ចង់ជោគជ័យ និងមានសុភមង្គលក្នុងឆ្នាំ២០២០ខាងមុខ កុំភ្លេចសួរខ្លួនឯង១០សំនួរនេះ
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំចាស់ឆ្នាំ ២០១៩ នឹងត្រូវជំនួសដោយឆ្នាំថ្មីឆ្នាំ ២០២០។ មួយឆ្នាំកន្លងទៅនេះ វាប្រហែលជាលឿនណាស់សម្រាប់អ្នក។ នៅក្នុងរយៈពេលនេះ មានប្រិយមិត្តមួយចំនួនបានសម្រេចជោគជ័យតាមគោលដៅរបស់ខ្លួន ហើយក៏មានដែរដែលប្រិយមិត្តមួយចំនួនទៀតបានបរាជ័យ ឬកំពុងបន្តបេសកកម្មជីវិតរបស់ខ្លួនបន្ថែមទៀតនៅក្នុងឆ្នាំខាងមុខ។
យ៉ាងណាក៏ដោយ មានសំនួរដ៏សំខាន់ចំនួន ១០ នៅទីនេះជុំវិញប្រធានបទដែលធ្វើឲ្យជីវិតរបស់អ្នកមានពន្លឺជោគជ័យ និងមានសុភមង្គលក្នុងឆ្នាំ២០២០ខាងមុខ។ សូមព្យាយាមផ្តល់ចម្លើយដោយខ្លួនឯង ដើម្បីឲ្យប្រាកដថា រយៈពេល ១២ ខែដែរកន្លងផុតទៅរបស់អ្នកនឹងមិនបាត់បង់ទៅដោយឥតប្រយោជន៍នោះឡើយ។
១.តើជីវិតរបស់អ្នកបានផ្លាស់ប្តូរដូចម្តេច ឬនៅដដែលក្នុងឆ្នាំ ២០១៩នេះ?
តើឆ្នាំ ២០១៩នេះវាជាឆ្នាំដែលគួរឲ្យចាប់អារម្មណ៍បំផុតដែរឬទេសម្រាប់អ្នក? ហេតុអ្វី ឬបើមិនមែន មកពីមូលហេតុអ្វី? តើជម្រើសរបស់អ្នកបានដឹកនាំ ឬអនុញ្ញាតឲ្យមានការផ្លាស់ប្តូរជីវិតរបស់អ្នកយ៉ាងដូចម្តេច? ហើយតើអ្នកនឹងនៅតែធ្វើការសម្រេចចិត្តដូចគ្នានេះនៅថ្ងៃអនាគតដែរឬក៏អត់?
២.តើអ្វីទៅដែលធ្វើឲ្យអ្នកមានមោទនភាពបំផុត?
អ្នកត្រូវប្រាកដថា រាល់សមិទ្ធិផលធំៗរបស់អ្នកគឺមានអ្នកនៅពីក្រោយខ្នង។ អ្នកសមនឹងទទួលបានវាសម្រាប់ការខិតខំប្រឹងប្រែង និងការព្យាយាមទាំងអស់របស់អ្នក។ ការទទួលស្គាល់ភាពជោគជ័យរបស់អ្នក អាចជួយក្រើនរំលឹកអ្នកថា អ្នកពិតជាអាចធ្វើបាននូវរាល់ការងារទាំងអស់នោះ។
៣.តើអ្វីទៅធ្វើឲ្យអ្នកមានសម្ពាធ ឬស្រ្តេសជាងគេបំផុត?
រកប្រភពបញ្ហាដែលនាំឲ្យអ្នកមានសម្ពាធ ឬស្ត្រេសឲ្យឃើញ។ បន្ទាប់មក ត្រូវរកគន្លឹះណាមួយដែលមានប្រសិទ្ធភាពអាចធ្វើឲ្យអ្នកកាត់បន្ថយសម្ពាធទាំងនោះបាន។
៤.តើពាក្យអ្វីខ្លះដែលពិពណ៌នាពីខ្លួនអ្នកក្នុងឆ្នាំ ២០១៩នេះ និងពាក្យអ្វីខ្លះដែលពិពណ៌នាពីខ្លួនអ្នកក្នុងឆ្នាំ ២០២០ ខាងមុខ?
សូមចំណាយពេលគិតបន្តិច ដើម្បីស្រមៃស្រមៃថា តើជីវិតរបស់អ្នកនៅក្នុងឆ្នាំនេះបានកន្លងផុតទៅដោយរបៀបណា? ហើយតើអ្នកចង់ឲ្យជីវិតរបស់អ្នកនៅឆ្នាំក្រោយទៅតាមផ្លូវណា?
៥.តើទម្លាប់អវិជ្ជមានណាខ្លះដែលអ្នកចង់លុបបំបាត់ចោលនៅក្នុងឆ្នាំ ២០២០ ខាងមុខ?
មនុស្សគ្រប់គ្នាសុទ្ធតែមានទម្លាប់អវិជ្ជមានរៀងៗខ្លួន ហើយអ្នកក៏មានអំណាចអាចបញ្ឈប់វាបានដែរ។ តើអ្នកពិតជាមានទម្លាប់អវិជ្ជមានច្រើនពេកដែរឬទេ? តើអ្នកមានទម្លាប់ទទួលទានអាហារច្រើនពេកដែរឬទេ? តើអ្នកអាចកែទម្លាប់នេះឲ្យប្រសើរឡើងដោយរបៀបណា? តើអ្នកអាចផ្លាស់ប្តូរទម្លាប់អាក្រក់ទៅជាទម្លាប់ល្អដោយរបៀបណា?
៦.តើមានឱកាសល្អៗណាខ្លះដែលអ្នកមិនបានឈោងចាប់យក?
ប្រសិនបើមាន តើអ្នកត្រូវធ្វើដូចម្តេចដើម្បីការពារមិនឲ្យឱកាសទាំងនោះកន្លងផុតទៅម្តងទៀតនៅក្នុងឆ្នាំ ២០២០ខាងមុខ?
៧.តើអ្នកបានចាប់ផ្តើមធ្វើអ្វីខ្លះ ហើយមិនទាន់ជោគជ័យ?
តើនៅមានការងារអ្វីខ្លះដែលអ្នកចាប់ផ្តើមធ្វើ ហើយមិនទាន់បញ្ចប់? តើអ្នកនឹងជួបវាម្តងទៀត ឬបន្តធ្វើវាទៀតដែរទេក្នុងឆ្នាំ ២០២០ខាងមុខ? ប្រសិនបើការស្នើជំនួយអាចធ្វើឲ្យអ្នកសម្រេចវាបាន អ្នកគួរតែធ្វើវា។
៨.តើអ្វីទៅដែលធ្វើឲ្យជីវិតអ្នករីករាយក្នុងឆ្នាំ ២០១៩នេះ?
សូមប្តេជ្ញាចិត្តធ្វើកិច្ចការទាំងឡាយណាដែលនាំមកនូវភាពរីករាយឲ្យអ្នក ហើយបន្តធ្វើវាតទៅទៀតនៅក្នុងឆ្នាំ ២០២០ ខាងមុខ។ ចំពោះសកម្មភាព ឬទង្វើណាដែលធ្វើឲ្យជីវិតរបស់អ្នកជួបភាពសៅម្មង គួរតែរំដោះវាឲ្យចាកឆ្ងាយពីខ្លួនអ្នកទៅ។
៩.តើអ្វីទៅដែលធ្វើឲ្យអ្នកអរគុណខ្លាំងជាងគេ?
ទន្ទឹមនឹងការពុះពារក្នុងឆាកជីវិតរបស់អ្នក អ្នកគួរស្វែងរកឲ្យឃើញនូវអ្វីដែលធ្វើឲ្យអ្នកអរគុណខ្លាំងជាងគេ។ តើអ្វីទៅជាប្រសិទ្ធពរជ័យដែលអ្នកទទួលបានក្នុងឆ្នានេះ? តើអ្នកធ្វើឲ្យប្រសិទ្ធពរជ័យទាំងនោះនៅតែចូលកើតមានបន្តទៅទៀតក្នុងឆ្នាំ ២០២០ ខាងមុខដោយរបៀបណា?
១០.តើអ្វីទៅដែលអ្នកចង់ឲ្យអ្នកដទៃចងចាំបំផុតនៅពេលអវត្តមានរបស់អ្នក?
អ្នកអាចសម្រេចកិច្ចការជាច្រើននៅក្នុងជីវិត ប៉ុន្តែពេលខ្លះអ្នកបានភ្លេចគិតថា តើកេរ្តិ៍តំណែលអ្វីខ្លះដែលអ្នកគួរបន្សល់ទុកដល់មនុស្សផ្សេងទៀត? ជាមួយនឹងសំណួរនេះ សូមគិតឲ្យបានវែងឆ្ងាយបន្តិច ហើយគិតរកមើលពីវិធី ដែលអ្នកអាចបោះជំហានមួយជំហានទៀតនៅឆ្នាំក្រោយ ដើម្បីនាំចក្ខុវិស័យមួយនេះចូលទៅក្នុងជីវិតរបស់អ្នក៕
ប្រភព៖ INC