ចំណុចទាំង ៥នាំអ្នកទៅរកភាពជោគជ័យទាំងក្នុងជីវិតនិងអាជីវកម្មក្នុងឆ្នាំ២០២០
ឆ្នាំថ្មីនឹងកន្លងផុតនៅក្នុងពេលឆាប់ៗនេះ ហើយអ្វីដែលថ្មីៗនឹងចូលមកជំនួសកន្លែងវិញម្តង។ ក្នុងឆ្នាំចាស់ អ្នកបានជួបរឿងល្អក៏ច្រើន រឿងអាក្រក់ក៏មិនតិចដែរ ហើយក៏នៅមានរឿងរ៉ាវដែលនាំឲ្យអ្នកញញឹម និងកើតទុក្ខដូចគ្នា។ លើសពីនេះមានរឿងរ៉ាវ និងការងារជាច្រើនដែលអ្នកមិនទាន់អាចសម្រេចបាន អ្នកក៏ប្រាថ្នាថានឹងយកវាមកធ្វើឲ្យទទួលបានលទ្ធផលល្អសម្រាប់ជាកាដូឆ្នាំថ្មីដល់ខ្លួនឯង។
ខាងក្រោមនេះជាគន្លឹះសំខាន់ ១០ ចំណុចដែលអ្នកត្រូវធ្វើ និងត្រៀមដើម្បីទទួលយកភាពជោគជ័យក្នុងឆ្នាំ ២០២០៖
១) ពិនិត្យមើលស្ថានភាពផ្ទាល់ខ្លួន ឬរបាយការណ៍អាជីវកម្មបច្ចុប្បន្នរបស់អ្នក
សម្រាប់អ្នកដែលមានអាជីវកម្មនៅក្នុងដៃ គួរទៅពិនិត្យមើលរបាយការណ៍អាជីវកម្មរបស់ខ្លួនថា តើក្នុងរយៈពេលពេញមួយឆ្នាំមកនេះអាជីវកម្មដែលអ្នកកំពុងដំណើរការជួបការលំបាក ឬចំណុចល្អអ្វីខ្លះ? ដំណើរការមួយនេះបានឈានចំណុចមួយដែលអ្នកអាចទទួលបានចំណូលតាមការដៅទុកហើយឬនៅ វាបានរីកចម្រើនដល់ផែនការដែលបានដាក់ចេញកាលពីដើមឆ្នាំ ឬកាលពីពេលចាប់ផ្តើមដំបូងឬទេ?
បើនិយាយពីស្ថានភាពផ្ទាល់ខ្លួនវិញ មើលខ្លួនឯងថាខ្លួនឯងបានដើរលើផ្លូវដែលគូសវាសទុកមកប៉ុន្មានភាគរយហើយ បានដើរទៅដល់គោលដៅ ឬកន្លែងដែលខ្លួនប្រាថ្នាហើយឬនៅ នៅសល់អ្វីខ្លះទៀតដែលមិនទាន់បានសម្រេច?
ការពិនិត្យបែបនេះជួយអ្នកក្នុងការព្យាករណ៍ ឬវិភាគពីលទ្ធភាពក្នុងការអភិវឌ្ឍខ្លួនថាអ្នកនៅខ្វះខាតចំណុចណាខ្លះ ប៉ុន្មានភាគរយហើយងាយស្រួលធ្វើផែនការបន្ទាប់។
២) ពិនិត្យមើលតួនាទី និងកាតព្វកិច្ចរបស់អ្នក
អ្នកត្រូវកំណត់ថា ជំហានបន្ទាប់ក្នុងឆ្នាំថ្មីអ្នកត្រូវធ្វើអ្វីមុនដើម្បីរុញគោលដៅអ្នកឲ្យបានដល់ទី អ្នកត្រូវរៀបចំក្រុមការងារឲ្យបំពេញការងារណាមុន ហើយថាការងារមួយណាដែលមានអាទិភាពជាងមួយណា មើលថាតើផែនការដែលធ្លាប់ដាក់ចេញពីពេលកន្លងមកអាចយកមកប្រើប្រាស់ទៀតបានដែរឬទេ។
៣) ពិនិត្យមើលសុខភាពហិរញ្ញវត្ថុ
ក្រៅពីផែនការសកម្មភាព ការរៀបចំផែនការហិរញ្ញវត្ថុ និងការពិនិត្យសុខភាពហិរញ្ញវត្ថុសម្រាប់អាជីវកម្ម ក៏ដូចជាការធ្វើផែនការហិរញ្ញវត្ថុសម្រាប់ចំណាយផ្ទាល់ខ្លួនក៏ជារឿងសំខាន់ណាស់ដែរ។ អ្នកត្រូវត្រួតពិនិត្យថា ការរៀបចំផែនការហិរញ្ញវត្ថុនិងការអនុវត្តក្នុងពេលកន្លងមកត្រឹមត្រូវ និងមានប្រសិទ្ធិភាពដែរឬទេ បើមានកំហុសអ្នកនឹងអាចធ្វើការវិភាគបានថាអ្នកត្រូវការផ្លាស់ប្តូរអ្វីខ្លះ។
៤) ពិចារណាក្នុងការស្វែងរកប្រភពទុន ឬប្រភពចំណេះដឹង
ពេលវេលាកាន់តែរំកិលទៅមុខ ខ្លួនអ្នកក៏ត្រូវតែអភិវឌ្ឍបន្ថែមដែរ បើនិយាយពីអាជីវកម្មគឺជាពេលមួយដែលអ្នកត្រូវធ្វើការស្វែងរកប្រភពទុនបន្ថែមដើម្បីពង្រីកអាជីវកម្ម ឬ ចាប់យកឱកាសវិនិយោគថ្មី។ ចំពោះខ្លួនឯងវិញ មិនថាអ្នកបានក្លាយជាសហគ្រិនឬមិនទាន់នោះទេអ្នកត្រូវតែស្វែងរកចំណេះដឹងបន្ថែមដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឲ្យបានកាន់តែខ្លាំង។
៥) កុំបដិសេធនូវអ្វីដែលខ្លួនឯងត្រូវការ
ដៅទីគោលមួយដែលអ្នកចង់បាន ព្យាយាមសម្រេចវាបើចិត្តពិតជាស្រលាញ់វាពិតមែន ត្រូវហ៊ានជំនះរាល់ការលំបាកដើម្បីចាប់យកសុបិនមួយនោះឲ្យវាក្លាយជាការពិត ព្រោះពេលអ្នកជំនះឧបសគ្គហើយទទួលបាននូវអ្វីដែលអ្នកប្រាថ្នា របស់ដែលទទួលបាននោះគឺមានតម្លៃខ្លាំង ហើយអ្នកក៏ស្រលាញ់វាខ្លាំងដូចគ្នា។ កុំបដិសេធនូវអ្វីដែលខ្លួនស្រលាញ់ដោយគ្រាន់តែបញ្ហាចំពោះមុខតិចតួច ព្រោះការថ្មមខ្លួនមិនឲ្យជួបប្រឈមបញ្ហានេះធ្វើឲ្យខ្លួនឯងទន់ខ្សោយ៕
ដោយ៖ យ៉ាយ៉ា