ប្លែកខ្លាំង! បុរសជនជាតិថៃម្នាក់ប្រើពន្លឺព្រះអាទិត្យអាំងមាន់មានរសជាតិឈ្លុយឆ្ងាញ់ (មានវីឌីអូ)
លោក Sila Sutharat អាយុ ៦១ឆ្នាំ ម្ចាស់ហាង ไก่ย่าง พลังงานแสงอาทิตย์ រស់នៅខេត្ត Phetchaburi ភាគខាងលិចប្រទេសថៃ បានបង្កើតភាពល្បីល្បាញដល់តំបន់ និងប្រទេសតាមរយៈការអាំងមាន់អាជីពបែបប្លែកមួយរបស់លោក។
អ្នកលក់មាន់អាំង (តាមផ្លូវ) យ៉ាងជំនាញមួយរូបនេះបានប្រើពន្លឺព្រះអាទិត្យជាកម្ដៅផ្ទាល់ ដើម្បីអាំងមាន់សម្រាប់អាជីវកម្មហាងបាយតូចមួយពីរនាក់ប្រពន្ធរបស់លោក ដែលពីដំបូងមនុស្សគ្រប់គ្នាបានគិតថាវាជាគំនិតឆ្កួតបំផុតហើយវានឹងមិនអាចទៅរួចឡើយ។ លោកបានប្រើកញ្ចប់ជាង ១,០០០ផ្ទាំងដើម្បីទាញយកពន្លឺបង្កើតជាកម្តៅក្នុងការអាំងមាន់ ហើយលោកបានប្រើវិធីសាស្រ្តមួយនេះតាំងពីឆ្នាំ ១៩៩៧ មកម៉្លេះ។ លោកបានបញ្ជាក់ថា ការអាំងដោយប្រើពន្លឺព្រះអាទិត្យនេះមានសីតុណ្ហភាព ៣១២អង្សារសេ (៥៩៤ F) ដែលអាចចំអិនសាច់មាន់បានឆ្អិនល្អត្រឹមតែរយៈពេល ១២នាទីប៉ុណ្ណោះ អ្វីដែលពិសេសការអាំងមាន់តាមវិធីរបស់លោកនេះមិនធ្វើឲ្យសាច់មាន់ស្ងួត ក្សោះជាតិទេ តែវាបានរក្សាអនាម័យ ដោយសារគ្មានអណ្តាតភ្លើង ផ្សែង ឬកំទេចខ្លោចជាប់លើសាច់មាន់ឡើយ។
ការដែលជំរុញឲ្យលោកនឹកឃើញវិធីមួយនេះក៏ដោយសារ កាលពីជាង ២០ឆ្នាំមុនតម្លៃហ្គាស ប្រេង សាំង អ្វីទាំងអស់ដែលទាក់ទងនឹងថាមពលកំពុងចាប់ផ្តើមឡើងថ្លៃ សូម្បីឈើក្នុងព្រៃក៏ត្រូវកាប់បំផ្លាញស្ទើរអស់ដែរ ជាហេតុធ្វើឲ្យអ្នកប្រកបអាជីវកម្មលក់ដូរបាយម្ហូបដូចគ្រួសារជួបបញ្ហា។ លោកបាននិយាយបន្តថា “មានថ្ងៃមួយ មានរថយន្តក្រុងឈប់នៅតាមដងផ្លូវ ហើយពន្លឺព្រះអាទិត្យបានចាំងប៉ះកញ្ចក់ឡាន ហើយផ្លាតជះពន្លឺមកប៉ះខ្លួនខ្ញុំ វាធ្វើឲ្យស្បែកខ្ញុំក្តៅ ហើយក៏មានឡានមួយមកទៀត ចាំងពន្លឺមកប៉ះបន្ថែមស្បែកខ្ញុំកាន់ក្តៅ ក្តៅទៅ! ក្តៅទៅ! វាពិតជាក្តៅខ្លាំងមែន។ ខ្ញុំគិតទៀតថា បើយើងយកវាមកបំលែងធ្វើអ្វីដែលមានប្រយោជន៍សម្រាប់មុខរបរហាងបាយវិញវានឹងល្អ សន្សំបានច្រើន ហើយការពារការបំពុលបរិយាកាសបានទៀត បន្ទាប់មកខ្ញុំក៏ចាប់ផ្តើមច្នៃវាបន្តិចម្តងៗ តែមនុស្សភាគច្រើនគិតថាខ្ញុំឆ្កួត ព្រោះវាមិនអាចទៅរួចទេដែលចង់ធ្វើបែបនេះ"។
អតិថិជនដែលជាម៉ូយប្រចាំហាងបាយរបស់លោក បានធ្វើការកោតសរសើរពីរសជាតិដ៏ឈ្ងុយឆ្ងាញ់ដែលបានពីការប្រឡាក់គ្រឿង និងការអាំងយ៉ាងពិសេសរបស់លោក ហើយពួកគេបាននិយាយថា៖ “មាន់អាំងនៅកន្លែងគាត់មានភាពទន់ឆ្ងាញ់ មិនទ្រលាន់ឆ្លាញ់ តែមិនក្សោះដូចមាន់អាំងផ្សេងទេ សំខាន់មិនមានជាប់កំទេចខ្លោចលើសាច់មាន់ដែលបណ្តាលឲ្យប៉ះពាល់សុខភាពទេ"។
លោក Sila Sutharat និងប្រពន្ធលោកស្រី Pansri ត្រូវរៀបមាន់ជាង ៤០ក្បាល និងសាច់ជ្រូកមួយចំនួនទៀតជារៀងរាល់ព្រឹកដោយប្រឡាក់គ្រឿងជាមួយគល់ស្លឹកគ្រៃ ខ្ទឹមស ពិសេសនិងការអាំងបែបពិសេសរបស់គាត់៕
ដោយ៖ យ៉ាយ៉ា