បុគ្គលិកត្រូវចាំ! ត្រូវធ្វើជាយិនស៊ិនដែលគ្រប់គ្នាត្រូវការ ជាជាងធ្វើជាដែកដុះស្នឹមដែលគេទើសទាល់​



គ្មាននរណាចង់ឮពាក្យថាខ្លួនជាបុគ្គលិកដុះស្នឹមនោះទេ ព្រោះដោយសារពាក្យដុះស្នឹមនេះត្រូវបានមនុស្សមួយចំនួនប្រើខុសលើបុគ្គលិកមួយចំនួនដែលបំរើការងារនៅស្ថាប័នមួយ។ បុគ្គលិកដែលបំរើការងាររយៈពេលយូរក្នុងក្រុមហ៊ុន ឬអង្គភាពមួយមិនមែនសុទ្ធតែជាស្នឹមទេ ព្រោះបុគ្គលមួយចំនួនបានលះបង់ស្ទើរគ្រប់បែបយ៉ាងដើម្បីឲ្យក្រុមហ៊ុនឬអង្គភាពរបស់ខ្លួនមានភាពជោគជ័យដូចសព្វថ្ងៃ។

ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយជាមួយក្រុមការងារ BizKhmer អ្នកស្រី ឃុន ពិសី ស្ថាបនិក Workingna បានមានប្រសាសន៍ថា៖ “ធ្វើការងារក្នុងស្ថាប័នណាមួយកុំរង់ចាំឲ្យគេប្រើពាក្យថា ខ្លួនជាបុគ្គលិកដុះស្នឹមនៅទីនោះ ព្រោះយើងដឹងហើយថាស្នឹមមិនដែលផ្តល់ផលល្អទេ បើមានស្នឹមគឺច្បាស់ជាមានបញ្ហា ហើយដាច់ខាតត្រូវតែសម្អាតចេញ"។ 

អ្នកសីរិបានបន្តទៀតថា៖ "គ្រប់ស្ថាប័នមិនថាតូចឬធំទេគឺច្បាស់ជាមិនចង់ឲ្យបុគ្គលិកធ្វើការផ្លាស់ប្តូរញឹក ញាប់ឡើយ តែក៏មិនចង់ឲ្យបុគ្គលិកម្នាក់នៅធ្វើការងារក្នុងមុខតំណែងដដែលក្នុងរយៈពេលយូរ ហើយគ្មានការផ្លាស់ប្តូរអ្វីសោះនោះដែរ។ អ្វីដែលគេចង់បានគឺការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិក ព្រោះស្ថាប័នដឹងច្បាស់ថាការផ្លាស់ប្តូរ និងរីកលូតលាស់របស់ស្ថាប័នបានមកពីការរីកចម្រើននៃសមត្ថភាពរបស់បុគ្គលិក"។ គ្មានស្ថាប័នណាមួយ ដែលសុខចិត្តបោះបង់បុគ្គលិកដែលមានសមត្ថភាព មានភាពរីកចម្រើន អាចរុញល្បឿនដំណើរការក្រុមហ៊ុនឲ្យបានទៅដល់គោលដៅលឿននោះទេ តែអ្វីៗទាំងអស់គឺអាស្រ័យលើការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗផ្ទាល់ថា ខ្លួនគួរសម្រេចចិត្តបែបណាដើម្បីឲ្យខ្លួនឯងក្លាយជាយិនស៊ិនដ៏មានតម្លៃសម្រាប់ស្ថាប័ន បើបាត់បង់ទៅគេនឹងស្តាយ។ 

ដោយឡែក អ្នកស្រី ពិសី ក៏បានបញ្ជាក់បន្ថែមដែរថា ស្ថាប័នមួយពិតជាសប្បាយចិត្តនៅពេលដែលបុគ្គលិកអាចបន្តធ្វើការជាមួយស្ថាប័នបានយូរ ព្រោះមានបុគ្គលិកមួយចំនួនអាចជាអ្នកដែលទ្រាំកម្សត់កម្រ កវែក កឆ្នាំងជាមួយស្ថាប័នជាហេតុនាំឲ្យពួកគាត់ទទួលបានអ្វីមួយលើសពីអ្នកដទៃរាប់ចាប់តាំងពីការលើកទឹកចិត្តតាមរយៈហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ។ ក្នុងករណីនេះ បុគ្គលិកត្រូវមើលខ្លួនឯងថា វត្តមានរបស់ខ្លួនសព្វថ្ងៃបានជួយអ្វីខ្លះដល់ការរីកចម្រើនរបស់ស្ថាប័ន សមស្របនឹងអ្វីដែលខ្លួនបានទទួលពីក្រុមហ៊ុនដែរឬទេ បើវត្តមានរបស់ខ្លួនធ្វើឲ្យបំពុលដល់បរិយាកាសក្នុងស្ថាប័ន ហើយខ្លួនឯងក៏គ្មានភាពរីកចម្រើនដែរនោះ វាគួរជាពេលដែរត្រូវដើរចេញរកអ្វីថ្មីដើម្បីធ្វើឲ្យខ្លួនបានប្រសើរហើយ៕ 

ដោយ៖ យ៉ាយ៉ា

 

X
5s