រឿង ៥ យ៉ាងដែលអ្នកមិនធ្លាប់បានដឹងអំពីឌូបៃថាជារដ្ឋមួយដ៏អស្ចារ្យ
យោងតាម World Economic Forum បានឲ្យដឹងថាមនុស្សភាគច្រើនគិតថាឌូបៃ (Dubai) ជាមជ្ឈមណ្ឌលនិងគោលដៅទេសចរណ៍ដ៍ពេញនិយមសម្រាប់ភ្ញៀវទេសចរជុំវិញពិភពលោកដោយកាលពីឆ្នាំ ២០១៨ មានភ្ញៀវទេសចរសរុបជាង ១៦ លាននាក់បានទៅទស្សនា។ ដោយសារតែទីក្រុងឌូបៃ ជាទីក្រុងទំនើបដែលមានភ្ញៀវទេសចរជាច្រើនចូលចិត្តចំណាយលុយយ៉ាងច្រើនលើការទិញទំនិញតាមផ្សារទំនើបនិងការកម្សាន្តផ្សេងៗទើបបានជារៀងរាល់ឆ្នាំទីក្រុងមួយនេះមានទន្និន័យថវិកាសរុបដែលទទួលបានពីការចំណាយពីភ្ញៀវទេសចរជាង ៣១ ពាន់លានដុល្លារ។
យ៉ាងណាក្ដី មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនដែលប្រហែលជាអ្នកគ្រប់គ្នាមិនដែលធ្លាប់បានដឹងអំពីទីក្រុងមួយនេះពីមុនមកហើយខាងក្រោមនេះគឺលក្ខណៈពិសេសរបស់ទីក្រុងដ៍ល្បីល្បាញមួយនេះ៖
១) ឌូបៃមិនមែនជាប្រទេសទេ
ឌូបៃជារឿយៗត្រូវបានគេយល់ច្រឡំថាជាប្រទេសឯករាជ្យមួយ។ តែតាមពិតវាជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន ៧ នៅអេមីរ៉ាតអារ៉ាប់រួមដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧១ បន្ទាប់ពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេស។ ក្នុងនាមជាទីក្រុងធំជាងរបស់អេមីរ៉ាតអារ៉ាប់រួម ឌូបៃជាជ្រកចេញចូលដ៏សំខាន់មួយនៅក្នុងប្រទេសដែលមមាញឹកជាមួយនឹងប្រជាជនចំនួនជាង ៨៨ លាននាក់ឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិឌូបៃជារៀងរាល់ឆ្នាំ ។
២) សព្វថ្ងៃនេះមិនមែនជាសមុទ្រទៀតទេដែលជាប្រភពឧស្សាហកម្មសំខាន់របស់រដ្ឋមួយនេះ
ប្រេងត្រូវបានរកឃើញនៅឌូបៃក្នុងឆ្នាំ ១៩៦៦។ មុនពេលនោះ សេដ្ឋកិច្ចក្នុងតំបន់នេះគឺពឹងផ្អែកលើសកម្មភាពជលផលដូចជាមុជទឹករកគុជនៅបាតសមុទ្រនិងនេសាទជាដើម។ ប៉ុន្តែសព្វថ្ងៃនេះ ផលិតផលក្នុងស្រុកសរុបរបស់អេមីរ៉ាតអារ៉ាប់រួមគឺមានចំនួន ៤១៤ ពាន់លានដុល្លារហើយគេរំពឹងថានឹងកើនឡើង ២.៤% នៅក្នុងឆ្នាំ ២០១៩ ដែលជំរុញដោយសារផ្នែកប្រេងមានកំណើនលឿនជាងមុនជាមួយនឹងការផលិតប្រេងឆៅជិត ៨៤ ពាន់បារ៉ែលក្នុងមួយថ្ងៃៗ។ ក្រៅពីនេះសកម្មភាពអាជីវកម្មជាង ៩០% នៅឌូបៃក៍បានចូលរួមចំណែកពីវិស័យផ្សេងៗទៀតរួមមានផ្នែកហិរញ្ញវត្ថុ អចលនទ្រព្យ សំណង់ និងផលិតកម្មផងដែរ។
៣) ប្រជាជនភាគច្រើនមានអាយុក្រោម ៣៥ ឆ្នាំ
ឌូបៃជារដ្ឋមួយដែលមានប្រជាជនមានអាយុក្រោម ៣៥ ឆ្នាំជាង ៦០% ។ មិនត្រឹមតែប៉ុណ្ណោះទេ ទីក្រុងឌូបៃគឺជាមជ្ឈមណ្ឌលមួយដែលកំពុងតែមានសន្ទុះលូតលាស់ខាងផ្នែកបច្ចេកវិទ្យា។
៤) ឌូបៃជាទីក្រុងដែលប្រជុំទៅដោយប្រព័ន្ធផ្សព្វផ្សាយធំៗ
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឈានមុខគេជាច្រើននៅលើពិភពលោកមានមូលដ្ឋាននៅក្នុងរដ្ឋឌូបៃមានដូចជា BBC CNN CNBC Sony និង Showtime ជាដើម។ កាលពីឆ្នាំ ២០០១ ទីក្រុងឌូបៃបានក្លាយជាមជ្ឈមណ្ឌលនៃផលិតកម្មនិងការផ្សព្វផ្សាយដោយមានការចូលរូមដោយក្រុមហ៊ុនជាច្រើន រួមមាន Dubai Technology និង Electronic Commercial ព្រមទាំង Media Free Zone (TECOM) ជាមួយនឹងទឹកប្រាក់ច្រើនជាង ៨០០ លានដុល្លារអាមេរិកនិងក្រុមហ៊ុនតូចៗជាង ២៥០០ ក្រុមហ៊ុនទៀតផងដែរ។
ក្នុងនោះដែរ ឌូបៃក៍បានក្លាយជាទីតាំងពេញនិយមសម្រាប់ថតកុនហូលីវូដផងដែរដូចជារឿងដ៍ល្បីល្បាញ Syriana ជាដើម។
៥) ទីក្រុងនេះមានគោលបំណងចង់ក្លាយជាទីក្រុងសុខសាន្តបំផុតនៅលើលោក
តើសុភមង្គលអាចវាស់វែងបានទេ? ប៉ុន្តែវាអាចវាស់វែងបាននៅឌូបៃដែលមានការវាស់វែងតាមបែបឌីជីថលក្នុងការវាស់ស្ទង់អារម្មណ៍របស់ប្រជាជននិងភ្ញៀវទេសចរ ជាពិសេសនៅពេលពួកគេទាក់ទងជាមួយសេវាកម្មរបស់រដ្ឋាភិបាលឌូបៃ។ នៅឆ្នាំ ២០១៦ រដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួមបានតែងតាំងលោក Ohood bint Khalfan Al Rhoumi ជារដ្ឋមន្រ្តីទីមួយនៃសុភមង្គល (Minister for Happiness) ដែលគ្រប់គ្រងកម្មវិធីជាតិនៃភាពវិជ្ជមាន។ ហើយយោងតាមក្រសួងសុខាភិបាលស្តីអំពីសុភមង្គលរបស់ប្រជាជនខ្លួននៅប្រទេសនេះបានកើនឡើងជាង ២៤% ក្នុងចន្លោះឆ្នាំ ២០១៦ ដល់ ២០១៨ ៕
ដោយ៖ Athony