សកលវិទ្យាល័យ Harvard ស្រាវជ្រាវថា ក្មេងៗជោគជ័យដោយសារមានឪពុកម្តាយ៨ប្រភេទនេះ​



មនុស្សស្ទើរតែគ្រប់រូបបានក្លាយជាឪពុកម្តាយរបស់គេនៅថ្ងៃណាមួយ។ ប៉ុន្តែកាលៈទេសៈ និងលក្ខខណ្ឌជីវិតនៅពេលមានគ្រួសារ វាមិនដូចគ្នាទេ។ យ៉ាងណាក៏ដោយគោលបំណងតែមួយគត់ដែលអ្នកបង្កើតគ្រួសារឡើង គឺចង់បានគ្រួសារដ៏កក់ក្តៅមួយ។ អ្នកចង់ធ្វើជាឪពុកម្តាយដ៏ល្អម្នាក់សម្រាប់កូនៗរបស់អ្នក។ អ្នកចង់ឲ្យពួកគេធំឡើងមានអនាគតភ្លឺស្វាយ និងជីវភាពប្រសើរជាងអ្នក។ បើអ្នកគិតដូចនេះ គឺជារឿងត្រឹមត្រូវហើយ។ 

ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard ដែលមានលោកសាស្រ្តចារ្យ Ronald Ferguson ជាអ្នកដឹកនាំ នឹងអាចរួមចំណែកឲ្យអ្នកសម្រេចបានគោលដៅមួយនេះដោយលោកបានបង្ហាញតួនាទី ៨ ប្រភេទរបស់ឪពុកម្តាយនៅខាងក្រោមនេះដែលអ្នកគួរធ្វើប្រសិនបើចង់ឲ្យកូនៗជោគជ័យនៅថ្ងៃមុខ។ 

១.ឪពុកម្តាយដែលដើរតួជាដៃគូរៀនសូត្រតាំងពីតូចមក
តួនាទីនេះ ឪពុកម្តាយត្រូវធ្វើឲ្យកូន ៗ របស់ពួកគេចាប់អារម្មណ៍រៀនសូត្រតាំងពីតូចមកម្ល៉េះនៅមុនពេលពួកគេគ្រប់អាយុចូលសាលារៀន ។ កូនៗតូចៗដែលទទួលបានជោគជ័យទាំងក្នុងសាលា និងក្នុងជីវិត គឺនៅពេលពួកគេទទួលបានមូលដ្ឋានគ្រឹះរៀនសូត្រដូចជារៀននិយាយ ឬ រៀនសរសេរអក្សរតាំងពីថ្នាក់មត្តេយ្យសិក្សា។ នេះចាំបាច់ទាមទារឲ្យពួកគេទទួលបានឥទ្ធិពលវិជ្ជមានពីឪពុកម្តាយដែលជាអ្នកជួយបង្ហាត់បង្រៀនពួកគេជាមុន មុននឹងចូលរៀនថ្នាក់ដំបូង។

២.ឪពុកម្តាយដែលដើរតួជាវិស្វករជីវិត
នេះជាប្រភេទឪពុកម្តាយដែលចេះត្រួតពិនិត្យរាល់បរិយាកាសរីកចម្រើនកូនៗរបស់ខ្លួនដោយធ្វើឲ្យប្រាកដថាពួកគេកំពុងទទួលបានអ្វីដែលពួកគេត្រូវការ និងចូលអន្តរាគមន៍នៅពេលពួកគេមិនទាន់សម្រេចអ្វីមួយបាន។ ឪពុកម្តាយប្រភេទនេះបានបង្កើតផែនទីមួយដែលជាប្លង់សម្រាប់ឲ្យកូនៗរបស់ពួកគេចាប់ផ្តើមចេះហើរដោយខ្លួនឯង និងជួយស្ថាបនា ជីវិតរបស់ពួកគេ។ 

៣.ឪពុកម្តាយដែលដើរតួជាអ្នកជួសជុល
នៅក្នុងចំណុចនេះ ឪពុកម្តាយប្រភេទនេះត្រូវធានាថា ខ្លួនមានកាតព្វកិច្ចមួយយ៉ាងសំខាន់គឺការចូលទៅកែលំអកូនៗ និង មិនបណ្តាលឲ្យកំហុស ភាពខ្វះខាត ឬភាពចន្លោះប្រហោងរបស់ពួកគេអាចទាញទម្លាក់ពួកគេឲ្យបរាជ័យឡើយ។ ទោះបីជាខ្លួនមិនមានលទ្ធភាពគ្រប់គ្រាន់ក្តី  ក្នុងនាមជាឪពុកម្តាយបើមើលឃើញឱកាសល្អនាំមកនូវភាពរុងរឿងដល់កូនៗជាទីស្រលាញ់ហើយនោះ ពួកគេចាំបាច់ត្រូវតែហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាង និងហ៊ានអារកាត់ដើម្បីធ្វើឲ្យជីវិតកូនៗមានអនាគតល្អ។

៤.ឪពុកម្តាយដែលដើរតួជាអ្នកបង្ហាញផ្លូវ
កូនៗដែលជោគជ័យ គឺត្រូវមានឪពុកម្តាយមួយប្រភេទទៀតដែលដើរតួជាអ្នកបង្ហាញផ្លូវ។ ឪពុកម្តាយប្រភេទនេះនឹងជួយត្រួសត្រាយផ្លូវដល់កូនៗឲ្យរកឃើញពិភពលោកមួយដែលពួកគេចង់បាន និងមិនធ្លាប់ស្គាល់ពីមុនមកដូចជា នាំទៅសារមន្ទីរប ណ្ណាល័យ សាលារៀន កន្លែងថ្មីៗ មានឱកាសរៀនសូត្របានខ្ពង់ខ្ពស់ និងជួយឲ្យកូនៗ ទទួលបានអាជីពក្នុងជីវិតច្បាស់លាស់ជាដើម បើទោះបីជាពេលខ្លះមិនមានលទ្ធភាពគ្រប់គ្រាន់ក៏ដោយ។ មិនតែប៉ុណ្ណោះ ពួកគេជាអ្នកបំផុសឲ្យកូនៗរបស់ខ្លួនមានភាពច្នៃប្រឌិត និងមានជីវភាពរស់នៅល្អប្រសើរទៅតាមក្តីស្រមៃរបស់ពួកគេម្នាក់ៗ។

៥.ឪពុកម្តាយដែលដើរតួជាទស្សនវិទូជីវិត
នេះជាតួនាទីសំខាន់ទី ២ សម្រាប់ឪពុកម្តាយ ព្រោះវត្តមានរបស់ខ្លួនអាចជួយឲ្យកូនៗរបស់ពួកគេស្វែងរកគោលដៅពិតប្រាកដនៅក្នុងជីវិតបាន។ នៅទីនេះ ឪពុកម្តាយត្រូវចេះសួរ និងឆ្លើយសំណួរនានារបស់ពួកគេជាមួយនឹងការលើកឡើងទស្សនៈរាក់ជ្រៅទៅតាមសមត្ថភាពយល់ដឹងរបស់ពួកគេ។ ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនាមជាឪពុកម្តាយ ត្រូវធ្វើឲ្យពួកគេយល់ពីអត្ថន័យនៃជីវិតថា តើពួកគេជានរណា? មកពីណា? ហេតុអ្វីបានជាពួកគេនៅទីនេះ? តើគោលដៅក្នុងជីវិតរបស់ពួកគេជាអ្វី? មានក្តីសុបិន្តបែបណានៅពេលអនាគត? ។ល។ 

៦. ឪពុកម្តាយដែលដើរតួជាអ្នកផ្តល់គំរូដល់កូនៗ
នេះជាចំណុចសំខាន់មួយទៀតក្រៅពីចំណុចសំខាន់ទាំងប៉ុន្មានខាងលើនេះ។ ដោយសារតែខ្លួនជាមនុស្សជំនិតតែមួយគត់រស់នៅជិតកូនៗ និងជាអ្នកចិញ្ចឹមបីបាច់ថែរក្សាពួកគេ ឪពុកម្តាយត្រូវដើរតួនាទីជាគំរូល្អសម្រាប់ពួកគេ។ ឪពុកម្តាយប្រភេទនេះត្រូវច្បាស់លាស់ក្នុងចិត្តថា តើគុណតម្លៃសំខាន់ៗណាខ្លះដែលខ្លួនគួរធ្វើដើម្បីធ្វើយ៉ាងណាឲ្យកូនៗមើលគំរូតាម និងអាចលើកទឹកចិត្តពួកគេបាន? ថ្វីត្បិតតែវាមិនមែនជារឿងងាយស្រួលសម្រាប់អ្នក ដើម្បីបង្កើតវាឡើង ប៉ុន្តែដើម្បីអនាគតកូនៗរបស់អ្នក អ្នកត្រូវបង្កើតបេសសកម្មមួយនេះឲ្យដល់ទីបញ្ចប់។

៧.ឪពុកម្តាយដែលដើរតួជាអ្នកចរចាដ៏ពូកែម្នាក់
ឪពុកម្តាយប្រភេទនេះមានតួនាទីបង្រៀនកូនៗរបស់ខ្លួនឲ្យចេះបង្ហាញការគោរពអ្នកដទៃនៅពេលកំពុងទំនាក់ទំនង ឬតតាំងដើម្បីខ្លួនឯង និងអ្វីដែលខ្លួនជឿជាក់។ មិនតែប៉ុណ្តោះ ឪពុកម្តាយប្រភេទនេះ ត្រូវបង្រៀនពួកគេឲ្យចេះប្រើប្រាស់យុទ្ធសាស្រ្តឈ្នះៗ ជាមួយនឹងពាក្យសម្តីប្រកបដោយឥទ្ធិពល និងអំណាចដែលអាចបញ្ចុះបញ្ចូល ឬសម្របសម្រួលអ្នកដទៃឲ្យយល់ស្របតាមគំនិតរបស់ខ្លួនជាពិសេសគឺបង្រៀនពីរបៀបប្រែក្លាយសត្រូវឲ្យក្លាយជាមិត្តតែម្តង។

៨.ឪពុកម្តាយដែលដើរតួជាអ្នកគាំទ្រនៅពីក្រោយខ្នងដ៏រឹងមាំម្នាក់
ក្រៅពីដើរតួនាទីជាឪពុកម្តាយទាំងប៉ុន្មានខាងលើហើយ ឪពុកម្តាយរបស់កូនៗដែលជោគជ័យ គឺត្រូវដើរតួនាទីជាអ្នកគាំទ្រឆ្អឹងដែកដ៏ស្មោះត្រង់ម្នាក់សម្រាប់ជាទីបង្អែកនៅពីក្រោយខ្នងកូនៗ។ នៅពីក្រោយភាពបរាជ័យ ការបាក់ទឹកចិត្ត ការដោះស្រាយឧបសគ្គនៅក្នុងជីវិត ព្រមទាំងការផ្តល់មេរៀនជីវិតផ្សេងៗដ៏មានមត្លៃជាច្រើនទៀត គឺត្រូវមានវត្តមានឪពុកម្តាយប្រភេទនេះនៅចាំមើលថែ ជួយផ្តល់ជាកម្លាំងចិត្តកែមត្រូវរហូតដល់កូនៗអាចសម្រេចបានសុភមង្គលក្នុងជីវិត៕

ប្រភព៖ Businessinsider 

 

X
5s