ហេតុផល ៥ យ៉ាងបញ្ជាក់ថាការចេះសម្របខ្លួនជាអាថ៌កំបាំងនៃភាពជោគជ័យ​



ហេតុអ្វីត្រូវសម្របខ្លួន ព្រោះវាខុសពីធម្មជាតិជាខ្លួនឯងរបស់យើង វាមិនងាយទេដែលត្រូវទៅសម្របតាមអ្នកដទៃទាំងដែលខ្លួនឯងមិនចូលចិត្ត។ ជាក់ស្តែងការព្យាយាមសម្របខ្លួនធ្វើអ្វីមួយតាមនរណាម្នាក់គឺពិតជាពិបាក ហើយពេលខ្លះអាចនឹងពិបាកខ្លាំងទៀតក៏ថាបាន តែអ្នកអាចនឹងមិនទាន់ដឹងពីគុណសម្បត្តិដ៏ធំធេងពីការរៀនសម្របខ្លួននេះនៅឡើយទេ។ ចង់ដឹងច្បាស់ថាការចេះសម្របខ្លួនផ្តល់ផលល្អខ្លាំងកម្រិតណាដល់អ្នក តោះអានចំណុចទាំង ៥ ខាងក្រោមទាំងអស់គ្នា៖

១) អាចរក្សាទំនាក់ទំនងបានល្អជាមួយអ្វីដែលពាក់ព័ន្ធ
ពេលអ្នកចេះធ្វើការសម្របខ្លួនជាមួយមនុស្ស ក៏ដូចជាមជ្ឈដ្ឋានជុំវិញខ្លួនអ្វីដែលជះឥទ្ធិពលខ្លាំងជាងគេគឺអាជីវកម្មអ្នក ព្រោះការសម្របខ្លួនរបស់អ្នកនេះជួយឲ្យអ្នករក្សាទំនាក់ទំនងជាមួយអ្នកដទៃបានល្អ។ លើសពីនេះបើនិយាយពីអាជីវកម្ម បច្ចេកវិទ្យា វប្បធម៌ បំលាស់ប្តូរនៃការប្រើប្រាស់របស់អតិថិជនសុទ្ធតែជាកត្តាសំខាន់ដែលម្ចាស់អាជីវកម្មគ្រប់រូបត្រូវយកចិត្តទុកដាក់ និងធ្វើការសម្របតាមការផ្លាស់ប្តូរទាំងនេះ។ ដូចជាពេលនេះជាសម័យបច្ចេកវិទ្យា ការធ្វើទីផ្សារតាមបែបប្រពៃណី (Traditional Marketing) ទំនងជាមិនអាចជួយឲ្យអាជីវកម្មមួយបន្តរស់រានស្រួលទេ អ្វីដែលអ្នកគួរចាប់អារម្មណ៍និងផ្លាស់ប្តូរគឺធ្វើការផ្សព្វផ្សាយតាមបែបទំនើប ឬហៅថាធ្វើទីផ្សារតាមអនឡាញ (Online Marketing)។ ម្ចាស់អាជីវកម្មជាច្រើនពេលនេះបាន និងកំពុងងាកមកធ្វើការផ្សព្វផ្សាយតាមអនឡាញ ពិសេសគឺការបង្កើត Facebook Page ហើយនេះបង្ហាញពីការផ្លាស់ប្តូរ និងការសម្របខ្លួនរបស់ពួកគាត់តាមរបត់ថ្មីនៃការវិវិត្តបច្ចេកវិទ្យា។ និយាយពាក្យសាមញ្ញ អ្នកដែលតែងសម្របជាមួយអ្វីៗជុំវិញខ្លួនជាមនុស្សដែលយល់កាលៈទេសៈបំផុត គេអាចកេងចំណេញពីស្ថានការណ៍នីមួយៗបានយ៉ាងល្អ និងក្នុងផ្លូវវិជ្ជមានព្រោះពួកគេតែងបណ្ដុះផ្នត់គំនិតវិជ្ជមានសម្រាប់អភិវឌ្ឍខ្លួនឯងគ្រប់ពេលវេលា។

២) មានសមត្ថភាពខ្ពស់ក្នុងការដោះស្រាយបញ្ហា
អ្នកដែលសម្របខ្លួនបានល្អតាមកាលៈទេសៈ ជាមនុស្សដែលចូលចិត្តចូលកៀកបញ្ហា ជាមនុស្សមានហេតុផល តែងធ្វើជាអ្នកស្ដាប់ដ៏ល្អហើយក៏អាចក្លាយជាមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាបានយ៉ាងល្អផងដែរ។ ហេតុផលគឺព្រោះគេជាមនុស្សចូលចិត្តស្ដាប់ គេមិនស្ដាប់ព័ត៌មានពីភាគីតែម្ខាងឡើយ គេទាមទារការប្រមូលព័ត៌មានឲ្យបានច្រើនមុនពេលសម្រេចកាត់សេចក្តី គេតែងមានគំនិតច្រើនក្នុងការវិនិច្ឆ័យលើស្ថានការណ៍មួយ។ លើសពីនេះបើចំពោះអាជីវកម្មវិញ ពួកគេតែងមានគំនិតគិតគូរដល់ផលប្រយោជន៍ និងការផ្លាស់រយៈពេលវែង ជាជាងការគិតរកដំណោះស្រាយសម្រាប់ពេលខ្លី ព្រោះគេដឹងថាសង្គមមានការផ្លាស់ប្តូរលឿន។ សម្រាប់អាជីវកម្មខ្នាតតូចវិញទៀត រឹតតែត្រូវការការបត់បែននិងសម្របខ្លួនខ្លាំងជាមួយបរិបទសេដ្ឋកិច្ច ការផ្លាស់ប្តូរអ្នកប្រើប្រាស់ ដើម្បីទាញយកអតិថិជនតាមរយៈការប្រើប្រាស់បណ្ដាញសង្គមនេះ។

៣) ជាមនុស្សដែលមើលឃើញឱកាសថ្មីៗច្រើនជាងគេ
ការត្រៀមជានិច្ចសម្រាប់ការផ្លាស់ប្តូរ ធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមើលឃើញឱកាសថ្មីៗច្រើនជាងអ្នកដទៃ ហើយនេះជាអ្វីដែលសហគ្រិនត្រូវធ្វើបើចង់ជោគជ័យ។ ក្រឡែកទៅមើលអាជីវកម្មបង្កើតថ្មីដូចជា ក្រុមហ៊ុម Grab ដែលបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើតប្រព័ន្ធកក់យានជំនិះ ហើយសេវាកម្មមួយនេះបានចូលរួមយ៉ាងច្រើនក្នុងការកាត់បន្ថយបញ្ហាកង្វះខាតមធ្យោបាយធ្វើដំណើររបស់អ្នកប្រើប្រាស់ និងជួយកាត់បន្ថយថ្លៃចំណាយខ្ពស់ខណៈអ្នករបស់ម៉ូតូឌុប កង់បី ឬ រថយន្តឈ្នួលជាដើមយកថ្លៃសេវាថ្លៃពេកពីអ្នកដំណើរ។ Ride-Share App ត្រូវបានអ្នកប្រើប្រាស់ទទួលស្គាល់ពីគុណភាព និងជួយសម្រួលដល់អ្នករត់សេវាដឹកជញ្ជូនលើដងផ្លូវនេះ ដោយជួយបង្កើនចំណូល កាត់បន្ថយការដណ្ដើមអតិថិជនពីគ្នាទៅវិញទៅមកដែលអាចបង្កើតជម្រលោះរវាងអ្នករួមអាជីពបាន។ ការសម្របខ្លួនទៅនឹងបំរែបំរួលសង្គម ក៏ដូចជាការក្តាប់ឱកាសឲ្យបានត្រឹមត្រូវធ្វើឲ្យអាជីវកម្មមានការរីកចម្រើសរហ័ស។

៤) ធ្វើឲ្យអ្នកសប្បាយចិត្តច្រើន
ការសម្របខ្លួនរបស់អ្នកជួយឲ្យអ្នកសប្បាយចិត្ត ព្រោះវាធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងជាមនុស្សម្នាក់ស្គាល់កាលៈទេសៈ អាចបត់បែន បំពេញចិត្តខ្លួនឯងនិងចិត្តអ្នកដទៃបាន។ អ្នកអាចប្រើការសម្របខ្លួននេះដើម្បីបង្កើតមិត្តភាពល្អៗ ដឹងបញ្ហាក្នុងសង្គមបានច្រើន អ្នកមានការត្រៀមខ្លូនបានល្អដើម្បីទទួលយកអ្វីថ្មីៗ អ្នកក៏មិនបណ្ដោយឲ្យខ្លួនឯងត្រូវបាត់បង់ឱកាសនានាតាមរយៈការធ្វេសប្រហែសបានឡើយ។ អ្នកជាមនុស្សដែលបើកចិត្តទូលាយ អភិវឌ្ឍខ្លួនតាមរយៈការការផ្លាស់ប្តូរ និងចៀសវាងការចងខ្លួនឯងជាមួយភាពចាស់គម្រិល។

៥) អ្នកស្ថិតក្នុងជម្រើសដំបូងនៃការចាប់អារម្មណ៍ពីអ្នកដទៃ
ខាងលើបង្ហាញថាពីគុណសម្បត្តិជាច្រើននេះការសម្របខ្លួនដែលអ្នកត្រូវធ្វើ ដូចគ្នានេះដែរអ្នកនឹងទទួលបានការចាប់អារម្មណ៍ពីមនុស្សនានានៅជុំវិញខ្លួន ឧទាហរណ៍ដូចក្នុងករណីក្រុមហ៊ុន Grab ខាងលើការផ្លាស់ប្តូរ និងការសម្របខ្លួនរបស់គាត់បានធ្វើឲ្យមានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកប្រើប្រាស់ដែលអាចនាំឲ្យគាត់ទទួលបានចំណូលច្រើនពីអាជីវកម្មមួយនេះ។ លើសពីនេះ មិនមែនមានការចាប់អារម្មណ៍ពីអតិថិជនប៉ុណ្ណោះទេ វិនិយោគិនមួយចំនួនក៏បានសម្រេចចិត្តបណ្ដាក់ទុនលើការវិនិយោគវិស័យដឹកជញ្ជូនមួយនេះជាមួយក្រុមហ៊ុន Grab ដូចគ្នាដែលធ្វើឲ្យតម្លៃក្រុមហ៊ុនបានកើនឡើងយ៉ាងសន្ធឹក។ 

ត្រូវចាំថា នៅពេលអាជីវកម្មអ្នកមានការផ្លាស់ប្តូរដោយផ្អែកលើគោលការណ៍សម្របខ្លួន នោះអ្នកនឹងក្លាយជាអ្នកផ្គត់ផ្គង់ ឬអ្នកលក់ដំបូងដែលអតិថិជនគិតដល់ បន្ទាប់ពីនោះកិត្តិស័ព្ទរបស់ក្រុមហ៊ុនមានគេស្គាល់កាន់តែច្រើន៕

ដោយ៖ យ៉ាយ៉ា

 

X
5s