឋាភិបាលឲ្យមានការហាមប្រាម និងបញ្ឈប់ការលក់ដូរសត្វព្រៃនៅទីសាធារណៈ ដើម្បីទប់ស្កាត់ការផ្ទុះនៃរីរុសទី២នេះ។ ស្របពេលជាមួយគ្នានេះដែរ អ្នកវិទ្យាបានកណត់ និងជឿជាក់ថាវីរុសនេះបានឆ្លង និងរីករាលដាលមកមនុស្សតាមរយៈសត្វពស់ និងសត្វប្រចៀវ។ 

ជំងឺមួយនេះត្រូវបានវេជ្ជបណ្ឌិតបញ្ជាក់ថា កូរ៉ូណាពូជថ្មីនេះវាធ្ងន់ តែអាចការពារបានបើយើងគោរពតាមក្បួនអនាម័យត្រឹមត្រូវគឺធ្វើការលាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ។ លោកក៏បានបញ្ជាក់ទៀតថា កូរ៉ូណាពូជថ្មីនៃធ្ងន់ជាង SARS ដោយហេតុថាការចម្លងលឿន មានការប៉ះពាល់សរីរាង្គក្នុងច្រើនជាង SARS ទៅទៀត ហើយរយៈពេលមនុស្សដែលឆ្លងចូលទៅក្នុងខ្លួនមនុស្សក៏ឆាប់ជាង ងាយប៉ះពាល់ (ឆាប់ស្លាប់ជាង) SARS។ 

ចំពោះការឆ្លងវិញ កូរ៉ូណាពូជថ្មីឆ្លងតាមដង្ហើម លាមក ការប៉ះពាល់សារធាតុរាវអ្នកជម្ងឺ លើសពីវីរុសនេះមានសមត្ថភាពឆ្លងចូលតាមរយៈភ្នែក។ វេជ្ជបណ្ឌិតក៏បានបញ្ជាក់ពីលក្ខណៈដែលជំងឺនេះអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ថា៖ “នៅពេលមនុស្សម្នាក់មានផ្ទុកជំងឺរលាកសួតថ្មី រាងកាយមានការចុះខ្សោយធ្វើឲ្យអ្នកជំងឺក្តៅខ្លួន ក្អក ហៀសសំបោរ ស្រដៀងនឹងអាការៈផ្តាសាយធំ។ បើកាលណាអ្នកជំងឺក្អក មិនបានខ្ទប់មាត់ វាធ្វើឲ្យមេរោគនោះសាយភាយមកខាងក្រៅ ឯអ្នកមើលថែអ្នកជំងឺមិនប្រុងប្រយ័ត្នស្រូបយកខ្យល់ដែលមានវីរុសនោះវាធ្វើឲ្យឆ្លងទៅអ្នកមើលថែ ព្រោះវីរុសមួយនេះមិនឆ្លងត្រឹមតែដង្ហើម (ច្រមុះ មាត់) នោះទេ សូម្បីភ្នែកក៏អាចធ្វើឲ្យវីរុសមួយនេះទំ និងឆ្លងបានដែរ ។ ជាមួយគ្នានេះដែរ ចំពោះកូរ៉ូណាពូជថ្មីនេះគឺត្រូវប្រុងប្រយ័ត្នលើការការពារឲ្យបានខ្ពស់ដោយការពាក់ម៉ាស់ ពាក់វែនតា បើមានការប៉ះពាល់អ្នកជំងឺដាច់ខាតត្រូវលាងដៃជាមួយសាប៊ូមុនពេលចាប់កាន់ចំណីអាហារ ឬយកដៃប្រលាក់មកប៉ះលើស្បែក ច្រមុះ ឬភ្នែក”៕

ដោយ៖ យ៉ាយ៉ា

 

X
5s