រឿង ១០យ៉ាងដែលអ្នកត្រូវធ្វើដើម្បីយកឈ្នះបញ្ហានាឆ្នាំថ្មីខាងមុខនេះ
អ្នកគិតថាឆ្នាំថ្មីខាងមុខនេះនឹងធ្វើឲ្យជីវិតអ្នកស្មុគស្មាញមែនទេ? មានរឿងរ៉ាវជាច្រើនដែលប្រហែលធ្វើឲ្យអ្នកស្មុគស្មាញ ឈឺក្បាល ប៉ុន្តែកុំភ័យខ្លាចនឹងរឿងទាំងនោះ។ រាល់បញ្ហាទាំងអស់តែងតែមានដំណោះស្រាយ។ ខាងក្រោមនេះគឺជារឿងទាំង ១០យ៉ាងដែលអ្នកត្រូវធ្វើក្នុងឆ្នាំថ្មី៖
១) បង្កើតកាលវិភាគរៀងរាល់ថ្ងៃអាទិត្យ
តើអ្នកចង់បំពេញការងារអ្វីឲ្យសម្រេច? តើគោលដៅអ្វីដែលអ្នកបានកំណត់? អ្នកត្រូវរៀបចំតារាងកាលវិភាគប្រចាំសប្ដាហ៍របស់អ្នក ដូចនេះអ្នកនឹងដឹងថាអ្នកនឹងត្រូវធ្វើអ្វីខ្លះក្នុងមួយសប្ដាហ៍។ កុំរៀបចំតារាងកាលវិភាគរបស់អ្នកច្រើនពេលពេកដែលធ្វើឲ្យអ្នកមិនអាចញែកពេលវេលាសម្រាប់ធ្វើការងារណាមួយនៅពេលបន្ទាន់។ ដូចនេះ ត្រូវរៀបចំកិច្ចការទាំងឡាយនៅលើតារាងកាលវិភាគរបស់អ្នកឲ្យបានច្បាស់លាស់ដើម្បីបំពេញគោលដៅរបស់អ្នក។
២) កុំកំណត់គោលដៅដែលមិនច្បាស់លាស់
អ្នកត្រូវមានគោលដៅដែលច្បាស់លាស់ ជាក់លាក់។ កុំសរសេរថា៖ ខ្ញុំនឹងទៅទិញឡាន Lamborghini មួយគ្រឿងនៅឆ្នាំ២០២០ នៅលើក្រដាសសៀវភៅរបស់អ្នកប្រសិនបើអ្នកគិតថាគោលដៅនោះអ្នកមិនអាចសម្រេចបាន។ ការធ្វើបែបនេះនឹងធ្វើឲ្យអ្នកបាក់ទឹកចិត្ត ខកបំណងជាក់ជាមិនខាន។ កុំកំណត់គោលដៅដែលមិនច្បាស់លាស់ មិនអាចធ្វើទៅបាន។
៣) និយាយវិជ្ជមាន
ការនិយាយថា ទេ សម្រាប់ការអញ្ចើញទៅចូលរួមកម្មវិធីជប់លៀង ឬកម្មវិធីជួបជុំណាមួយ ធ្វើឲ្យអ្នកមិនអាចរៀនសូត្របន្ថែមបាន។ ហ៊ានចាកចេញពីកន្លែងសុកស្រួលរបស់អ្នក ហើយរៀននិយាយទទួលយក និងជួបមនុស្សថ្មីៗឲ្យបានច្រើន។ ការធ្វើបែបនេះហើយដែលហៅថាភាពរីកចម្រើន។ អ្នកជួបមនស្សកាន់តែច្រើនធ្វើឲ្យអ្នកមានឱកាសកាន់តែច្រើន ពីព្រោះអ្នកមិនដឹងថាមនុស្សទាំងនោះនឹងផ្ដល់ឲ្យអ្នកនូវអ្វីនោះទេ ជួនកាលពួកគេអាចជាដៃគូអាជីវកម្មរបស់អ្នកក៏មិនដឹង។
៤) រៀននិយាយបដិសេធ
រៀននិយាយបដិសេធចំពោះមនុស្សដែលរំខានអ្នក។ អ្នកត្រូវចេះនិយាយថា ទេ នៅពេលដែលអ្នកដទៃមិនផ្ដល់ជាប្រយោជន៍ដល់អ្នក ឬដែលធ្វើឲ្យពេលវេលាមានតម្លៃរបស់អ្នកបាត់បងជាអសារបង់។ វាជារឿងល្អដែលត្រូវធ្វើជាមនុស្សដែលមានចិត្តល្អនិងជាមនុស្សដែលចេះជួយអ្នកដទៃ ប៉ុន្តែមិនមែនជួយដោយសារតែភាពងងឹតងងល់របស់អ្នកនោះទេ។ អ្នកត្រូវរៀននិយាយថាទេ។ ប្រសិនបើអ្នកចេះបដិសេធដោយភាពត្រឹមត្រូវ នោះជីវិតរបស់អ្នកនឹងមិនស្មុគស្មាញនោះទេ។
៥) ត្រូវរៀនកំណត់ពេលវេលា
មុននឹងចាប់ផ្ដើមធ្វើអ្វីក៏ដោយឬបំពេញអ្វីក៏ដោយ អ្នកត្រូវកំណត់ពេលវេលាជាក់លាក់ ថាពេលណាអ្នកត្រុវបញ្ចប់កិច្ចការនោះ។ អ្នកអាចងើបឈរ ពត់ពេនខ្លួនបាន ប៉ុន្តែអ្នកមិនត្រូវបឈ្ឈប់ធ្វើជាដាច់ខាត។ អ្នកត្រូវកំណត់ពេលវេលាជាក់លាក់ហើយធ្វើវារហូតដល់បញ្ចប់កិច្ចការចប់សព្វគ្រប់។
៦) រៀនសុំជំនួយ
មនុស្សម្នាក់ៗមិនមែនសុទ្ធតែខ្លាំងពូកែ ល្អឥតខ្ចោះនោះទេ ដូចនេះឈប់ធ្វើអ្វីៗដោយម្នាក់ឯង។ អ្នកត្រូវចេះនិងហ៊ានសួររកជំនួយពីអ្នកដទៃ។ អ្នកដទៃប្រាកដជាបើកចិត្តជួយអ្នកជាមិនខាន។ ដូចនេះ កុំខ្លាចក្នុងការសុំឲ្យអ្នកដទៃជួយអ្នក។
៧) ផ្ដល់រង្វាន់ដល់ខ្លួនអ្នក
អ្នកត្រូវចេះផ្ដល់កាដូដល់ខ្លួនអ្នក ដូចជាការញ៉ាំអាហារឆ្ងាញ់មួយពេល ទៅមើលកុន ឬទិញអ្វីមួយជូនខ្លួនអ្នកជាដើម។ នៅពេលសម្រេចកិច្ចការណាមួយ ដោយមានលទ្ធផល អ្នកត្រូវចេះប៉ាវឬផ្ដល់រង្វាន់ដល់ខ្លួនអ្នកជាការលើកទឹកចិត្ត។
៨) កាត់ផ្ដាច់ការប្រើប្រាស់ទូរស័ព្ទ
ចំណាយពេលឲ្យឆ្ងាយពីបណ្ដាញទំនាក់ទំនងសង្គមដូចជាហ្វេសបុក ឬ Instagram ជាដើម។ អ្នកអាចចំណាយពេលដើរ អានសៀវភៅ ឬចេញទៅក្រៅជាមួយមិត្តភក្ដិជាដើម។ កុំជក់នឹងលែងទូរស័ព្ទច្រើនពេក អ្នកគួរតែចំណាយពេលខ្លះផ្ដាច់ខ្លួនចេញពីទូរស័ព្ទរបស់អ្នក។
៩) ស្ម័គ្រចិត្តធ្វើការងារសង្គម
អ្នកគួររៀនចំណាយពេលខ្លះដើម្បីជួយសង្គមតាមរយៈការស្ម័គ្រចិត្ត។ មានមនុស្សច្រើនណាកំពុងត្រូវការជំនួយ។ អ្នកអាចបែងចែកពេលវេលាខ្លះដើម្បីធ្វើកិច្ចការទាំងនេះ។
១០) ធ្វើកិច្ចការឈឺក្បាលនាពេលព្រឹកឲ្យអស់
ធ្វើកិច្ចការដែលអ្នកចង់ត្រូវធ្វើកិច្ចការណាដែលអ្នកមិនចង់ធ្វើប៉ុន្តែត្រូវតែធ្វើនៅពេលព្រឹក។ ប្រសិនបើអ្នកមិនធ្វើរឿងដែលស្មុគស្មាញឲ្យអស់ពីពេលព្រឹកទេ នោះអ្នកនឹងមានកិច្ចការស្មុគស្មាញទាំងនោះតាមលងអ្នកពេញមួយថ្ងៃជាមិនខាន។ ដូចនេះ ត្រូវបំពេញកិច្ចការឈឺក្បាលរបស់អ្នកឲ្យចប់សព្វគ្រប់ពីពេលព្រឹក៕
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ addicted2success