គួរចេះជួយគ្នាពេលមានអាសន្ន! ក្រសួងអំពាវនាវដល់អាជីវករកុំឡើងថ្លៃម៉ាស់(mask)
ដោយសារតែជំងឺឆ្លងដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី កុំពុងតែរីករាលដាលយ៉ាងគំហុក ព្រមទាំងអាចចម្លងពីមនុស្សទៅកាន់មនុស្សយ៉ាងឆាប់រហ័សតាមរយៈផ្លូវដង្ហើមផង ទើបតម្រូវឲ្យប្រជាពលរដ្ឋពាក់ម៉ាស់ដើម្បីការពារសុវត្ថិភាព ដែលជាហេតុនាំឲ្យអាជីវករមួយចំនួនឆ្លៀតឱកាសដំឡើងថ្លៃម៉ាស់ដើម្បីរកចំណេញ។ ឆ្លៀតក្នុងឱកាស ក្រសួងសុខាភិបាលកម្ពុជា ក៏បានអំពាវនាវ ដល់អាជីវករលក់ម៉ាស់ (mask) ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី (2019-nCoV) ដោយសូមកុំដំឡើងថ្លៃម៉ាស់។
កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្ដីអំពាវនាវ ដោយស្នើសំដល់អាជីវករលក់ម៉ាស់ទាំងអស់នៅកម្ពុជា សូមកុំដំឡើងថ្លៃលក់ម៉ាស់ ដើម្បីទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានតម្រូវការប្រើម៉ាស់ការពារជំងឺឆ្លងនេះ អាចមានទិញប្រើប្រាស់បានផង ដើម្បីជាកិច្ចចូលរួមការពារសុខភាពផ្ទាល់ខ្លួនលើការចម្លងជំងឺនេះ និងជាបុណ្យកុសលសម្រាប់លោកអ្នកជាអ្នកលក់ម៉ាស់នេះផង។
ប្រសិនបើ បងប្អូនប្រជាពលរដ្ឋមិនមានម៉ាស់ដើម្បីការពារទេនោះ ក៏អាចប្រើប្រាស់កន្សែង ឬក្រដាសជូតមាត់ សម្រាប់ខ្ទប់មាត់នៅពេលក្អកកណ្ដាស់បាន ពិសេសត្រូវលាងដៃភ្លាមក្រោយពេលក្អកកណ្ដាស់ជាមួយសាប៊ូ និងទឹកស្អាត ឲ្យបានញឹកញាប់។
គួរបញ្ជាក់ផងដែរថា គិតមកទល់ពេលបច្ចុប្បន្នក្រសួងសុខាភិបាលបានបញ្ជាក់ថា នៅកម្ពុជាមិនទាន់មានជំងឺរលាកសួតកូរ៉ូណាប្រភេទថ្មីនេះនៅឡើយទេ ដោយឡែកគិតមកដល់ពេលនេះ អ្នកជំងឺដែលបានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីបានកើនឡើងច្រើនជាង ២៥០០នាក់ ខណៈអ្នកស្លាប់កើនដល់ ៨០នាក់៕
ដោយ៖ ជួប ស្រីរ័ត្ន