ក្រសួងសុខាភិបាល៖ ជំងឺរលាកសួតចម្លែកថ្មីគ្មានរោគសញ្ញាគួរឲ្យកត់សម្គាល់ណាមួយឡើយ​



អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត តេង ស្រី បានប្រាប់មកគេហទំព័រ BizKhmer កាលពីល្ងាចថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០ ថា ជំងឺរលាកសួតចម្លែកថ្មីដែលក្រសួងបានចេញសេចក្តីប្រកាសឲ្យមានការប្រុងប្រយ័ត្ននោះ មិនមានរោគសញ្ញាគួរឲ្យសង្ស័យ ឬកត់សម្គាល់អ្វីនោះឡើយ។ ជំងឺរលាកសួតចម្លែកថ្មីនេះមានអាការៈដូចទៅនឹងអ្នកជំងឺសួតធម្មតា ឬស្រដៀងនឹងអាការៈផ្តាសាយដែលធ្វើឲ្យអ្នកជំងឺគ្រុនក្តៅ ក្អក ពិបាកដកដង្ហើម នេះជាក្តីបារម្ភមួយព្រោះជំងឺនេះទាល់ថតសួត (X-Ray) ទើបអាចឃើញមានដំបៅសួត។ 

លោកស្រីវេជ្ជបណ្ឌិត តេង ស្រី បានមានប្រសាសន៍ទៀតថា មកទល់ពេលនេះទាំងក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលចិននៅមិនទាន់អាចរកឃើញពីប្រភពបង្កជំងឺកាចសាហាវមួយនេះទេ តែក្រសួងស្នើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ទោះជារបាយការណ៍ពីអង្គការសុខភាពពិភពលោកបញ្ជាក់ថាមិនទាន់មានសញ្ញាណាមួយបង្ហាញថាជំងឺមួយនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតក្តី។ អ្វីដែលគួរយកចិត្តទុកដាក់ គឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំណោះអ្នកដែលទើបធ្វើដំណើរមកពីប្រទេសចិន ពិសេសទីក្រុងវូហាន ខេត្តហ៊ុយបេតែម្តង។ ក្រសួងសុខាភិបាលក៏បានអះអាងដែរថា គិតមកទល់ពេលមិនទាន់មានផ្ទុះករណីជំងឺនេះក្នុងប្រទេសកម្ពុជាយើងទេ តែក្រសួងអំពាវនាវដល់អ្នកទើបមកពីប្រទេសចិនមកធ្វើការពិនិត្យសុខភាពឲ្យបានឆាប់រហ័សបើខ្លួនមានអាការៈ ក្អក ក្តៅខ្លួន ពិបាកដកដង្ហើមជាដើម។ 

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដល់អ្នកដែលនឹងត្រូវធ្វើដំណើរទៅប្រទេសចិន ដោយចេះថែរក្សាសុខភាពផ្ទាល់ខ្លួន អនុវត្តតាមក្បួនច្បាប់អនាម័យឲ្យបានជាប់លាប់ អ្វីដែលពិសេសគឺត្រូវលាងដៃជាមួយសាប៊ូនិងទឹកស្អាតឲ្យបានច្រើនដង។

គួរបញ្ជាក់ផងដែរថា ជំងឺរលាកសួតចម្លែកថ្មីនេះបានរាលដាលដល់ប្រទេសថៃខណៈដែលអ្នកជំងឺជនជាតិ ៣រូបត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីពួកគេត្រលប់មកពីប្រទេសចិន (ទីក្រុងវូហាន) ហើយបានគេកត់សម្គាល់ឃើញថាមានអាការៈជំងឺស្រដៀងជំងឺសារ (SARS)។ ដោយឡែក គិតត្រឹមថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២០ នៅប្រទេសចិនជំងឺនេះមាន ៥៩ ករណីហើយ ខណៈនៅទីក្រុងហុងកុងមាន ២១ករណី៕

ដោយ៖ យ៉ាយ៉ា

 

X
5s