មន្ទីរពេទ្យព្រះកុសុមៈ នឹងដំណើរការតាមបែបឌីជីថល ដោយប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល «ពេទ្យយើង»​



ភ្នំពេញ - ១៤ មករា ២០២០៖ ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលរបស់កម្ពុជាឈ្មោះថា «ពេទ្យយើង» និងមន្ទីរពេទ្យមិត្តភាព     កម្ពុជា-ចិនព្រះកុសុមៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់គ្នានៅព្រឹកថ្ងៃទី ១៣ មករា ឆ្នាំ២០២០ ដើម្បីបំលែងប្រតិបត្តិការ និងការផ្តល់សេវាទាំងអស់របស់មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ឲ្យដំណើរការតាមបែបឌីជីថល។

ដោយមានការឯកភាពគ្នា លោកស្រី ប៉ុង លឹមសាន ស្ថាបនិក និងជានាយកប្រតិបត្តិកម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល «ពេទ្យយើង» នៃក្រុមហ៊ុន ហ្វឺសវីម៉ិនថេកអេស៊ា និងលោកវេជ្ជបណ្ឌិត តាន់ សុគុន ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន       ព្រះកុសុមៈ បានសម្រេចឲ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ដំណើរការឲ្យបានពេញលេញដោយកម្មវិធីប្រព័ន្ធគ្រប់គ្រងឌីជីថល «ពេទ្យយើង» ក្នុងរយៈពេលមួយខែបន្ទាប់ពីពិធីចុះហត្ថលេខា។ ដូច្នេះអ្នកជំងឺ ដែលទៅទទួលពិនិត្យព្យាបាលនៅមន្ទីរពេទ្យនេះនឹងអាចទទួលបានសេវាថែទាំសុខភាពបែបឌីជីថលក្នុងពេលឆាប់ៗនេះ។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ គឺជាមន្ទីរពេទ្យជាតិធំជាងគេមួយនៅប្រទេសកម្ពុជាដែលផ្តល់សេវាព្យាបាលជាង ៣០ ផ្នែកទៅដល់អ្នកជំងឺ និងមានបុគ្គលិកប្រមាណ ៥០០ នាក់ ដែលកំពុងតែបម្រើសេវាវេជ្ជសាស្ត្រដល់ប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ និងមកពីទូទាំងប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិត តាន់ សុគុន ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈបានមានប្រសាសន៍ថា៖ “ជាមួយនឹងការផ្តល់ជំនួយដំណោះស្រាយបច្ចេកវិទ្យាពីកម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យបែបឌីជីថល «ពេទ្យយើង»  មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេ និងឈានមុខគេ ដែលផ្នែកសេវាវេជ្ជសាស្រ្តប្រមាណជាង ៣០ ផ្នែករបស់យើងត្រៀមខ្លួនរួចរាល់ក្នុងការបម្រើសេវាបែបឌីជីថលទៅដល់អ្នកជំងឺជារៀងរាល់ថ្ងៃក្នុងពេលឆាប់ៗនេះ។ យើងប្តេជ្ញាក្នុងការកែលម្អ និងពង្រឹងសេវាព្យាបាល ថែទាំអ្នកជំងឺរបស់យើងជាបន្តទៀត ដើម្បីឆ្លើយតមនឹងតំរូវការរបស់ពលរដ្ឋទាំងក្នុងរាជធានី និងមកពី បណ្តាខេត្តនានា។» 

លោក ប៊ិន សុជាតិ អ្នកនាំពាក្យ និង ជាទីប្រឹក្សាគ្រប់គ្រងអាជីវកម្ម នៃកម្មវិធី «ពេទ្យយើង» បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យបែបឌីជីថល «ពេទ្យយើង» របស់ក្រុមហ៊ុន ហ្វឺសវីម៉ិនថេកអេស៊ា និង មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈមានន័យថា អ្នកជំងឺជាមធ្យមចំនួនប្រមាណ ៣០០ នាក់ ដែលមកទទួលសេវា ព្យាបាលនៅមន្ទីរពេទ្យនេះជារៀងរាល់ថ្ងៃនឹងទទួលបានសេវាថែទាំសុខភាពបែបឌីជីថលព្រមទាំងក្លាយជាអ្នក ដែលមានប័ណ្ណកំណត់ត្រាព័ត៌មានសុខភាពអេឡិចត្រូនិក e-Health Visa (ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជំងឺ និងកំណត់ត្រាវេជ្ជសាស្ត្របែបឌីជីថល) ដែល «ពេទ្យយើង» គ្រោងនឹងដាក់ឲ្យដំណើរការតាមមន្ទីរពេទ្យ ឬគ្លីនិករដ្ឋ និងឯកជនទាំងអស់ ដែលប្រើកម្មវិធី «ពេទ្យយើង» ក្នុងពេលឆាប់ៗនេះ។

លោកបានបន្ថែមទៀតថា៖ «ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យបែបឌីជីថល «ពេទ្យយើង» មិនត្រឹមតែជួយកាត់បន្ថយការងាររបស់បុគ្គលិកមន្ទីពេទ្យក្នុងការរក្សាស្វែង និងរក្សាកំណត់ត្រាព្យាបាលអ្នកជំងឺប៉ុណ្ណោះទេ កម្មវិធីឌីជីថលមួយនេះថែមទាំងជួយឱ្យពួកគេធ្វើការបានលឿន និងងាយស្រួលទៀតផង ហើយអាចជួយនិងព្យាបាលអ្នកជំងឺបានកាន់តែច្រើន និងប្រសើរជាងមុននៅ ពេលពួកគាត់ប្រើប្រាស់វាស្ទាត់ជំនាញ។ ប្រព័ន្ធនេះ ក៏នឹងអាចកាត់បន្ថយការចំណាយផ្នែករដ្ឋបាលមន្ទីរពេទ្យដែរ ដោយវាជួយកាត់បន្ថយការបោះពុម្ពណា ដែលមិនចាំបាច់ លុបបំបាត់ការប្រើប្រាស់ក្រដាសមួយផ្នែកធំ ឧបករណ៍ និងទឹកថ្នាំព្រីនជាដើម»។

“មន្ទីរពេទ្យ ឬគ្លីនិកណាប្រើកម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល “ពេទ្យយើង” ពេញលេញក្នុងរយៈពេល ១៨ ខែ មន្ទីរពេទ្យ នឹងកាត់បន្ថយចំណាយរដ្ឋបាលមិនចាំបាច់បានពី៨%ទៅ១០%” ។

កម្មវិធី «ពេទ្យយើង» គឺជាប្រព័ន្ធគ្រប់គ្រងព័ត៌មាន និងកំណត់ត្រាអ្នកជំងឺ នៅក្នុងមន្ទីរពេទ្យតាមបែបឌីជីថល ប្រើបានសម្រាប់គ្រប់កំរិត នៃមន្ទីរពេទ្យរដ្ឋ ឯកជន និងគ្លីនិកតូចធំ។ កម្មវិធី «ពេទ្យយើង» ជួយឲ្យមន្ទីរពេទ្យដំណើរការបែបឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដូច្នេះរាល់ឯកសារនិងកំណត់ត្រារបស់អ្នកជំងឺត្រូវបានរក្សាយ៉ាងមានសុវត្ថិភាព ងាយស្រួលក្នុងការតាមដាន និងស្វែងរកនៅពេលក្រោយ។

រហូតមកដល់ពេលថ្មីៗនេះ កម្មវិធី «ពេទ្យយើង» ត្រូវបានដាក់ឲ្យប្រើប្រាស់នៅមន្ទីរពេទ្យ និងគ្លីនិករដ្ឋ និងឯកជនចំនួនជាង ១២០ នៅទូទាំងប្រទេសកម្ពុជា។ មន្ទីរពេទ្យរដ្ឋថ្នាក់ជាតិចំនួន ២ហើយ ដែលបានប្រើកម្មវិធី «ពេទ្យយើង» មានដូចជា មន្ទីរពេទ្យព្រះអង្គឌួង ដែលបានដំណើរតាំងពីពាក់កណ្តាលឆ្នាំ ២០១៩ និង មន្ទីរពេទ្យកុមារជាតិ ដែលបានដាក់ដំណើរការក្នុងខែ ធ្នូ ឆ្នាំ ២០១៩ កន្លងនេះ។

មកទល់បច្ចុប្បន្ននេះ «ពេទ្យយើង» មានអ្នកប្រើប្រាស់ជាប្រចាំ ប្រមាណជិត ៥.០០០ នាក់ ដែលពួកគាត់ភាគច្រើនជាគ្រូពេទ្យវេជ្ជសាស្ត្រ គ្រូពេទ្យឯកទេស អ្នកបច្ចេកទេសមន្ទីរពិសោធន៍ អ្នកបច្ចេកទេសរូបភាពសាស្ត្រ ឱសថការី ពេទ្យឆ្មប គិលានុបដ្ឋាក គ្រូពេទ្យជំនាញ និងបុគ្គលិករដ្ឋបាលមន្ទីរពេទ្យ។ 

ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល «ពេទ្យយើង» បាននិងកំពុងផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាជិត ០,៥ លាន នាក់ចាប់តាំងពីការដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០១៧។ 

«ពេទ្យយើង» ក៏គ្រោងនឹងដាក់ឲ្យដំណើរការសេវាកម្មថ្មីមួយទៀត ឈ្មោះថា e-Health Yoeung ដែលជាសេវាគ្រប់គ្រងកំណត់ត្រាអ្នកជំងឺដំបូងគេរបស់ប្រទេសកម្ពុជានៅត្រីមាសទីមួយ ឆ្នាំ២០២០នេះផងដែរ។  កម្មវិធី «ពេទ្យយើង» មានចក្ខុវិស័យចូលរួមចំណែកក្នុងការអភិវឌ្ឍសេវាសុខាភិបាលឌីជីថលនៅកម្ពុជាតាមរយៈប្រើប្រាស់បច្ចេកវិទ្យាទំនើបជាមួយនឹងរដ្ឋាភិបាល។

 

តាមរយៈក្រសួងសុខាភិបាល និងមន្ទីរពេទ្យរដ្ឋ ឯកជននានា ដើម្បីសុខភាពពលរដ្ឋ និងអ្នកមកទទួលសេវាព្យាបាលទាំងអស់ នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជននៅកម្ពុជា៕

សម្រាប់អ្នកសារព័ត៌មាន ៖

លោក ប៊ិន សុជាតិ 

ទីប្រឹក្សាគ្រប់គ្រងអាជីវកម្ម

កម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល “ពេទ្យយើង”

ក្រុមហ៊ុនហ្វឺសវីម៉ិនថេកអេស៊ា 

 + ៨៥៥ ១២ ៩៩៥ ២២៦ ឬ [email protected]

 

 

X
5s