មនុស្សដែលមានស្មារតីរឹងមាំមិនធ្វើរឿង ១២ យ៉ាងនេះ​



អ្នកមិនអាចចាត់ទុកថា ខ្លួនអ្នកជាមនុស្សរឹងមាំបានឡើយបើសិនជាអ្នកមិនទាន់សាកល្បងអានអត្ថបទមួយនេះ។ សាកប្រៀបធៀបខ្លួនអ្នកទៅនឹង ១២ ចំណុចខាងក្រោមនេះមើល៍ថា តើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាមនុស្សដែលមានស្មាតីរឹងមាំហើយឬនៅ? យ៉ាងណាក៏ដោយ សូមចាំថា ចង់ធ្វើជាមនុស្សម្នាក់ដែលមានចិត្តរឹងមាំល្អម្នាក់ មិនមែនជារឿងមួយងាយស្រួលដូចដែលអ្នកគិតនោះឡើយ។ 

១.មិនចំណាយពេលឥតប្រយោជន៍អង្គុយសោកស្តោយចំពោះកំហុសរបស់ខ្លួន
មនុស្សចិត្តរឹងមាំមិនអង្គុយ Drama ឬ សង្ងំយំសោកស្តាយចំពោះកំហុសរបស់ខ្លួនឡើយ។ ពួកគេយល់ថា វាជាការខាតពេលឥតប្រយោជន៍ និងបំផ្លាញខ្លួនឯង។ អ្វីដែលពួកគេត្រូវឆ្លើយតបគឺការទទួលខុសត្រូវរាល់កំហុសឆ្គង រៀនពីកំហុស និងកែប្រែកំហុសភ្លាមៗដោយមិនស្ទាក់ស្ទើ។

២.មិនឲ្យអ្នកដទៃមកកំណត់លើជោគវាសនារបស់ខ្លួន
ខណៈដែលអ្នកទន់ខ្សោយចូលចិត្តពឹងអ្នកដទៃ មនុស្សដែលមានចិត្តរឹងប៉ឹងវិញមិនបណ្តែងបណ្តោយឲ្យអ្នកដទៃមកគ្រប់គ្រងលើជោគវាសនារបស់ខ្លួនឡើយ។ ពួកគេនឹងតស៊ួគ្រប់បែបយ៉ាងដោយខ្លួនឯងទោះក្នុងតម្លៃណាក៏ដោយដើម្បីឲ្យការចំណាយថាមពល ពេលវេលា និងការខិតខំប្រឹងប្រែងរបស់ពួកគេទទួលបានជោគជ័យស្របតាមគោលដៅដែលបានកំណត់។

៣.មិនភ័យខ្លាចក្នុងការផ្លាស់ប្តូរ
មនុស្សចិត្តរឹងមាំយល់ថា មានការផ្លាស់ប្តូរមានការអភិវឌ្ឍ។ មានការផ្លាស់ប្តូរកាន់តែច្រើន ឱកាសក៏មានកាន់តែច្រើន។ ហេតុដូច្នេះហើយទើបពួកគេមិនចេះតែអង្គុយរង់ចាំមួយកន្លែងទុកឲ្យឱកាសគន្លងផុតឡើយ។ ពួកគេនឹងផ្លាស់ប្តូរខ្លួនឯងភ្លាមប្រសិនបើចាំបាច់ដោយគ្មានភាពភ័យខ្លាច។

៤.មិនផ្តោតលើអ្វីដែលពួកគេមិនអាចគ្រប់គ្រងបាន
គ្មាននរណាម្នាក់អាចគ្រប់គ្រងរបស់គ្រប់យ៉ាងនៅជុំវិញខ្លួនឡើយ។ ក្នុងចិត្តមនុស្សរឹងមាំក្រៅពីការគ្រប់គ្រងខ្លួនឯងឲ្យបានល្អដូចជា ថាមពល ពេវេលា កម្លាំងចិត្ត សេចក្តីលោភលន់ ទំនាក់ទំនងល្អ ឱកាស ឬភាពជោគជ័យរបស់ខ្លួនជាដើម អ្វីៗផ្សេងទៀត គឺជារបស់ក្រៅខ្លួនដែលពួកគេមិនចាំបាច់យកចិត្តទុកដាក់ឡើយ។

៥.មិនព្រួយបារម្ភក្នុងការផ្គាប់ចិត្តអ្នកដទៃ
ក្នុងចិត្តមនុស្សរឹងមាំយល់ថា មនុស្សម្នាក់ៗមានអ្នកស្រលាញ់ អ្នកស្អប់។ មនុស្សមានអ្នកចូលចិត្ត និងអ្នកមិនពេញចិត្ត។ មានអ្នកប្រឆាំង និងអ្នកយល់ស្រប។ ហេតុដូច្នេះហើយឲ្យតែពួកគេជឿជាក់ចំពោះខ្លួនឯង ទោះបីជាការសម្រេចចិត្ត ឬ ទង្វើរបស់ខ្លួនមិនធ្វើឲ្យនរណាម្នាក់ពេញចិត្ត និងខកចិត្តក៏ដោយ ក៏ពួកគេនៅតែមិនស្ទាក់ស្ទើរក្នុងការធ្វើវាដែរ។

៦.មិនភ័យខ្លាចនឹងឧបសគ្គ
សម្រាប់មនុស្សរឹងមាំ ឧបសគ្គគឺជាឱកាស។ ឧបសគ្គគឺជាមេរៀន ធ្វើឲ្យពួកគេកាន់តែមានឥទ្ធិពលឡើង។ ហេតុដូច្នេះហើយ រាល់ឧបសគ្គដែលចូលមកដល់ ពួកគេតែងស្វាគមន៍ដោយរីករាយ និងព្យាយាមរកវិធីសាស្រ្តដោះស្រាយទាល់តែបានដោយមិនគេចវេសឡើយ។

៧.មិនរស់នៅក្នុងអតីតកាល
ដោយសារតែអតីតកាលមិនអាចជួសជុល ឬ ទៅកែប្រែវាបាន ទើបមនុស្សមានចិត្តរឹងមាំយល់ថា វាជារឿងឥតប្រយោជន៍ដែលបន្តរស់នៅជាមួយរឿងដែលកន្លងហួស។ ពួកគេយល់ថា មានតែការរៀនសូត្រពីវា និងទទួលស្គាល់ការពិតតែប៉ុណ្ណោះដែលជាវិធីល្អបំផុតសម្រាប់ឲ្យពួកគេអាចលុបលាងអតីតកាលទាំងនោះ។

៨.មិនបង្កើតកំហុសដដែលៗ
មនុស្សដែលមានស្មារតីរឹងមាំ ទទួលស្គាល់ថា កំហុសគឺជាបទពិសោធន៍។ បទពិសោធន៍នេះហើយនឹងជួយបង្រៀនពួកគេមិនអាចដើរលើដានចាស់ទៀតបានឡើយ។ ពួកគេនឹងរកវិធីសាស្រ្តថ្មី យុទ្ធសាស្រ្តថ្មី និងគម្រោងថ្មីដែលអាចធ្វើឲ្យពួកគេប្រែក្លាយកំហុសនោះទៅជាឱកាសល្អប្រសើរជាងមុននៅពេលខាងមុខ។

៩.មិនតូចចិត្តនឹងភាពជោគជ័យរបស់អ្នកដទៃ
ការតូចចិត្តតូចថ្លើមពេលឃើញអ្នកដទៃជោគជ័យ មិនមែនជាបុគ្គលិកលក្ខណៈរបស់មនុស្សដែលមានស្មារតីរឹងមាំឡើយ។ ពួកគេយល់ថា អារម្មណ៍តូចចិត្ត ឬច្រណែនភាពជោគជ័យរបស់អ្នកដទៃ គឺជាការបំផ្លាញខ្លួនឯង។ ផ្ទុយទៅវិញពួកគេចូលរួមអបអរ និងឲ្យតម្លៃលើភាពជោគជ័យនោះ ហើយព្យាយាមខិតខំប្រឹងប្រែងឲ្យដូចគេ នៅពេលខ្លួនឯងមិនទាន់ជោគជ័យ។

១០.មិនបោះបង់ពេលបរាជ័យលើកទី១
បុគ្គលដែលមានស្មារតីរឹងមាំយល់ថា ការបរាជ័យមិនកើតមានឡើងត្រឹមតែមួយយប់នោះឡើយ។ វាត្រូវការពេលវេលា ការខិតខំប្រឹងប្រែង ថាមពល និងការលះបង់ជាដើម ហើយការបរាជ័យគឺជាឱសថប៉ូវកម្លាំងដ៏ពិសេសបំផុតមួយ។ ក្នុងចិត្តរបស់ពួកគេ ទោះបរាជ័យប៉ុន្មានដងក៏ដោយ ក៏នៅតែព្យាយាមតស៊ូធ្វើវាបន្តទៀតរហូតដល់ភាពជោគជ័យធ្លាក់មកលើដៃពួកគេ។

១១.មិនភ័យខ្លាចទៅនឹងពេលឯកោ
ខណៈមនុស្សជាច្រើនមានអារម្មណ៍ស្រងោះស្រងោចចិត្តពេលនៅម្នាក់ឯង នៅក្នុងចិត្តមនុស្សមានស្មារតីរឹងមាំវិញ គឺមានតែសេចក្តីដាក់តឿនខ្លួនឯង។ ពេលពួកគេនៅម្នាក់ឯង ពួកគេយកពេលវេលាទាំងនោះទៅគិតពីខ្លួនឯង គិតពីបុព្វហេតុនៃជីវិត ការអភិវឌ្ឍ សមត្ថភាពខ្លួនឯង ឬអានសៀវភៅដែលមានប្រយោជន៍សម្រាប់ជាជាងគិតរឿងផ្សេងដែលគ្មានបានការ។

១២.មិនគិតថា អ្វីៗគ្រប់យ៉ាងជារបស់ខ្លួន
មនុស្សរឹងមាំយល់ថា ភាពជោគជ័យរបស់អ្នកដទៃគឺជាកម្មសិទ្ធិរបស់អ្នកដទៃ។ អ្នកដទៃមានអ្វីៗជារបស់គេ ចំណែកខ្លួនឯង មានអ្វីៗដែលជារបស់ខ្លួន។ ខ្លួនមិនអាចគ្រប់គ្រងរបស់គ្រប់យ៉ាងបានឡើយ។ អ្វីដែលខ្លួនចង់បានពីអ្នកដទៃ មិនប្រាកដថា អ្នកដទៃផ្តល់ឲ្យខ្លួនឡើយ។ អ្វីដែលខ្លួនប្រព្រឹត្តចំពោះអ្នកដទៃ ក៏មិនប្រាកដថា អ្នកដទៃនឹងប្រព្រឹត្តមកលើខ្លួនវិញដែរ។ ច្បាប់របស់មនុស្សរឹងមាំគឺថា គ្រប់គ្រងអ្វីៗដែលអាចគ្រប់គ្រងបាន ហើយអ្វីដែលមិនអាចគ្រប់គ្រងបានគឺមិនចាំបាច់ត្រូវគិតពីវាឡើយ៕

ប្រភព៖ Businessinsider 

 

X
5s