ឥណ្ឌាកំពុងជួបបញ្ហាធំ ភ្នំសំរាមស្ទើរតែខ្ពស់ជាងប្រាសាទ Taj Mahal ទៅទៀត
Taj Mahal ជាប្រាសាទមួយដែលបានសាងសង់ឡើងក្នុងទីក្រុងអាក្រាចន្លោះឆ្នាំ ១៦៣១ និង ១៦៤៨ តាមបញ្ជារបស់ព្រះចៅអធិរាជ Mughal លោក Shah Jahan ក្នុងការចងចាំភរិយាសំណព្វរបស់លោក។ Taj Mahal គឺជារតនវត្ថុនៃសិល្បៈមូស្លីមនៅក្នុងប្រទេសឥណ្ឌានិងជាស្នាដៃដ៏អស្ចារ្យមួយក្នុងចំណោមស្នាដៃដ៏អស្ចារ្យនៃបេតិកភណ្ឌពិភពលោក។
ថ្មីៗនេះ ភ្នំសំរាមមួយនៅទីក្រុងញូវដេលីត្រូវបានគេរកឃើញថាមាកម្ពស់ខ្ពស់ជាង Taj Mahal ទៅទៀតក្នុងឆ្នាំ ២០២០ ហើយអង្គការសហប្រជាជាតិបានកំណត់ពិចារណាថា ញូវដេលីជាទីក្រុងដែលមានការបំពុលបរិយាកាសខ្លាំងបំផុត។ ទីលានចាក់សំរាមនេះចេះតែរីករាលដាលធំទៅៗ ដែលជាមធ្យមទំហំនេះមានការកើនឡើងប្រមាណ ១០ម៉ែត្រក្នុងមួយឆ្នាំ នៅពេលនេះកម្ពស់នៃភ្នំសំរាមនេះកើនដល់ជាង ៦៥ម៉ែត្រហើយ ហើយក៏គ្មានសញ្ញាបញ្ឈប់កំណើនរីករាលដាននៃទំហំ និងការជះក្លិនស្អុយនោះឡើយ។
តុលាការជាន់ខ្ពស់របស់ប្រទេសឥណ្ឌាបានព្រមានកាលពីឆ្នាំមុនថា ភ្លើងសញ្ញាពណ៌ក្រហមនឹងត្រូវដាក់នៅលើគំនរសំរាមឆាប់ៗនេះដើម្បីជូនដំណឹងដល់យន្តហោះដែលកំពុងឆ្លងកាត់។ ទីលានចាក់សំរាម Ghazipur ដាក់ឲ្យដំណើរការកាលពីឆ្នាំ ១៩៨៤ មកដល់ឆ្នាំ ២០០២ ទីតាំងមួយនេះបានឈានដល់ដំណាក់កាលមួយដែលផ្ទុកលើសកម្រិតហើយគួរតែបិទ តែពួកគេមិនបានបញ្ឈប់សកម្មភាពនេះទេមានតែបន្តចោលសំរាមនៅទីនេះបន្ថែមទៀត។
មន្ត្រីក្រុងដេលីមួយរូបបាននិយាយដោយមិនបើកចំហរថា៖ សម្រាមប្រហែល ២,០០០ តោនក្នុងមួយថ្ងៃត្រូវបានគេបោះចោលនៅ Ghazipur នេះ។ កាលពីឆ្នាំ ២០១៨ ផ្នែកមួយនៃភ្នំសំរាមបានបាក់រលំ បន្ទាន់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបណ្ដាលឲ្យស្លាប់មនុស្សចំនួន ២នាក់។ លើសពីនេះក៏តែងមានករណីអគ្គិភ័យកើតមានឡើងផងដែរនៅទីលានចាក់សំរាមមួយនេះ លោក Shambhavi Shukla អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងបរិស្ថានក្នុងទីក្រុងញូវដែលីបាននិយាយថា មេតាណុលដែលចេញពីគំនរសំរាមបានសាយភាយលាយឡំចូលទៅក្នុងបរិយាកាស បង្កជាការបំពុលបរិស្ថានយ៉ាងខ្លាំងបំផុត លើសពីនេះទឹកអាស៊ីត Leachate ដែលជាអង្គធាតុរាវខ្មៅហៀរចេញពីកន្លែងចាក់សំរាមទៅក្នុងប្រឡាយក្នុងតំបន់ក៏ជាកត្តាបំពុលប្រភពទឹកផងដែរ។
ទីក្រុងរបស់ប្រទេសឥណ្ឌា ស្ថិតនៅក្នុងចំណោមទីក្រុងដែលផលិតកាកសំណល់ច្រើនជាងគេបំផុតលើពិភពលោក ប្រមាណ ៦២លានតោនក្នុងមួយឆ្នាំ ហើយបើតាមការព្យាករណ៍ពីរដ្ឋាភិបាលសម្រាប់ឆ្នាំ ២០៣០ វាអាចនឹងកើនដល់ ១៦៥លានតោន៕
ដោយ៖ យ៉ាយ៉ា