ឲ្យ​តែ​ប្រកាន់​ជំហរ​នេះ ទោះ​អាជីវកម្ម​ស្រដៀង​គ្នា​ក៏​រីកចម្រើន​ឆាប់​រហ័ស​ដែរ​



វា​ប្រហែល​ជា​ពិបាក​បន្តិច​ហើយ​សម្រាប់​អ្នក​ដែល​ចង់​ចាប់​ផ្ដើម ឬ​បង្កើត​អាជីវកម្ម​មួយ​ដែល​ថ្មី​ស្រឡាង ត្បិត​នៅ​លើ​ទី​ផ្សារ​កម្ពុជា​បច្ចុប្បន្ន​មាន​អាជីវកម្ម​ជា​ច្រើន​ប្រភេទ​កំពុង​តែ​រីក​ដុះដាល​ដូច​ផ្សិត​ទៅ​ហើយ ដូច្នេះ​ប្រសិន​បើ​ធ្វើ​អាជីវកម្ម​មួយ​ដែល​ស្រដៀង​គ្នា​ តើ​ល្អ​ឬ​ទេ? ហើយ​តើ​គួរ​ធ្វើ​យ៉ាង​ដូចម្ដេច​ខ្លះ​ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​ អាច​រីកចម្រើន​បាន​ឆាប់​រហ័ស? ខាង​ក្រោម​នេះ ជា​ការ​ចែក​រំលែក​របស់​អ្នកស្រី តិច ស៊ីមហ៊ាង ប្រធាន​សមាគម​ស្ត្រី​តម្បាញ និង​អភិវឌ្ឍន៍​សូត្រ និង​ជា​ស្ថាបនិក​អាជីវកម្ម​កី​មាស។

នៅ​ក្នុង​កម្មវិធី "The Executive Talks 2019” ក្រោម​ប្រធាន​បទ​ «ផលិតផល​ក្នុង​ស្រុក៖ កាលានុវត្តភាព ឧបសគ្គ និង​កត្តា​ផ្សេងៗ» កាល​ពី​ពេល​កន្លង​ទៅ ស្ថាបនិក​កី​មាស អ្នក​ស្រី តិច ស៊ីមហ៊ាង បាន​លើក​ឡើង​ថា «អ្នក​ដែល​ចង់​បង្កើត​អាជីវកម្ម​គឺ​ទាមទារ​ត្រូវ​តែ​មាន​ភាព​វិជ្ជមាន​ខ្លាំង​បំផុត សម្រាប់​ខ្ញុំ​អាជីវកម្ម​កី​មាស​នៅ​ពេល​ដែល​ចាប់​ផ្ដើម​ដំបូង​បាន​ទាញ​ភាព​អវិជ្ជមាន​ជា​ច្រើន​មក​លើ​ខ្ញុំ​ គឺ​មិន​ចង់​ឲ្យ​ខ្ញុំ​បើក ព្រោះ​អាជីវកម្ម​នេះ​មាន​គេ​រកស៊ី​រួច​ទៅ​ហើយ ដូច្នេះ​គេ​ជា​ដុំ​ថ្ម​យើង​ជា​ពងមាន់​បើ​ជល់​ទៅ​យើង​ចប់​ហើយ ប៉ុន្តែ​ដោយ​សារ​ភាព​ជឿជាក់ និង​ក្ដី​ស្រលាញ់​ទើប​ខ្ញុំ​គិត​ថា​វា​គឺ​ជា​ឱកាស»។

អ្នក​ស្រី​ស្ថាបនិក​បន្ត​ថា នៅ​ពេល​ដែល​យើង​ស្រលាញ់​អាជីវកម្ម​របស់​យើង​ពិត​ប្រាកដ នៅ​ពេល​ដែល​យើង​ជឿជាក់​លើ​ការ​ធ្វើ​ទីផ្សារ​ នោះ​វា​នឹង​អូស​ទាញ​អតិថិជន​ឲ្យ​មក​គាំទ្រ​ផលិតផល​យើង​ជា​មិន​ខាន ប៉ុន្តែ​យើង​ក៏​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ផលិតផល​របស់​យើង​អាច​ កន្ត្រាក់​ និង​ទាញ​បេះដូង​របស់​អតិថិជន​ឲ្យ​ជឿជាក់​ផង​ដែរ។  ចំណុច​សំខាន់​គឺ​ម្ចាស់​អាជីវកម្ម​ត្រូវ​ចេះ​រក​ចំណុច​ដែល​ជា​តម្រូវ​ការ​របស់​អតិថិជន ហើយ​ច្នៃ​ឲ្យ​ត្រូវ​នឹង​បេះដូង​របស់​ពួកគាត់ នោះ​ប្រាកដ​ណាស់​អតិថិជន​និង​មក​គាំទ្រ។

បន្ថែម​ពី​នេះ​លោក​ស្រី​បញ្ជាក់​ថា ដើម្បី​ធ្វើ​ទីផ្សារ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ ម្ចាស់​អាជីវកម្ម​ត្រូវ​ចេះ​មើល​ពី​ភាព​ខ្វះ​ចន្លោះ​របស់​ដៃគូ​ប្រកួត​ប្រជែង​ បើ​កាល​ណា​សម្លឹង​ឃើញ​ហើយ​គួរ​តែ​ចាប់​ផ្ដើម​ធ្វើ​ភ្លាម។ បើ​កាល​ណា​ផលិតផល​របស់​យើង​ត្រូវ​បាន​គូប្រកួត​យើង​ចម្លង​តាម នោះ​បាន​ន័យ​ថា​អាជីវកម្ម​យើង​ឈ្នះ​គេ​ហើយ ដូច្នេះ​ត្រូវ​បន្ត​ប្រឹងប្រែង​ពង្រីក​បន្ថែម​ទៀត។

អ្នកស្រី តិច ស៊ីមហ៊ាង «បើ​គ្រាន់​តែ​ស្រលាញ់ តែ​មិន​ស្គាល់​ច្បាស់​ពី​ទីផ្សារ​នោះ​អាជីវកម្ម​មិន​អាច​នៅ​បាន​យូរ​នោះ​ទេ»

ដោយ៖ ជួប ស្រីរ័ត្ន

X
5s