៧ ចំណុចនេះអះអាងថា ការដើរពេលព្រឹកផ្តល់ជូនអ្នកនូវប្រយោជន៍មហាសាល​



សុខភាពជាទ្រព្យដ៏សំខាន់ និងមានតម្លៃបំផុតសម្រាប់មនុស្សម្នាក់ៗដែលគ្មានអ្វីអាចកាត់ថ្លៃលើសនេះបានឡើយ។ រស់នៅក្នុងសម័យបច្ចេកវិទ្យានេះ មនុស្សភាគច្រើនតែងចំណាយពេលលើការប្រើប្រាស់សម្ភារៈនិយមជាងគិតពីសុខភាពខ្លួនឯង មិនសូវមានពេលធ្វើលំហាត់ប្រាណដូចពីមុនទេ ធ្វើដំណើរតាមរថយន្តឬមធ្យោបាយនានាដោយកាត់បន្ថយការដើរទោះបីជាមានពេលវេលាគ្រប់គ្រាន់ក៏ដោយ។ 

អ្នកដឹងទេថាការដើរនៅពេលព្រឹក ផ្តល់ប្រយោជន៍អ្វីខ្លះដល់រាងកាយ និងការងារប្រចាំថ្ងៃរបស់អ្នក? ចង់ដឹងច្បាស់ទៅអាចចំណុចខាងក្រោមទាំងអស់គ្នា៖

១) ជួយរាងកាយអ្នកបំពេញថាមពលពេញមួយថ្ងៃ
ការដើរហាត់ប្រាណនៅពេលព្រឹក ជួយបង្កើនប្រព័ន្ធភាពស៊ាំក្នុងខ្លួនបានរឹងមាំ ធ្វើឲ្យអ្នកអាចគ្រប់គ្រង ជីពចរក្នុងខ្លួនបានល្អ ចេញញើសនិងជាតិពុលអាក្រក់ សម្រួលដល់លំហូរចរន្តឈាមក្នុងរាងកាយនិងចលនាបេះដូង។ វាក៏បានជួយឲ្យមានភាពប្រសើរឡើងនូវការគ្រប់គ្រងអារម្មណ៍ រក្សាតុល្យភាពនៃដំណើរឈាមរត់ និងការបញ្ចេញអរម៉ូន កាត់បន្ថយភាពស្មុគស្មាញក្នុងកម្រិតមួយប្រសើរ។ 

២) បង្កើនជំនឿជាក់លើខ្លួនឯង ពិសេសបង្កើតទម្លាប់ហាត់ប្រាណ
បញ្ហាមួយដែលមនុស្សគ្រប់គ្នាតែងជួបរាល់ពេលធ្វើលំហាត់ប្រាណដើម្បីសុខភាពនោះគឺ ការពន្យាពេលសិនចាំស្អែកចាំហាត់ និយាយឲ្យចំគឺខ្ជិលតែម្តង។ ការដើរនៅពេលព្រឹកជួយបង្កើតទម្លាប់ល្អសម្រាប់សុខភាព ជួយឲ្យអ្នកមានទម្លាប់ហាត់ប្រាណបន្តិចម្តងៗពីមួយថ្ងៃទៅមួយថ្ងៃ និងធ្វើវាជាប្រចាំទៀតផង។

៣) ជួយបង្កើតនូវផ្នត់គំនិតវិជ្ជមានដល់អ្នក
គ្រាន់តែការដើរពេលព្រឹក ក៏បានជួយអ្នកបង្កើតនូវផ្នត់គំនិតវិជ្ជមានដល់អ្នកដើម្បីសម្រេចកិច្ចការងារសំខាន់ផ្សេងៗទៀតផងដែរ។ គ្មានអ្វីគួរឲ្យងឿងឆ្ងល់ទេ អ្នកសាកគិតមើលថានៅពេលដែលអ្នកមិនចូលចិត្តហាត់ប្រាណ តែអ្នកបានចាប់ផ្តើមការងារថ្មីមួយជារៀងរាល់ព្រឹកគឺការដើរ បន្ទាប់ពីមានទម្លាប់ដើរអស់មួយរយៈអ្នកក៏នឹងអាចកែប្រែឲ្យខ្លួនឯងចាប់អារម្មណ៍ និងចូលចិត្តហាត់ប្រាណព្រោះអ្នកដឹងថាគ្មានអ្វីដែលធ្វើមិនបានទេឲ្យតែមានការតាំងចិត្ត។ បន្ទាប់ពីនោះគំនិតវិជ្ជមានក្នុងការបំពេញការងារក៏ចាប់ផ្តើមដោយសារអ្នកបណ្ដុះផ្នត់គំនិតវិជ្ជមានសម្រាប់ខ្លួនឯងដូចគ្នា ហើយវាក៏ជាដែកឆក់ទាញអ្នកឲ្យឆាប់សម្រេចបានការងារដែលខ្លួនចង់បាន ឆាប់បានទៅដល់គោលដៅដែលបានកំណត់ទុក។

៤) ជួយសម្រកគីឡូ
មិនប្រាប់ក៏ដឹងដែរ តែវិធីមួយនេះគឺល្អបំផុតសម្រាប់អ្នកចង់ធ្វើការសម្រកទម្ងន់ដោយសុវត្ថិភាពបំផុត ទោះបីជាត្រូវចំណាយពេលយូរបន្តិចតែវាមិនបានផ្តល់ផលប៉ះពាល់អវិជ្ជមានណាមួយដល់សុខភាពឡើយ។ អ្នកដែលមានជំងឺធាត់ លើសគីឡូមួយចំនួនមិនអាចទ្រាំទ្របានជាមួយដំបូន្មានឲ្យធ្វើការហាត់ប្រាណខ្លាំងៗ ឬចំណាយថាមពលច្រើននោះទេព្រោះពួកគាត់អាចនឹងមានអាការៈហត់ខ្លាំង ចង្វាក់បេះដូងដើរញាប់ដែលបង្កជាបញ្ហាប៉ះពាល់ដល់សុខភាពវិញ តែការដើរជាជម្រើសមួយល្អបំផុតដែលគាត់អាចចាប់ផ្តើមពីការដើរតិចៗសិន សឹមបង្កើនប្រវែងបន្តិចម្តងៗជារៀងរាល់ថ្ងៃ។

៥) ល្អបំផុតសម្រាប់សុខភាពបេះដូងអ្នក
ការដើរពេលព្រឹកមានអត្ថប្រយោជន៍យ៉ាងខ្លាំងដល់សរសៃឈាមបេះដូង ដូចបានលើកឡើងក្នុងចំណុចខាងលើនេះដែរ ការដើរមិនធ្វើឲច្លនាបេះដូងអ្នកដើរញាប់ខ្លាំងទេដូច្នេះវាក៏មិនធ្វើឲ្យអ្នកដង្ហក់ខ្លាំងដែរ តែវាជួយសម្រួលដល់ការកន្ត្រាក់នៃសាច់ដុំបេះដូងទៅវិញ។ តាមការស្រាវជ្រាវបានបង្ហាញថា ជំងឺបេះដូងត្រូវបានាកកាត់បន្ថយប្រមាណជា ៤០% លើអ្នកដែលតែងធ្វើចលនាផ្នែករាងកាយពិសេសអ្នកដែលបានដើរច្រើន។ វាក៏បានដើរតួនាទីក្នុងការកម្រិតសម្ពាធឈាមឲ្យស្ថិតក្នុងចន្លោះល្អមួយសម្រាប់សុខភាព ការដើរគឺជាវិធីដ៏ល្អមួយដើម្បីដោះស្រាយជំងឺលើសសម្ពាធឈាម ការគាំងបេះដូង និងហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលព្រោះសកម្មភាពនេះជួយពង្រឹងដល់សមត្ថភាពបេះដូង។

៦) ជួយបង្កើនទំនាក់ទំនងក្នុងសង្គម
អ្នកដឹងទេថាការដើរពេលព្រឹករបស់អ្នក គឺជួយឲ្យអ្នករក្សាទំនាក់ទំនងក្នុងសហគមន៍អ្នកបានយ៉ាងប្រសើរ ព្រោះអ្នកអាចចេញទៅជួបអ្នកជិតខាង ជាងការដែលសំងំនៅក្នុងផ្ទះចាំដល់ពេលក៏ចេញទៅធ្វើការបាត់។ ការបានជួបសន្ទនាជាមួយអ្នកដទៃ ធ្វើឲ្យអ្នកមានឱកាសរក្សាទំនាក់ទំនង ឬស្គាល់មនុស្សថ្មីៗបានកាន់តែ ច្រើន ឬបើមិនដូច្នោះទេអ្នកក៏អាចមានពេលគ្រប់គ្រាន់ចំណាយដើម្បីនៅជាមួយមនុស្សក្នុងគ្រួសារ ហើយអាចពិភាក្សាគ្នាបានច្រើនជាងមុនពីបញ្ហានានា។

៧) មានពេលសម្រាប់គិតពីផែនការការងារសម្រាប់ពេលពេញមួយថ្ងៃ
ការដើរពេលព្រឹករបស់អ្នកអាចនឹងចំណាយពេលយ៉ាងហោចណាស់ ២០ នាទីឬមួយម៉ោង ក្នុងអំឡុងពេលនេះអ្នកនឹងមានឱកាសប្រមូលគំនិតសំខាន់របស់អ្នកគិតពីសកម្មភាព និងកិច្ចការដែលត្រូវធ្វើក្នុងរយៈពេលមួយថ្ងៃពេញ។ ហេតុផលដូចបានរៀបរាប់ខាងលើខ្លះ ព្រោះថាការដើរជួយឲ្យអារម្មណ៍ស្រស់ស្រាយ ពេលអ្នកចេញដើរ អ្នកអាចជួបបរិយាកាសល្អ ឃើញទេសភាពអ្វីថ្មីប្លែកជួយឲ្យអ្នកគិតឃើញរឿងល្អដែលជះឥទ្ធិពលដល់ការងាររបស់អ្នក អ្នកអាចបង្កើតគំនិតដល់ផែនការអាជីវកម្មរបស់អ្នកផង៕

ដោយ៖ យ៉ាយ៉ា

 

X
5s