គួរឲ្យភ្ញាក់ផ្អើល! អ្នកវិទ្យាសាស្ត្ររកឃើញថាមនុស្សជាតិនឹងសាបសូន្យប្រសិនបើឃ្មុំផុតពូជ
នៅក្នុងជំនួប Royal Geographic Society ក្នុងទីក្រុងឡុងប្រទេសអង់គ្លេស វិទ្យាស្ថានEarthwatch បានបង្ហាញ ដោយផ្អែកតាមរយៈរបាយការណ៍ The Guardian កាលពីឆ្នាំ២០០៨ ថា សត្វឃ្មុំគឺជាប្រភេទសត្វដែលសំខាន់បំផុតនិងមិនអាចខ្វះបានសម្រាប់ភពផែនដី ហើយប្រសិនបើសត្វឃ្មុំផុតពូជនៅថ្ងៃនេះ មនុស្សជាតិក៏នឹងសាបសូន្យទៅយ៉ាងឆាប់រហ័សផងដែរ។ តើហេតុអ្វីបានជា សត្វឃ្មុំផុតពូជ នឹងធ្វើឲ្យមនុស្សនៅលើផែនដីវិនាសសាបសូន្យ?
ជាការពិត សត្វឃ្មុំមានទំនាក់ទំនងនិងតួនាទីយ៉ាងសំខាន់ក្នុងការធ្វើដំណើរលំអងឲ្យរុក្ខជាតិមានផ្កាផ្លែ ដែលទំនាក់ទំនងនេះមានរយៈពេលជិត ១០០លានឆ្នាំ ទៅហើយ និងបានជំរុញឲ្យមានការបង្កើតពូជរុក្ខជាតិថ្មីៗជាច្រើនប្រភេទ រួមទាំងជំរុញឲ្យមានការកើនឡើងនូវមនុស្សជាតិលើភពផែនដីផងដែរ។ រុក្ខជាតិផ្កា ប្រហែលជា២៥ម៉ឺនប្រភេទគឺពឹងផ្អែកលើឃ្មុំ ដែលបានរួមចំណែកយ៉ាងសំខាន់សម្រាប់កសិកម្មពិភពលោក។ សត្វឃ្មុំ អាចបង្កើនទិន្នផលប្រមាណ៩០ភាគរយលើដំណាំដូចជា ផ្លែប៉ោម, ប្លូប័រីជាដើម រួមនិងផ្លែត្រសក់ប្រមាណ៣០ភាគរយ។
សត្វឃ្មុំមានជាង២ម៉ឺនប្រភេទ គឺចាប់ពីទំហំ២មីលីម៉ែត្រ ដល់៤សង់ទីម៉ែត្រ។ ឱសថជាច្រើន រួមនឹងឱសថបុរាណផងដែរ ត្រូវបានផ្សំឡើងដោយរុក្ខជាតិផ្កា ហើយរុក្ខជាតិកប្បាសដែលបម្លែងមកធ្វើជាសំលៀកបំពាក់ ក៏ត្រូវបានរួមចំណែកយ៉ាងសំខាន់ដោយសត្វឃ្មុំ។ បច្ចុប្បន្ន ដោយសារតែសត្វឃ្មុំត្រូវបានប្រឈមនឹងការផុតពូជ ទើបតាមបណ្ដាអង្គការនានាមិនថាអន្តរជាតិ រួមនឹងកម្ពុជាផងដែរបានចេញនូវវិធានការដើម្បីទប់ស្កាត់ និងការពារសត្វឃ្មុំទាំងនោះ៕
ដោយ៖ ជួប ស្រីរ័ត្ន