ការឱបដោយក្តីស្រលាញ់ពីឪពុកម្តាយជាអំណោយដ៏អស្ចារ្យដល់ការរីកចម្រើនរបស់កូន​



ការឱបគឺជាការបង្ហាញក្តីស្រលាញ់តាមរយៈកាយវិការ ជួយធ្វើឲ្យអ្នកទទួលមានអារម្មណ៍កក់ក្តៅ និងទទួលបានការយកចិត្តទុកដាក់។ តាមការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តបានរក ខួរក្បាលកុមារនឹងមានការអភិវឌ្ឍលឿននៅពេលទទួលការឱបដោយក្តីស្រលាញ់ពីឪពុកម្តាយជាប្រចាំ។ 

លោកអ្នកអាចនឹងមានការភ្ញាក់ផ្អើល នៅពេលដឹងពីអត្ថប្រយោជន៍នៃការឱបកូនៗរបស់លោកអ្នកជាញឹកញាប់ ហើយខាងក្រោមនេះនឹងបង្ហាញអ្នក៖

១) ជួយឲ្យកូនរបស់អ្នកឆ្លាត
ការលូតលាស់របស់កុមារ មានការទាក់ទងនឹងការប្រាស្រ័យទាក់ទងពិសេសមួយរបស់ឪពុកម្តាយ។ ការឱបគឺការប៉ះពាល់ផ្ទាល់រវាងស្បែកនិងស្បែក ឬការប៉ះពាល់រូបរាងកាយ ហើយវាជាការភ្ញោចដ៏សំខាន់មួយសម្រាប់ដំណើរការលូតលាស់ខួរក្បាលរបស់កុមារ។

អ្នកស្រាវជ្រាវបានរកឃើញថានៅពេលទារកទទួលបានការរំញោចដោយការប៉ះផ្ទាល់ពីឪពុកម្តាយតាមការឱប ២០ នាទីក្នុងមួយថ្ងៃ រយៈពេល ១០ សប្តាហ៍ ពួកគេនឹងទទួលបានការអភិវឌ្ឍផ្នែកខួរក្បាលទ្វេរដង លើការឆាប់ទទួលបានព័ត៌មានលើកាយវិញ្ញាណ។

២) ជួយឲ្យកូនមានការលូតលាស់លឿន
ទារក ឬកុមារដែលមិនសូវទទួលបានការប៉ះពាល់ផ្ទាល់ ការលូតលាស់ផ្នែករាងកាយក៏មានភាពយឺតយ៉ាវហាក់ដូចជាកុមារដែលមានបញ្ហាកង្វះអាហាររូបត្ថម្ភដូច្នោះដែរ។ ការឱបរបស់ឪពុកម្តាយភ្ញោចឲ្យមានការបញ្ចេញអុកស៊ីតូស៊ីន ដែលត្រូវបានគេស្គាល់ថាជាអរម៉ូននៃក្តីស្រលាញ់ ហើយអរម៉ូននេះជះឥទ្ធិពលខ្លាំងបំផុតដល់ការលូតលាស់រាងកាយទារក និងកុមារ។ នៅពេលដែលអុកស៊ីតូស៊ីនបានកើនឡើងអរម៉ូនលូតលាស់ជាច្រើនដូចជាអាំងស៊ុយលីន និងលូតលាស់សរសៃប្រសាទត្រូវបានកើនឡើងផងដែរ។

៣) ជួយឲ្យកូនមានសុខភាពល្អ
ពេលដែលឪពុកម្តាយផ្តល់ការឱបទៅកូន វាជាផ្នែកមួយជួយឲ្យកូនមានសុខភាពល្អ ការកើនឡើងនៃអុកស៊ីតូស៊ីនបានជួយជម្រុញឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ វាបន្ថយកម្រិតប្លាស្មានៃអរម៉ូនទីរ៉ូអ៊ីតដែលបណ្តាលឱ្យរបួសឆាប់ជាសះស្បើយ។

៤) ជួយកាត់បន្ថយការឡើងកំដៅរបស់កូន
ឪពុកម្តាយភាបច្រើនតែងឱបកូននៅពេលកូនក្តៅខ្លួន ហើយនេះជាវិធីល្អមួយក្នុងការផ្ទេរ ឬបន្ថយកំដៅពីខ្លួនកូនខ្លះ។ វាពិតជាចម្លែក ហើយក៏មិនទាន់អាចរកចម្លើយបានជាក់លាក់ដូចគ្នាថា ហេតុអ្វីកុមារដែលកំពុងក្តៅខ្លួនអាចនឹងបានធូរស្បើយពីអាការៈនេះ ក្រោយពេលទទួលបានការឱបពីម្តាយ ខណៈឪពុកម្តាយមួយចំនួនមានការយល់ច្រលំថា ការឱបកូនពេលពួកគេកំពុងឈឺវាផ្តល់ផលអាក្រក់ដល់សុខភាពកូន ទាំងដែលការពិតវាមិនដូច្នេះទេ។

៥) ធ្វើឲ្យកូនក្លាយជាមនុស្សដែលរឹងមាំ មានការអត់ធ្មត់ខ្ពស់
ឆ្លងកាត់ការពិសោធន៍លើទារក ២ ក្រុមដែលក្រុមទី១ ជាទារកដែលទទួលបានការមើលថែនិងការឱបពីម្តាយតាំងពីកើតរហូតដល់អាយុយ៉ាងតិច ២ឆ្នាំ និងមួយក្រុមទៀតជាទារកដែលមិនបានទទួលការមើលថែពីម្តាយ និងទទួលបានការឱបដូចទារកក្រុមទី១ឡើយ។ គេសង្កេតឃើញថាកុមារនៅក្រុមទី១ មានសុខភាពល្អ មានការអត់ធ្មត់ និងក្លាយជាក្មេងដែលមានភាពរឹងមាំជាង ខណៈកុមារនៅក្រុមទី២ តែងទទួលរងជំងឺឆាប់ភ័យខ្លាច និងគ្មានការអត់ធ្មត់ខ្ពស់ឡើយ។

៦) ជួយបង្កើនភាពរីករាយដល់កូន និងបង្កើនភាពស្និតស្នាលរវាងកូនជាមួយឪពុកម្តាយ
ការឱបរបស់ឪពុកម្តាយអាចជួយបង្កើនភាពសុទិដ្ឋិនិយមដល់កូនៗ បង្កើនឲ្យពួកគាត់មានការគោរពខ្លួនឯង និងអ្នកដទៃ សុទិដ្ឋិនិយមជួយឲ្យពួកគេមានគំនិតវិជ្ជមាន ហើយក៏ជួយធ្វើឲ្យចិត្តរីករាយ។ ដោយឡែកវាក៏បន្ថែមឲ្យកូននូវការជឿទុកចិត្តមកលើឪពុកម្តាយ កាត់បន្ថយភាពភ័យខ្លាច និងបង្កើនទំនាក់ទំនងកាន់តែជិតស្និតជាមួយក្រុមគ្រួសារ៕

ដោយ៖ យ៉ាយ៉ា

 

X
5s