អ្នកនឹងក្លាយជាអ្នកដឹកនាំដែលអ្នកដទៃគោរពស្រលាញ់ បើមានចំណុចមួយនេះ
មេដឹកនាំដែលអស្ចារ្យ គឺមិនមែនជាមេដឹកនាំដែលធ្វើឲ្យមនុស្សក្រោមឱវាទ ឬអ្នកដទៃខ្លាចរអានោះទេ ប៉ុន្តែគឺជាមេដឹកនាំដែលមានភាពជាគំរូ ហើយពោរពេញដោយសេចក្ដីគោរព និងស្រលាញ់ពីបណ្ដាជននានា។ នៅក្នុងទិវាទូតសុច្ឆន្ទៈភាពជាអ្នកដឹកនាំឆ្នាំ២០១៩ ដែលស្ដីអំពី "ភាពជាមាតាបិតាមនុស្សជាតិ" នាក្រសួងកិច្ចការនារី កាលពីពេលកន្លងទៅ ឯកឧត្ដមសាស្ត្រាចារ្យបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិគ្រប់គ្រង និងប្រឆាំងជំងឺអេដស៍ បានចែករំលែកចំណុចសំខាន់មួយដែលនឹងជួយអ្នកឲ្យប្រែក្លាយជាអ្នកដឹកនាំ ដែលគួរឲ្យគោរពស្រលាញ់។
លោកបណ្ឌិត ហោ ប៊ុនឡេង លើកឡើងថា កាលពីក្មេងលោកខ្លាចឪពុកលោកណាស់ សូម្បីតែមើលមុខក៏មិនហ៊ានមើលចំផង ប៉ុន្តែបច្ចុប្បន្នលោកបានប្ដូរទម្លាប់ឲ្យកូនរបស់លោកគោរពលោកមិនមែនខ្លាចលោកដូចកាលពីលោកខ្លាចឪពុកនោះទេ។ លោកបណ្ឌិតមានប្រសាសន៍ថា «ដើម្បីឲ្យកូនខ្ញុំគោរពខ្ញុំទាល់តែខ្ញុំគោរពកូនខ្ញុំដែរ បើប៉ាគោរពកូនប៉ុណ្ណឹង ប៉ាចាំមើលថាកូននឹងគោរពប៉ាវិញប៉ុណ្ណា ប៉ាជាគ្រូបង្រៀនប៉ានឹងធ្វើឲ្យខ្លួនប៉ាក្លាយទៅជាគ្រូនិទ្ទេសA ចុះកូនវិញតើធ្វើខ្លួនឲ្យក្លាយនិទ្ទេសអ្វី? ដូច្នេះជាអ្នកដឹកនាំត្រូវធ្វើខ្លួនឲ្យក្លាយទៅជាគំរូល្អដល់គេ»។
ជាការពិតបើចង់ឲ្យអ្នកដទៃគោរពស្រលាញ់យើង ទាល់តែយើងគោរពស្រលាញ់អ្នកដទៃជាមុនសិន។ លោកបណ្ឌិតបន្តដោយលើកជាឧទាហរណ៍ជាក់ស្ដែងថា បើចង់ឲ្យកូនបាននិទ្ទេសAលុះត្រាតែយើងជាមនុស្សនិទ្ទេសAដែរ បើមិនទាន់ក្លាយខ្លួនជាមនុស្សនិទ្ទេសAទេ កុំទៅនិយាយប្រាប់កូនឲ្យរៀនបាននិទ្ទេសA ព្រោះនៅពេលដែលប្រាប់កូនឲ្យរៀនបាននិទ្ទេសAកូននឹងសួរ ចុះប៉ាបាននិទ្ទេសអី? ទាំងនេះលោកបណ្ឌិតចង់បញ្ជាក់ថា មេដឹកនាំដែលគួរឲ្យគោរពគឺជាមេដឹកនាំដែលមានតម្លៃ ចេះផ្ដល់ភាពជាគំរូល្អ និងផ្ដល់តម្លៃដល់អ្នកដទៃ។
លោកបណ្ឌិត ហោ ប៊ុនឡេង «អ្នកដឹកនាំគឺជាមនុស្សដែលមានឥទ្ធិពល ជាមនុស្សដែលមានអំណាច ដោយអំណាចនិងឥទ្ធិពលទាំងនោះគឺបានមកពីអ្នកដទៃប្រគល់ឲ្យ ដូច្នេះក្នុងនាមជាអ្នកដឹកនាំត្រូវតែយកអំណាចទៅជួយអ្នកដទៃវិញមិនមែនយកទៅធ្វើបាប កៀបសង្កត់គេនោះទេ»៕
ដោយ៖ ជួប ស្រីរ័ត្ន