ជំងឺ​រលាកសួតអាថ៌កំបាំងថ្មី ឆក់យកជីវិតមនុស្ស ៣ នាក់ហើយនៅប្រទេសចិន​



អាជ្ញាធរចិនបានធ្វើសេចក្តីរាយការណ៍ពីករណីស្លាប់ទី ៣ ដែលបណ្តាលមកពីវីរុសដ៏អាថ៌កំបាំងដែលក្នុងនោះមានពីរករណីរកឃើញនៅទីក្រុងប៉េកាំង និងមួយទៀតរកឃើញដំបូងនៅភាគខាងត្បូងប្រទេសចិន ក្នុងនោះដែរប្រមាណជាង ១៣០ ករណីកំពុងកើតមានក្នុងប្រទេសចិននេះ។ 

ការកើនឡើងជាច្រើនករណីនេះ បានចោទជាការងឿងឆ្ងល់ថាតើ វីរុសនេះវាចម្លងដោយវិធីណា ហើយវាក៏បានបន្ថែមការព្រួយបារម្ភអំពីការរីករាលដាលនៃជំងឺ មុនដល់រដូវនៃការធ្វើដំណើរដ៏មមាញឹករបស់ប្រទេសចិនសម្រាប់ពេលចូលឆ្នាំថ្មីខាងមុខនេះ។ គណៈកម្មការសុខាភិបាលនៅទីក្រុង Wuhan ដែលជាទីកន្លែងប្រភពបង្កជំងឺអាថ៌កំបាំងថ្មីនេះកាលពីខែមុនបាននិយាយនៅព្រឹកថ្ងៃច័ន្ទនេះថា មានករណីថ្មីនៃជំងឺរលាកសួតអាថ៌កំបាំងនេះចំនួន ១៣៦ ត្រូវបានរកឃើញកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ ក្នុងនោះមានអ្នកជំងឺ ៩ នាក់មានកំពុងមានសភាពធ្ងន់ធ្ងរនិងម្នាក់បានស្លាប់។ មានការផ្ទុះឡើងករណីជំងឺនេះច្រើននៅភាគខាងត្បូងប្រទេសចិនជិតទីក្រុងហុងកុង ដែលកត្តានេះបាននាំឲ្យមានការកើនឡើងនៃករណីជំងឺនេះដល់ជិត ២០០ ករណី (កើនឡើងទ្វេរដងពីការរាយការណ៍កាលពីពេលមួយថ្ងៃមុន)។ 

ករណីផ្ទុះឡើងនាពេលចុងក្រោយនេះ ធ្វើឲ្យរដ្ឋាភិបាលចិនមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះអ្នកជំនាញបានលើកឡើងថាវាហាក់ធ្ងន់ធ្ងរជាងការគិតរបស់គេ ព្រោះវីរុសនេះបានរីករាលដាលទៅក្រៅប្រទេសរួចទៅហើយពោលគឺប្រទេសថៃ និងប្រទេសជប៉ុនពាក់ព័ន្ធនឹងអ្នកដែលបានធ្វើដំណើរឆ្លងកាត់ទីក្រុងវូហាន។ ក្តី បារម្ភរបស់នេះក៏ព្រោះថា ប្រជាជនចិនរាប់រយលាននាក់ត្រូវបានគេព្យាករណ៍ថានឹងត្រូវធ្វើដំណើរទៅទីជិតទីឆ្ងាយក្នុងពេលសម្រាកអបអរបុណ្យចូលឆ្នាំថ្មីដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រទី ២៤ ខែមករា សប្តាហ៍នេះ ហើយមន្ត្រីសុខភាពសាធារណៈ ក៏កំពុងធ្វើការងារយ៉ាងដុតដៃដុតជើងដើម្បីបញ្ឈប់ការរីករាលដាលដ៏ធំមួយនេះ។ 

តែទោះជាយ៉ាងណា រដ្ឋាភិបាលកណ្តាលចិនបានធ្វើការធានាដល់សាធារណៈជនថា អ្វីៗកំពុងស្ថិតក្រោមស្ថានការណ៍មួយដែលខ្លួនអាចធ្វើការការពារ និងគ្រប់គ្រងបាននៅឡើយ។  

គួរបញ្ជាក់ផងដែរថា អ្នកជំងឺថ្មីដែលរកឃើញក្នុងទីក្រុងវូហានចុងសប្ដាហ៍នេះមានបុរស ៦៦នាក់ និងស្ត្រី ៧០នាក់ ដែលមានអាយុចន្លោះពី ២៥ ដល់ ៨៩ឆ្នាំ នេះបើយោងតាមរបាយការណ៍ពីគណៈកម្មការសុខភាពចិនកាលពីថ្ងៃច័ន្ទ ហើយក៏បានបញ្ជាក់ពីអាការៈនៃជំងឺអាថ៌កំបាំងមួយនេះថាវាស្ទើរដូចជំងឺផ្តាសាយធម្មតា ក្អក និងពិបាកដកដង្ហើម៕

ដោយ៖ យ៉ាយ៉ា
ប្រភព​រួបភាពពី៖ aljazeera.com

X
5s