ដើមឈើ ប្រទាល និងផ្កាទាំងនេះជួយការពារផ្ទះពីសត្វពស់យ៉ាងពូកែស័ក្ដិសិទ្ធ
រុក្ខជាតិដែលនៅជុំវិញខ្លួនអ្នកមួយចំនួន ប៉ុន្តែប្រហែលមិនបានដឹងទេថាវាមានប្រយោជន៍ជួយការពារអ្វីខ្លះដល់អ្នក។ តើរុក្ខជាតិអ្វីខ្លះដែលអាចជួយការពារអ្នកពិសត្វអាសិរពិសបាន? ដើមរុក្ខជាតិទាំងប៉ុន្មានខាងក្រោមនេះអាចជួយការពារសត្វពស់បានយ៉ាងពូកែ៖
១) ដើមក្រូចសើច
ដើម និងផ្លែក្រូចសើច
ក្រូចសើចទាំងផ្លែ ទាំងស្លឹកសុទ្ធតែមានឥទ្ធិពលលើសត្វពស់ ព្រោះក្លិនវាអាចធ្វើឲ្យពស់ចាញ់ឬទ្ធិបាន។ បើក្នុងផ្ទះគ្មានទីធ្លាគ្រប់គ្រាន់អាចដាំដើមក្រូចសើចបានទេ អ្នកអាចយកផ្លែឬស្លឹកក្រូចសើចមកដាក់ឲ្យមានក្លិនសាយភាយពេញបានដើម្បីបង្ការកុំឲ្យពស់ចូលផ្ទះ។ ខែទឹកលិចគ្រប់ផ្ទះត្រូវមានដាក់ពង្រាយផ្លែក្រូចសើចនេះពិសេសតាមកន្លែងកៀនកោះនានាដែលសត្វអាសិរពិសអាចសម្ងំលាក់ខ្លួនបាន ហើយក្រូចសើចនេះជារុក្ខជាតិលេខមួយពូកែសក្តិសិទ្ធិក្នុងការបណ្ដេញសត្វពស់។
២) ស្លឹកគ្រៃ
ស្លឹកគ្រៃ
ក្រៅពីប្រើដើម្បីធ្វើជាគ្រឿងផ្សំក្នុងម្ហូបអាហារ ស្លឹកគ្រៃក៏ជាប្រភេទរុក្ខជាតិឱសថយ៉ាងសំខាន់ដូចជាសម្រាប់ព្យាបាលផ្តាសាយកម្រិតស្រាល ថ្នាំស្ពង់ជាដើម។ លើសពីនេះស្លឹកគ្រៃជារុក្ខជាតិមានក្លិនពិសេសដែលជួយដេញសត្វពស់មិនឲ្យចូលមកជិតបរិវេណដែលមានដាំស្លឹកគ្រៃបានទៀតផង។
៣) ផ្កាស្បៃរឿង
ផ្កាស្បៃរឿង
ស្បៃរឿង ជាផ្កាដែលមានភាពស្រស់ស្អាតមានច្រើនពណ៌ ហើយស្បៃរឿងនេះមានពីរប្រភេទគឺប្រភេទដែលអាចទទួលទានបាន (ត្រួយសម្រាប់ជាអន្លក់) និងប្រភេទដាំលម្អរ (យកតែផ្កា)។ ក្រៅពីភាពស្រសស់ស្អាត ក្លិនក្រពល់របស់ផ្កាស្បៃរឿងក៏បានដើរតួនាទីក្នុងការការពារសត្វពស់បានយ៉ាងពូកែ។
៤) ជីត្រចៀកជ្រូក ឬជីស្លឹកក្រាស់
ជីត្រចៀកជ្រូក ឬជីស្លឹកក្រាស់
មនុស្សមួយចំនួនធំដែលចាញ់ក្លិនជីត្រចៀកជ្រូកនេះ ព្រោះក្លិនវាឈួលខ្លាំងបន្តិច។ គេអាចប្រើជីនេះដើម្បីទទួលទានជាអន្លក់បានដោយមានរសជាតិជូរហិរតិចៗ តែល្អសម្រាប់អ្នកផ្តាសាយ និងមានអាការៈក្អក។ ដោយសារក្លិនឈួលរបស់វា ធ្វើឲ្យពស់មិនហ៊ានចូលជិនកន្លែងដែលមានដាំជីត្រចៀកជ្រូកនេះឡើយ។
៥) ប្រទាលពស់ ឬដើមកំពែងនាគ
ប្រទាលពស់ ឬដើមកំពែងនាគ
ភាពអស្ចារ្យនៃប្រទាលនេះគឺធ្វើឲ្យសត្វពស់ស្ទើរតែមិនអាចវាទៅមុខបានទេ សត្វពស់មិនហ៊ានចូលជិតដើមនេះឡើយវាដូចជាចាញ់អំណាចប្រទាលមួយនេះខ្លាំងណាស់។ តាមបទពិសោធន៍ផ្ទាល់របស់អ្នកមានប្រទាលនេះនៅផ្ទះបានប្រាប់ឲ្យដឹងថា ទីតាំងដែលមានដើមប្រទាលនេះសត្វពស់មិនហ៊ានវារចូលឆ្លងកាត់ឡើយ ហើយគេឃើញសត្វពស់ស្រងល់នៅពេលគេបោះធាងប្រទាលនេះប៉ះខ្លួនវា ហើយវារទៅមុខមិនរួច។
៦) ដើមដំបងយក្ស
ដើមដំបងយក្ស
ភាគច្រើនគេដាំដើមដំបងយក្សនៅតាមរបងខាងមុខ ឬចំហៀងផ្ទះជាការលម្អរ និងការពារពីការយាយីរបស់សត្វអាសិរពិសមួយចំនួន ក៏ដូចជាការពារខ្មោចព្រាយបិសាចទៅតាមអបិយជំនឿបានផងដែរ។
៧) ប្រទាលអង្គរជុំ ឬប្រទាលកន្លង់ជុំ
ប្រទាលអង្គរជុំ ឬប្រទាលកន្លង់ជុំ
ជាប្រភេទអំបូរដើមដំបងយក្ស ព័ទ្ធដោយបន្លាដែលធ្វើឲ្យសត្វពស់ខ្លាច។
៨) ប្រទាលម្ជុលពេជ្រ
ប្រទាលម្ជុលពេជ្រ
ម្ជុលពេជ្រក៏ជាប្រភេទប្រទាលមានបន្លាដែរ តែបន្លាវាវែង និងរឹងមាំជាងប្រទាលអង្គរជុំ គេមិនដែលឃើញសត្វពស់ហ៊ានវាកាត់ដើមប្រទាលម្ជុលពេជ្រនេះទេ។ ភាគច្រើនគេដាំប្រទាលនេះនៅពីមុខ ឬពីចំហៀងផ្ទះ។
៩) ប្រទាលបាតដៃ
ប្រទាលបាតដៃ
នេះជាប្រភេទប្រទាលម៉្យាងដែលមានបន្លា និងជាតិជ័រដែលអាចធ្វើឲ្យសត្វពស់រមាស់ខ្លួនប្រសិនបើវារកាត់ពីលើដើមប្រទាលនេះ៕
ដោយ៖ យ៉ាយ៉ា