ខណៈកំពុងឆ្លងដល់៣ប្រទេស ជំងឺថ្មីត្រូវបានរកឃើញថាអាចឆ្លងពីមនុស្សទៅកាន់មនុស្ស
ជំងឺរលាកសួតថ្មីដែលមានប្រភពមកពីទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei)ប្រទេសចិន កាលពីពេលថ្មីៗនេះត្រូវបានអ្នកជំនាញចិនរកឃើញថាអាចចម្លងពីមនុស្សទៅកាន់មនុស្សហើយ ព្រមទាំងមានចំនួនអ្នកស្លាប់បានកើនដល់៤នាក់ថែមទៀត ខណៈដែលជំងឺនេះ បច្ចុប្បន្នកំពុងតែរីករាលដាលមកដល់ប្រទេសអាស៊ីចំនួន៣រួមមាន ប្រទេសថៃ ប្រទេសជប៉ុន និងកូរ៉េខាងត្បូង និងកំពុងតែបន្តគំរាមកំហែងដល់បណ្ដាប្រទេសដទៃទៀតផងដែរ។
តាមប្រភពពីទូរទស្សន៍របស់ប្រទេសចិន CCTV បានបង្ហាញថាចំនួនអ្នកជំងឺដែលកំពុងផ្ទុកមេរោគថ្មី(Wuhan) បានកើនឡើងដល់ ២១៨នាក់ ខណៈកាលពីថ្ងៃច័ន្ទកន្លងទៅ នៅទីក្រុង ប៉ីជីង(Bei jing) និងសៀងហៃ(Shanghai) ទើបតែបានរកឃើញអ្នកជំងឺថ្មីប្រមាណ ១៣៦នាក់បន្ថែមទៀត។ ជាមួយគ្នានេះ អ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថាដើមហេតុសំខាន់នៃការផ្ទុះជំងឺនេះគឺបណ្ដាលមកពី ទីផ្សារអាហារសមុទ្រ នៅក្នុងតំបន់ វូហាន(Wuhan) ផ្ទាល់តែម្ដង។
អ្នកវិទ្យាសាស្ត្រផ្នែកវិភាគជំងឺឆ្លងសាកលនៃមជ្ឈមណ្ឌលMRC នាទីក្រុងឡុង (MRC Centre for Global Infectious Disease Analysis at Imperial College) កាលពីថ្ងៃសុក្រកន្លងទៅ បានចេញលិខិតមួយផ្សព្វផ្សាយជាសាធារណៈថា ករណីជំងឺរលាកសួតថ្មីនៅ វូហាន ទំនងជាមានមនុស្សប្រមាណជិត ១៧០០នាក់ ដែលសង្ស័យថាមានផ្ទុកជំងឺនេះ ដែលចំនួននេះវាច្រើនជាងតួលេខដែលប្រកាសជាផ្លូវការទៅទៀត។
គួរបញ្ជាក់ថា រហូតមកទាល់ពេលនេះ គេមិនទាន់អាចសន្និដ្ឋានបានច្បាស់នៅឡើយទេពីចំនួនមនុស្សដែលបានឆ្លងតាមរយៈ មនុស្សទៅកាន់មនុស្ស ប៉ុន្តែប្រសិនបើដំណើរការឆ្លងមានសភាពខ្លាំងក្លា នោះវានឹងរីករាលដាលយ៉ាងឆាប់រហ័ស។ ជាងនេះទៅទៀត ពិតជាគួរឲ្យព្រួយបារម្ភខ្លាំងបំផុតចំពោះការចម្លងជំងឺ ខណៈពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ និងមានមនុស្សរាប់រយលាននាក់ធ្វើដំណើរទៅកាន់ប្រទេសចិន ហើយប្រជាជនចិនក៏នឹងធ្វើដំណើរកម្សាន្តទៅកាន់បណ្ដាប្រទេសដទៃផងដែរ៕
ដោយ៖ ជួប ស្រីរ័ត្ន