ឆ្នាំ២០២០នេះ ក្រុមហ៊ុនឆ្នោតវៀតណាមរំពឹងចំណេញប្រាក់ដល់ជាង៥១លានដុល្លារ
ក្រុមហ៊ុនឆ្នោតវៀតណាម HCMC Lottery Company Ltd. បានកំណត់គោលដៅថានឹងរកចំណូលឲ្យបានចំនួន ១០,២៩ពាន់ពាន់លានដុង ស្មើនឹង៤៤៥,៦លានដុល្លារ និងប្រាក់ចំណេញមុនបង់ពន្ធចំនួន ១,២ពាន់ពាន់លានដុង ឬស្មើនឹង ៥១,៩លានដុល្លារ នៅឆ្នាំ២០២០នេះ ដោយក្រុមហ៊ុនកំពុងស្រាវជ្រាវផលិត ឆ្នោតប្រភេទថ្មីបន្ថែមទៀតដែលទើបតែត្រូវបានអនុញ្ញាតដោយក្រសួងហិរញ្ញវត្ថុវៀតណាម។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានវៀតណាម VN Express កាលពីពេលកន្លងទៅ។
តាមប្រភពខាងលើបានបង្ហាញថា ក្រុមហ៊ុនឆ្នោតរបស់វៀតណាម HCMC Lottery Company Ltd. កាលពីឆ្នាំ២០១៩ អាចរកចំណូលបានចំនួន ៨,៩ពាន់ពាន់លានដុង ស្មើនឹង៣៨៥,៤លានដុល្លារ បានកើនឡើងចំនួន ១៥,២ភាគរយ ដែលធ្វើឲ្យក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញមុនបង់ពន្ធរហូតដល់៥៦,២៩លានដុល្លារ ចំនួននៃប្រាក់ចំណេញនេះមានការកើនឡើងប្រមាណ ១៣,៧ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨។
បើទោះជាប្រាក់ចំណូលភាគច្រើនបានមកពីការលក់សំបុត្រឆ្នោតបែបប្រពៃណី ប៉ុន្តែក្នុងនោះប្រាក់ចំណូលប្រមាណជិត ៥០០ពាន់លានដុង ដែលស្មើ ២១,៦៥លានដុល្លារអាមេរិក ឬមានទំហំប្រមាណ ៥,៦ភាគរយ គឺបានមកពីឆ្នោតកោសបែបថ្មីដែលអនុញ្ញាតឲ្យអតិថិជន ឃើញលទ្ធផលភ្លាមៗតែម្ដង។ ទន្ទឹមគ្នានេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុនឆ្នោតបានឲ្យដឹងថា «ឆ្នោតកោសកំពុងតែរីកចម្រើនលើសពីការរំពឹងទុករបស់ក្រុមហ៊ុន ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី ការបោះពុម្ពក៏ត្រូវបានកំណត់ផងដែរ»៕
ដោយ៖ ជួប ស្រីរ័ត្ន