អ្នកវិទ្យាសាស្រ្តរកឃើញថា សត្វពស់ និងប្រចៀវជាភ្នាក់ងារចម្លងរោគកូរ៉ូណាថ្មី 2019-nCov​



ជំងឺរលាកសួតដែលបង្កដោយមេរោគកូរ៉ូណាថ្មី ត្រូវបានអ្នកវិទ្យាសាស្រ្តជនជាតិចិនធ្វើការអះអាងថាវាមានទំនាក់ទំនងជាមួយនឹងសត្វប្រចៀវ ទោះបីជាជំងឺមួយនេះមិនកាចសាហាវខ្លាំងដូចជំងឺសារតែអត្រាឆ្លងរាលដាលខ្លាំងនិងធ្ងន់ធ្ងរជាង។ មួយវិញទៀត អ្នកវិទ្យាសាស្ត្រក៏បានបញ្ជាក់ទៀតថា វីរុសមួយនេះវាមានសមត្ថភាពខ្ពស់ក្នុងការភ្ជាប់ខ្លួនទៅនឹងប្រូតេអ៊ីនក្នុងខ្លួនមនុស្ស។

វីរុសថ្មីមួយនេះ ត្រូវបានគេចាត់ទុកថាជាស្រឡាយ និងមានអាការៈស្ទើរដូចទៅនឹងជំងឺផ្លូវដង្ហើម (សារ) តែវីរុសមួយនេះត្រូវបានអ្នកស្រាវជ្រាវរកឃើញនៅក្នុងខ្លួនសត្វប្រចៀវ។ លើសពីនេះ ប្រធានគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងចិនលោក Gao Fu បានបញ្ជាក់ឲ្យដឹងកាលព្រឹកថ្ងៃពុធថា វាអាចបង្កមកពីសត្វព្រៃដែលបានដាក់លក់នៅផ្សារលក់គ្រឿងសមុទ្រក្នុងទីក្រុងវូហាន។ 

ការរកឃើញរបស់អ្នកវិទ្យាសាស្ត្រដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបានលើកឡើងថា គ្រោះថ្នាក់ដែលបណ្តាលមកពីវីរុសដូចជំងឺរលាកសួត អាចត្រូវបានវាយតម្លៃទាបលើអត្រាគ្រោះថ្នាក់បើធៀបនឹងជំងឺសារ ដោយផ្អែកទៅតាមការស្រាវជ្រាវសហគមន៍ និងបានកើតឡើងមួយថ្ងៃបន្ទាប់ពីការប្រកាសរបស់រដ្ឋាភិបាលចិនអំពីវិធានការណ៍បន្ទាន់ដើម្បីទប់ស្កាត់ការរីករាលដាល។

ក្រុមអ្នកស្រាវជ្រាវបានបង្ហាញក្នុងរបាយការណ៍របស់ពួកគេថា វីរុសកូរ៉ូណាថ្មីនេះអាចនឹងបង្កមកពីសត្វប្រចៀវ តែពួកគេក៏នៅមិនទាន់ច្បាស់ដែរថា តើវាមានទំនាក់ទំនងយ៉ាងណារវាងមនុស្ស និងប្រចៀវដែលបណ្ដាលឲ្យមានការឆ្លងវីរុសនេះ។ កាលពីដំបូងអ្នកវិទ្យាសាស្ត្រភាគច្រើនជឿជាក់ថាវីរុសថ្មីមិនអាចបង្កឱ្យមានការរីករាលដាលធ្ងន់ធ្ងរដូចសាសនោះទេព្រោះហ្សែនរបស់វាគឺខុសគ្នាឆ្ងាយ។ គេបានរកឃើញថា វាដូចនឹងជំងឺសារដែលវីរុសបានកំណត់ប្រូតេអ៊ីនមួយហៅថា ACT3។ 

យោងតាមការចេញផ្សាយពីគេហទំព័រ Dailymail នៅថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែមករានេះបានឲ្យដឹងថា អ្នកវិទ្យាសាស្រ្តបានធ្វើការសន្និដ្ឋានថា ជំងឺនិងវីរុសមួយនេះបានរីកសាយភាយនិងចម្លងមកមនុស្ស (បុព្វហេតុដំបូង) តាមរយៈសត្វពស់ដែលបានដាក់លក់នៅផ្សារក្នុងទីក្រុងវូហាន ខេត្តហ៊ុយបេនោះ។ 

ក្រុមអ្នកស្រាវជ្រាវនៅ Peking University បានដាក់ឈ្មោះបណ្តោះអាសន្ននៃជំងឺមួយនោះថា 2019-nCov ដែលវាកើតឡើងពីការប៉ះពាល់រវាងសត្វប្រចៀវមានផ្ទុកជំងឺ និងសត្វផ្សេងទៀត។ ពួកគេគិតថា ការរួមបញ្ចូលគ្នារវាងហ្សែនពីរ បង្កើតបានជាប្រូតេអ៊ីនវីរុសថ្មីបញ្ចូលទៅក្នុងកោសិកាមួយរួមទាំងមនុស្សផង។ ក្រោយពេលធ្វើការស្រាវជ្រាវ ពួកគេបានររកឃើញថាសត្វពស់ងាយនឹងរងឥទ្ធិពលពីការចម្លងនៃហ្សែននេះ ហើយសារពាង្គកាយពស់មានលទ្ធភាពខ្ពស់ក្នុងការផ្ទុក រីកលូតលាស់ និងចម្លងវីរុសមួយនេះ។ 

ជាមួយគ្នានេះដែរ នៅផ្សារលក់គ្រឿងសមុទ្រក្នុងទីក្រុងវូហាន គេឃើញមានការលក់សត្វពស់ និងមានកន្លែងលាមកសត្វប្រចៀវសម្រាប់កសិកម្ម ដែលគេចាត់ទុកថាជាប្រភពនៃការចម្លងដ៏គួរឲ្យកត់សម្គាល់ធំជាងគេទៅកាន់មនុស្ស។ ក្រុមអ្នកស្រាវជ្រាវក៏បានបញ្ជាក់ទៀតថា ព័ត៌មានថ្មីដែលទទួលបានពីការវិវត្តន៍លើការវិភាគរបស់យើង គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃការផ្ទុះឡើងដែលបណ្តាលមកពីជំងឺរលាកសួតដែលបណ្តាលមកពីឆ្នាំ 2019-nCoV៕

ការវិវត្តន៍ព័ត៌មានទាក់ទងនឹងវីរុសកូរ៉ូណាថ្មី 2019-nCov បន្តទៀតយ៉ាងណា ក្រុមការងារ BizKhmer នឹងធ្វើបច្ចុប្បន្នភាពបន្ថែម

ដោយ៖ យ៉ាយ៉ា

 

 

 

 

X
5s