លោកបណ្ឌិត អ៊ឹម សុធារិទ្ធ៖ ដើម្បីធ្វើឲ្យអង្គភាពមួយរីកចម្រើន ត្រូវមានអាវុធ គ្រាប់ និងយុទ្ធសាស្រ្ត​



អង្គភាពមួយអាចរីកចម្រើន ឬដួលរលំអាស្រ័យលើការដឹកនាំ និងការសហការគ្នាពីមនុស្សគ្រប់រូបដែលមានតួនាទីផ្សេងៗគ្នាក្នុងអង្គភាព។

ថ្លែងក្នុ​ងកម្មវិធី ជំនួប​នាយោជក និង​នោយោជិក​រៀប​ចំដោយ​ Workingna កាលពី​ខែ​ធ្នូ ឆ្នាំ២០១៩ កន្លង​ទៅ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ ប្រធានផ្នែកលក់នៅក្រុមហ៊ុន Khmer Beverages និងជានាយកផ្នែកធនធានមនុស្សនៅក្រុមហ៊ុន Chip Mong Group បានមានប្រសាសន៍ថា ប្រសិនបើសហគ្រិនចង់ឲ្យអាជីវកម្មរបស់ខ្លួនមានដំណើរការរីកចម្រើនទៅមុន ដាច់ខាតត្រូវមានសសរស្តម្ភទាំង ៣ ខាងក្រោមនេះ

១) អាវុធ
អាវុធ (Tool) ក្នុងអាជីវកម្មគឺសំដៅដល់ធនធានទាំងឡាយដូចជា អគារ គ្រឿងចក្រ រោងចក្រ មានប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការ។ បើមានចិត្តបើអាជីវកម្មមួយ តែក្នុងខ្លួនសហគ្រិនគ្មានសូម្បីការិយាល័យមួយសម្រាប់អាជីវកម្មខ្លួនឯង គ្មានធនធានដើម្បីដំណើរការអាជីវកម្មមួយនោះ គ្មានសូម្បីចំណេះដឹងដើម្បីធ្វើការងារមួយនេះ ធ្វើយ៉ាងណាទើបអាចជំរុញឲ្យក្តីស្រមៃរបស់ខ្លួនក្លាយជាការពិតបាន។ 

២) គ្រាប់
គ្រាប់ សំដៅដល់ហិរញ្ញវត្ថុសម្រាប់ដំណើរការប្រតិបត្តិការទាំងមូល គ្មានអាជីវកម្មណាដែលអាចដើរទៅមុខបានដោយមិនត្រូវការហិរញ្ញវត្ថុ ឬមិនប្រើលុយនោះទេ។ ធនធានហិរញ្ញវត្ថុសម្រាប់អាជីវកម្មត្រូវការតាំងតែពីពេលចាប់ផ្តើមអាជីវកម្មដំបូង មិនទាន់បានលក់ផលិតផល ឬសេវាកម្មផងត្រូវការចាយលុយបាត់ទៅហើយ។ ក្រៅពីនេះតម្រូវការធនធានហិរញ្ញវត្ថុចាំបាច់សម្រាប់ការពង្រីកអាជីវកម្ម ពង្រីងលទ្ធភាពផលិតកម្ម ពង្រីកទីផ្សារឲ្យកាន់តែធំជាងមុន ក៏ដូចជាបង្កើនការអភិវឌ្ឍផលិតផលឲ្យកាន់តែច្រើនជាងមុនទៀត។

៣) យុទ្ធសាស្រ្ត
យុទ្ធសាស្ត្រនេះជាចំណុចស្លាប់រស់របស់ក្រុមហ៊ុនឬអាជីវកម្មមួយ មិនថាក្រុមហ៊ុនមួយមានលុយច្រើនកម្រិតណា មានរោងចក្រធំ អាចផលិតបានផលិតផលឬសេវាកម្មច្រើន និងល្អយ៉ាងណា តែបើខ្វះអ្នកមានសមត្ថភាពបាញ់តម្រង់ទីផ្សារបានត្រឹមត្រូវគឺ នៅតែបរាជ័យដដែល។ វាមិនខុសពីទាហាននៅក្នុងសមរភូមិទេ បើកាលណាពួកគេមានអាវុធល្អទំនើប មានគ្រាប់គ្រប់គ្រាន់នៅក្នុងដៃ តែគ្មានតិកនិកបាញ់ មិនចេះតម្រង់ឲ្យចំគោលដៅមុនពេលបាញ់ នោះកាំភ្លើងនិងអាវុធនៅក្នុងដៃនោះគឺត្រូវទុកជាអាសារបង់ដដែល។ ដូច្នេះ ចំពោះអាជីវកម្មមួយដែលមានរោងចក្រផលិតធំ មានលុយគ្រប់គ្រាន់ដើម្បីផលិតផលដែលទីផ្សារត្រូវការ តែខ្វះអ្នកលក់ពូកែទោះបីជាផលិតផលនោះល្អកប់ពពក គុណភាពល្អផ្តាច់យ៉ាងណាក៏មិនអាចឈរជើងបានដែរ ព្រោះលក់មិនដាច់ផង។ ផលិតផលល្អមិនត្រូវបានគេស្គាល់ព្រោះបុគ្គលិកខ្លួនឯងសឹងតែមិនស្គាល់ពីផលិតផលខ្លួនឯងផង រោងចក្រដ៏ធំដែលមានសមត្ថភាពបានរាប់ម៉ឺនផលិតផល នឹងត្រូវក្លាយជាអេតចាយព្រោះខាតអស់ហើយ៕

ដោយ៖ យ៉ាយ៉ា

 

X
5s