ក្រសួង​ប្រាប់​វិធានការ​បង្ការ​ពី​ជំងឺ​ឆ្លង​ថ្មី ខណៈ​ឥលូវមានរហូតដល់៤៤០ករណី​



ជំងឺ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី (nCoV2019) ដែល​កំពុង​រាតត្បាត​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន ដោយ​គិត​មក​ត្រឹម​ថ្ងៃ​ទី២១ ខែ​មករា​នេះ បាន​កើត​មាន​ចំនួន​៤៤០ករណី​មក​ហើយ និង​បាន​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ចំនួន​៩នាក់។ 

ដោយ​សារ​ជំងឺ​ចម្លែក​នេះ​នៅ​តែ​បន្ត​រាតត្បាត​ខ្លាំង​ក្នុង​ប្រទេស​ចិន ព្រម​ទាំង​អាច​ចម្លង​ពី​មនុស្ស​ទៅ​កាន់​មនុស្ស​បាន​ផង ដូច្នេះ​ប្រសិន​បើ​សង្ស័យ​ថា​មាន​ជំងឺ​រលាក​សួត​ថ្មី ដោយ​មាន​កម្ដៅ​ចាប់​ពី៣៨អង្សាសេ និង​មាន​រោគ​សញ្ញា​មួយ​យ៉ាង​តិច​ក្នុង​ចំណោម​រោគសញ្ញា ក្អក ហូរ​សំបោរ ឈឺ​បំពង់ក ដង្ហើម​ខ្លី ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្លាប់​មក​ពី​ប្រទេស​ចិន​ដោយ​ធ្លាប់​ប៉ះពាល់​ជា​មួយ​សត្វ​ និង​អ្នក​ជំងឺ​ដែល​ផ្ទុក​ជំងឺ​នេះ សូម​ប្រញាប់​រាយការណ៍​បន្ទាន់​ទៅ​កាន់​លេខទូរស័ព្ទ ១១៥។

ខាង​ក្រោម​នេះ​គឺ​ជា​វិធី​បង្ការ​ការពារ​ខ្លួន​ពី​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា​៖

១) គួរ​ជៀសវាង​ចូល​ទៅ​កាន់​កន្លែង​ចិញ្ចឹម​សត្វ (បើ​គ្មាន​ភារកិច្ច) ឬ​ប៉ះពាល់​ផ្ទាល់​ជា​មួយ​សត្វ​នៅ​តាម​ការដ្ឋាន​ និង​ទីផ្សារ​បក្សី​រស់ ឬ​ចូល​កន្លែង​សត្តឃាត ឬ​ប៉ះពាល់​ផ្ទៃ​ណា​មួយ​ដែល​កខ្វក់ ឬ​ប្រឡាក់​ដោយ​លាមក​ សត្វ​បសុបក្សី ឬ​សត្វ​ដទៃ​ទៀត

២) ជៀសវាង​ប៉ះពាល់​ជិត​ស្និត ឬ​ចូល​ទៅ​កាន់​កន្លែង​លក់​គ្រឿង​សមុទ្រ​ហួណាន និង​ទីផ្សារ ឬ​កសិដ្ឋាន​ដែល​មាន​សត្វ​រស់ ឬ​សត្វ​ព្រៃ ឬ​កន្លែង​ដែល​គេ​ដឹង​ថា​កំពុង​មាន​វីរុស​កំពុង​ចរាចរ

៣) ត្រូវ​លាង​ដៃ​​ឲ្យ​បាន​ញឹកញាប់​ជា​មួយ​សាប៊ូ និង​ទឹក​ស្អាត បន្ទាប់​ពី​ប៉ះពាល់​សត្វ ឬ​ប្រភព​ផ្សេងៗ​ដែល​ជា​ប្រភព​ចម្លង​រោគ ព្រម​ទាំង​ប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្ត​អនាម័យ​ និង​អាហារ​ដែល​មាន​សុវត្ថិភាព​ល្អ។ ត្រូវ​ចាំ​ថា​នឹង​មិន​អាច​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី ឬ​វិរុស​រលាក​សួត​ប្រភេទ​ថ្មី​នេះ​ទេ ប្រសិន​បើ​អ្នក​បរិភោគ បសុបក្សី ឬ​ស៊ុត ដែល​ចម្អិន​បាន​ឆ្អិន​ល្អ។

៤) ជៀសវាង​ប៉ះពាល់​ជា​មួយ​អ្នក​ជំងឺ​ដែល​មាន​ផ្លូវ​ដង្ហើម​ស្រួច

៥) អ្នក​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ស្រួច​ត្រូវ​ខ្ចប់​មាត់ និង​ច្រមុះ​ ពេល​ក្អក ដោយ​ប្រើ​កន្សែង ក្រមា ឬ​ក្រដាស

៦) បុគ្គលិក​សុខាភិបាល​ដែល​ផ្ដល់​ការ​ថែទាំ​ដល់​អ្នក​ជំងឺ​ ត្រូវ​ប្រកាន់​ខ្ជាប់​វិធាន​ការ​ការពារ​ការ​ចម្លង​រោគ​នៅ​ក្នុង​គ្រឹះស្ថាន​សុខាភិបាល​ឲ្យ​បាន​ហ្មត់ចត់​និង​ត្រឹមត្រូវ ដើម្បី​ជៀសវាង​ការ​ឆ្លង​ជំងឺ​នេះ​មក​កាន់​បុគ្គល​ខ្លួនឯង៕

ដោយ៖ ជួប ស្រីរ័ត្ន

 

X
5s