ដឹងអត់! កែវកាហ្វេជាង៩៩% ប្រើប្រាស់ហើយមិនអាចច្នៃឡើងវិញ
កែវកាហ្វេក្រដាសដែលយើងប្រើប្រាស់សព្វថ្ងៃនេះ គឺមាន ៩៩,៧៥% ទៅហើយដែលមិនអាចយកមកកែច្នៃប្រើប្រាស់ឡើងវិញបាន ដែលវាហាក់ដូចជាខ្ជះខ្ជាយនិងប៉ះពាល់ដល់បរិស្ថានណាស់ ដោយសារតែកែវកាហ្វេទាំងនោះផលិតឡើងអាចឲ្យយើងប្រើប្រាស់បានតែម្ដងប៉ុណ្ណោះ។ ថ្វីត្បិតតែកែវកាហ្វេទាំងនោះជាប្រភេទក្រដាស ប៉ុន្តែវាបានផ្សំជាមួយនឹងសារធាតុប្លាស្ទិកប្រមាណជា៥%ដែលធ្វើឲ្យកែវទាំងនោះមិនអាចយកមកកែច្នៃឡើងវិញបានឡើយ។
កែវកាហ្វេក្រដាសដែលត្រូវបានគេបោះបង់ចោលក្នុងមួយឆ្នាំៗមានចំនួនប្រមាណជាង កន្លះពាន់ពាន់លាន ឬស្មើនឹង៧០កែវសម្រាប់មនុស្សម្នាក់ៗ។ នៅអង់គ្លេស កាលពីឆ្នាំ២០១១ គេបានប៉ាន់ស្មានថា មានកែវកាហ្វេប្រមាណ ២,៥ពាន់លាន ត្រូវបានគេបោះចោលជារៀងរាល់ឆ្នាំ ហើយចំនួននេះបានកើនឡើងជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ន ដែលវាកំពុងតែចូលរួមបំផ្លាញដល់បរិស្ថានពិភពលោក។
ហាងកាហ្វេធំៗភាគច្រើននៅអង់គ្លេស ដូចជា Costa និង Starbucks ជាដើម បានលើកឡើងថាពួកគេកំពុងតែចាប់ផ្ដើម ច្នៃប្រភេទកែវកាហ្វេទាំងនោះដើម្បីប្រើប្រាស់ឡើងវិញ ក្នុងករណីដែលភ្ញៀវបោះចោលកែវកាហ្វេទាំងនោះនៅក្នុងហាង។ ដោយឡែកនៅកម្ពុជាវិញ ប្រភេទកែវជ័រ និងប្រភេទកែវកាហ្វេក្រដាសទាំងនោះ ពលរដ្ឋខ្មែរភាគច្រើនហាក់កំពុងតែប្រើប្រាស់ដោយខ្ជះខ្ជាយនៅឡើយ ដោយសារពួកគាត់មួយចំនួនពុំទាន់បានយល់ច្បាស់ពីផលប៉ះពាល់ធ្ងន់ធ្ងរនៃសំណល់ទាំងនោះចំពោះបរិស្ថាន។
នៅខាងក្នុងក្រដាសគឺជាស្រទាប់ប្លាស្ទិកស្ដើងដែលគេប្រើដើម្បីរក្សាសីតុណ្ហភាពក្នុងកែវកាហ្វេ ដូច្នេះវាពិតជាពិបាកសម្រាប់រោងចក្រក្នុងការកែច្នៃប្រភេទកែវនោះ ដើម្បីប្រើប្រាស់ឡើងវិញ។ ជាការពិត ដោយសារតែអ្នកមិនអាចកែច្នៃប្រភេទកែវទាំងនេះ ដូច្នេះអ្នកគួរចូលរួមកាត់បន្ថយការប្រើប្រាស់ដោយជ្រើសរើសយកមធ្យោបាយផ្សេងៗដូចជា ការជំនួសដោយដបឬកែវដែលអាចប្រើប្រាស់បានច្រើនដង៕
ប្រភព៖ BBC NEWS, recycle coach
ដោយ៖ ជួប ស្រីរ័ត្ន