ស្ថិតក្នុងស្ថានការណ៍កាន់តែលំបាក ធ្វើឲ្យអ្នកកាន់តែមានថាមពលតាមរយៈវិធីទាំង ៥ នេះ
ពេលវេលាដ៏លំបាក តែងដាក់ទុក្ខទោសដល់មនុស្សដូចជាការដាក់សម្ពាធ គំនាបផ្លូវកាយ និងចិត្ត ធ្វើឲ្យយើងមានអារម្មណ៍ថាហត់នឿយខ្លាំង ចង់បោះបង់អ្វីៗចោលទាំងអស់ព្រោះពេលខ្លះទ្រាំស្ទើរលែងចង់បាន។ តែពេលខ្លះស្ថានការណ៍ដែលលំបាក និងអាក្រក់ទាំងនោះបានធ្វើឲ្យមនុស្សប្រឹងប្រែងជំនះរហូតទទួលបានភាពជោគជ័យ ហើយអ្វីដែលសំខាន់គឺវាបានផ្តល់នូវភាពរឹងមាំដែលអ្នកស្ទើរតែមិនដឹងខ្លួនថាទទួលបានវាដោយវិធីណា។
ខាងក្រោមនេះ នឹងបង្ហាញអ្នកថាស្ថិតក្នុងស្ថានការណ៍កាន់តែលំបាកអ្នកនឹងកាន់តែរឹងមាំ មានថាមពល និងជោគជ័យដោយអនុវត្តវិធីសាស្រ្តទាំង ៥ នេះ៖
១) កំណត់គោលដៅច្បាស់លាស់
គ្មានអ្វីដែលអាចទទួលបានជោគជ័យតាមបំណង ដោយមិនបានកំណត់គោលដៅច្បាស់លាស់ឡើយ ពិសេសសម្រាប់អាជីវកម្មទៀតគឺកាន់តែមិនអាចទៅរួចតែម្តង។ យើងមិនអាចចាត់ទុកថា គោលដៅនរណាម្នាក់ត្រូវឬខុសបានឡើយ លើកលែងម្នាក់នោះជ្រើសយកផ្លូវទុច្ចរិតសម្រាប់ជីវិតតែប៉ុណ្ណោះ។ មនុស្សខុសគ្នា ជ្រើសផ្លូវដើរក៏ខុសគ្នា លទ្ធផលទទួលបានកាន់តែខុសគ្នា ឧទាហរណ៍បុគ្គលមួយចំនួនមានគំនិតថាបញ្ចប់ការសិក្សា ហើយក៏ចេញធ្វើការ ចង់បង្កើតគ្រួសារ មានផ្ទះសំបែង។ ឯបុគ្គលមួយចំនួនអាចនឹងចង់បើកអាជីវកម្មធំមួយឲ្យបានជោគជ័យមុនពេលសម្រេចចិត្តមានគ្រួសារជាដើម។ ដូច្នេះ ជម្រើសនីមួយៗមិនអាចកំណត់ថាមួយណាត្រូវ មួយណាខុសឡើយ អ្វីដែលអ្នកត្រូវគិតគឺកំណត់ឲ្យច្បាស់ពីគោលដៅ និងភាពជោគជ័យដែលខ្លួនចង់បាន ហើយប្រឹងប្រែងដើម្បីទទួលបានផ្លែផ្កា។
២) ប្រឹងបញ្ជៀតខ្លួនចូលក្នុងមជ្ឈដ្ឋានដែលអាចគាំពារ និងផ្តល់កម្លាំងដល់ខ្លួនឯង
យើងទទួលស្គាល់ថាអ្នកពិតជារឹងមាំ តែអ្នកក៏មិនអាចបណ្តោយឲ្យខ្លួនឲ្យរស់ទ្រាំជាមួយភាពឈឺចាប់ សម្ពាធ និងភាពឯកាតែម្នាក់ឯង និងរយៈពេលនោះទេ ព្រោះប្រាកដណាស់ថាអ្នកនឹងដួលនៅថ្ងៃណាមួយបើនៅតែបន្តជំនះវាម្នាក់ឯងបែបនេះ។ នៅពេលដែលអ្នកកំពុងប្រឈមស្ថានភាពមួយដែលលំបាក ហើយអ្នកព្យាយាមគេចពីអ្នកជុំវិញខ្លួនហើយសម្ងំនៅតែម្នាក់ឯងវានឹងធ្វើឲ្យអ្នកឈឺចាប់ រងសម្ពាធកាន់តែខ្លាំង។ អ្វីដែលអ្នកត្រូវធ្វើគឺព្យាយាមរកអ្នកដែលនៅក្បែរខ្លួនអាចជួយជម្រុញទឹកចិត្តអ្នក ការពារលួងលោមអ្នក ហើយក៏អាចសម្រាលការឈឺចាប់ ទុក្ខព្រួយរបស់អ្នកបាន។ ត្រូវចាំថា កម្លាំងចិត្តវិជ្ជមាននឹងផ្តល់ឲ្យអ្នកនូវភាពរឹងមាំ ក្លាហាន ថាមពល និងសុខភាពដ៏ប្រពៃ។
៣) សម្រាកបន្តិច ដើម្បីដំណើរឲ្យបានកាន់តែឆ្ងាយ
ធ្វើដំណើរលើផ្លូវជីវិតកាន់តែឆ្ងាយ ភាពហត់នឿយក៏កាន់តែខ្លាំង ដូច្នេះបើអ្នកហត់ខ្លាំងពេកសម្រាកបន្តិចសិនទៅ តែការសម្រាកនេះគឺជាការសន្សំកម្លាំងដើម្បីបន្តដំណើរទៅមុខទៀត។ ពេលខ្លះ មនុស្សមួយចំនួនបានខំប្រឹងជំនះទាំងខ្លួនហត់ទាំងកាយទាំងចិត្តព្រោះតែខ្លាចខាតពេល ចង់សម្រេចក្តីគោលដៅលឿន ដែលការជំនះនេះជះឥទ្ធិពលអាក្រក់បំផុតដល់ភាពជោគជ័យរបស់ខ្លួនទៅវិញ។
៤) កុំបោះបង់អ្វីដែលជាចំណង់ចំណូលចិត្ត
រឿងមួយដែលត្រូវចាំគឺ អ្នកមិនត្រូវបោះបង់អ្វីដែលជាចំណង់ចំណូលចិត្តរបស់ខ្លួនទេ ព្រោះធ្វើកិច្ចការងារមួយដែលអ្នកស្រលាញ់ពេញចិត្ត និងជាចំណង់ចំណូលចិត្តរបស់អ្នក វាមិនធ្វើឲ្យអ្នកធុញទ្រាន់ និងមានគំនិតចង់បោះបង់ចោលដោយងាយៗនោះទេ។ ប្រើចំណង់ចំណូលចិត្ត និងភាពប៉ិនប្រសប់ដើម្បីជម្រុញឲ្យគោលដៅ និងក្តីសុបិនអ្នកបានជោគជ័យ។
៥) រាល់សកម្មភាពការងារភារកិច្ចត្រូវប្រឹងប្រែងឲ្យអស់ (យកចំណុចកំពូលជាអាទិភាព)
ពេលវេលាលំបាក តែងដើរតួជាឧបសគ្គរារាំងមនុស្សរាល់គ្នាមិនឲ្យដើរទៅគោលដៅដែលខ្លួនចង់បាន វាបានបង្កើតឲ្យមានគំនិតអវិជ្ជមាន ជម្រុញឲ្យមនុស្សយើងបោះបង់ចោលក្តិស្រមៃដែលខ្លួនចង់បាន។ តែបើយើងពិតជាស្រលាញ់ ពិតជាចង់ធ្វើឲ្យគោលដៅរបស់យើងសម្រេចបានត្រូវចាំថា រាល់ការងារ ឬសកម្មភាពទាំងឡាយកុំធ្វើអ្វីលំៗ ត្រូវដាក់កំហិតថាការងារដែលអ្នកធ្វើត្រូវតែល្អ។ ពាក្យថា "ការងារត្រូវតែល្អ” ចំណុចនេះសំដៅដល់សកម្មភាពដែលយើងធ្វើ ត្រូវធ្វើឲ្យអស់ពីចិត្ត ព្រោះថាបើការងារមួយនោះទទួលបានលទ្ធផលមិនសូវជាល្អក៏ដោយ ក៏យើងមិនសោកស្តាយចំពោះអ្វីដែលយើងបានធ្វើរួចមកដែរ។
ឧទាហរណ៍ងាយយល់មួយ ពិធីការីនីក្នុងកម្មវិធីលំដាប់អន្តរជាតិមួយ មានតួនាទីសម្របសម្រួលកម្មវិធីដែលមានភ្ញៀវបរទេសចូលរួមប្រមាណជា ១,០០០នាក់។ ដោយសារពិធីការីនីរូបនេះជាអ្នកអាជីព គាត់គិតថាមិនចាំបាច់សមមុនថ្ងៃទេចាំដល់ថ្ងៃកម្មវិធីចាំទៅតែម្តង។ ជាក់ស្តែង ថ្ងៃកម្មវិធីមកដល់ពិធីការីមិនបានដឹងថា គេតម្រូវឲ្យពិធីការីនីដើរលើឆាកដែលមានការ៉ូកញ្ចក់រលោកប្រឹលនោះទេ ហើយជាពិធីការីនីត្រូវពាក់ស្បែកជើងកែងចោតខ្ពស់ទៀត វាពិតជាធ្វើឲ្យគាត់ពិបាកខ្លាំងទម្រាំសម្របសម្រួលដល់ចប់កម្មវិធី។ បើគាត់បានត្រៀម សម ទុកមុនគាត់នឹងមិនធ្វើឲ្យការងារមួយនេះបញ្ចប់ទៅដោយភាពតានតឹងដល់ខ្លួនយ៉ាងនេះទេ យ៉ាងហោចណាស់ក៏គាត់អាចត្រៀមស្បែកជើងដែលអាចសម្រួលដល់ការដើរ និងទប់លំនឹងខ្លួននៅលើឆាកបានស្រួលជាងនេះដែរ។ ដូច្នេះគ្រប់សកម្មភាពដែលបានធ្វើ ត្រូវកំណត់ធ្វើយ៉ាងណាឲ្យខ្លួនឯងស្ថិតក្នុងចំណុចប្រសើរបំផុតមួយ ដែលជាកម្លាំងចិត្តជម្រុញអ្នកឲ្យធ្វើការងារមួយបានសម្រេច៕
ដោយ៖ យ៉ាយ៉ា