មេរៀនជីវិតចំនួន ៥ នឹងជួយឲ្យអ្នកក្លាយជាអ្នកដឹកនាំល្អម្នាក់
អស់រយៈពេលជាច្រើនឆ្នាំរាប់ចាប់តាំងពីកើតមករហូតដល់ដឹងក្តីនេះ អ្នកប្រហែលជាហែលឆ្លងកាត់ឧបសគ្គតូចដំរាប់មិនអស់នៅក្នុងខ្សែជីវិតរបស់អ្នក។ ពេលខ្លះអ្នក និងអ្នកផ្សេងទៀតអាចជួបព្រឹត្តិការណ៍ជីវិតប្រហាក់ប្រហែលគ្នា ប៉ុន្តែជំហរចំពោះបញ្ហាទាំងនោះទំនងជាមិនដូចគ្នាទេ។ អ្នកអាចបរាជ័យរួច ខណៈដែលអ្នកផ្សេងទៀតជោគជ័យល្អជាងអ្នក។ អ្នកអាចជាអ្នកចាញ់ ស្របពេលដែលអ្នកផ្សេងបានធ្វើឲ្យជីវិតរបស់ពួកគេឈ្នះរហូតមក។
យ៉ាងណាមិញ នេះគ្រាន់តែជាជ្រុងមួយនៃដំណើរជីវិតរបស់មនុស្សម្នាក់ៗប៉ុណ្ណោះ។ អ្វីដែលសំខាន់គឺថា តើមេរៀនជីវិតទាំងនោះបានផ្តល់គុណតម្លៃអ្វីខ្លះដល់អ្នក? អ្នកបានរៀនសូត្រអ្វីខ្លះពីវា? តើវាអាចធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំល្អម្នាក់បានដែរឬទេ? នេះជាចំណោទ ហើយបើទោះបីជាចម្លើយរបស់អ្នកបែបណាក្តី អត្ថបទនេះព្យាយាមលើកយកពីគុណសម្បត្តិចំនួន ៥ ដែលជីវិតអ្នកបានបង្រៀនអ្នកនៅពេលកន្លងមក។
១) អ្វីៗដែលកើតឡើងភ្ជាប់ជាមួយនឹងហេតុផលរបស់វា
អ្នកត្រូវតែបង្រៀនខ្លួនឯងពីរបៀបអាចមើលព្រឹត្តិការណ៍ផ្សេងៗដែលកើតឡើងនៅក្នុងជីវិតរបស់អ្នកទុកជាមេរៀន មិនមែនមើលទៅគ្រាន់តែជាបណ្តាសា ឬព្រហ្មលិខិតទេ។ អ្វីៗគ្រប់យ៉ាងរួមទាំងភាពជោគជ័យ និងការបរាជ័យ សុទ្ធតែបានកើតឡើងជាមួយហេតុផល និងគោលដៅរបស់វា ទោះបីជាអ្នកមិនអាចមើលឃើញវាភ្លាមៗក៏ដោយ។ យ៉ាងណាមិញ អ្វីៗទាំងនោះសុទ្ធតែបង្កប់នូវមេរៀនជាច្រើនសម្រាប់បង្រៀនអ្នកឲ្យកាន់តែស្គាល់ពីអន្ថន័យពិតប្រាកដថា ជីវិតគឺជាអ្វី។
២) ដំណោះស្រាយបញ្ហាជីវិត គឺជាមូលដ្ឋានគ្រឹះសំខាន់ជាងគេ
ក្នុងជីវិតប្រចាំថ្ងៃពោលចាប់តាំងពីតូចរហូតមកដល់ពេលនេះ អ្នកអាចជួបបញ្ហាតូចធំរាប់មិនអស់។ បញ្ហាទាំងនោះបានក្លាយជាឧបសគ្គធ្វើឲ្យអ្នកអស់សង្ឃឹម ហត់នឿយ ធុញទ្រាន់ ពិបាកចិត្ត ឬពេលខ្លះធ្វើឲ្យអ្នកបោះបង់វាចោលតែម្តង។ យ៉ាងណាមិញ នៅពេលអ្នកធ្វើជាអ្នកដឹកនាំគេ ការទទួលខុសត្រូវគឺជារឿងសំខាន់ខ្លាំងណាស់។ អ្នកមិនអាចនិយាយថាទេចំពោះមុខបញ្ហាបានឡើយបើទោះបីជាអ្នកទល់ច្រកក៏ដោយ។ នេះមានន័យថា មេរៀនលំបាក និងឧបសគ្គទាំងនោះបានបង្រៀនអ្នកថា អ្នកចាំបាច់ត្រូវតែស្វែងរកដំណោះស្រាយឲ្យបានទើបអាចហែលឆ្លងផុតវាបាន។ ដូច្នេះហើយមានតែដំណោះស្រាយប៉ុណ្ណោះដែលជាកូនសោដ៏សំខាន់អាចត្រួសត្រាយបញ្ហាគ្រប់សព្វបែបយ៉ាងទាំងអស់។
៣) មនុស្សគ្រប់គ្នាសុទ្ធតែមានកំហុស
តើអ្នកធ្លាប់មានអារម្មណ៍ខ្មាស់អៀនទៅនឹងកំហុសដែលអ្នកបានបង្កើតឡើងដែរទេ? តាមពិតទៅការដាក់បន្ទុកខ្លួនឯងនៅពេលបង្កើតកំហុសមិនមែនជាជម្រើសត្រឹមត្រូវនោះទេ។ មនុស្សគ្រប់គ្នាសុទ្ធតែមានកំហុស ហេតុដូច្នេះហើយការបង្កើតកំហុសនៅពេលធ្វើអ្វីមួយ គឺជារឿងធម្មតារបស់មនុស្សលោក។ នៅពេលអ្នកចេះលើកទឹកចិត្តខ្លួនឯង ហើយព្យាយាមកែប្រែកំហុសដោយបង្កើតឲ្យមានឱកាសថ្មី វិធីថ្មី និងមធ្យោបាយថ្មីដែលល្អជាងមុន វាគឺជាទង្វើដ៏គួរឲ្យតម្លៃមួយ។ វាជាអ្វីដែលអ្នកដឹកនាំគ្រប់រូបត្រូវធ្វើនៅពេលមានកំហុសកើតមានឡើងដើម្បីសម្រេចបានលទ្ធផលទៅកាន់ជំហានបន្ទាប់ទៀត។ ការទទួលស្គាល់កំហុសដោយការទទួលខុសត្រូវគឺជាគុណសម្បត្តិរបស់អ្នកដឹកនាំ ហើយវាមិនមែនជារឿងគួរឲ្យអៀនខ្មាស់នោះទេ។
៤) ពេលវេលា និងការបន្ទាបខ្លួន គឺជាស្ថាបនិករួមនៃភាពជោគជ័យ
ដើម្បីទទួលបានអ្វីមួយដែលអ្នកចង់បានទាំងនៅក្នុងជីវិតក្តី និងការងារក្តី វាមិនអាចកើតមានត្រឹមតែមួយយប់នោះឡើយ។ វាត្រូវការខិតខំប្រឹងប្រែង កម្លាំងកាយចិត្ត ពេលវេលា ភាពអត់ធ្មត់ ការប្តេជ្ញាចិត្ត និងមានចក្ខុវិស័យយូរអង្វែងជាដើម។ ការរស់នៅដោយការយល់ដឹងពីដំណើរជីវិតក្នុងកាលៈទេសៈដ៏ត្រឹមត្រូវ ការត្រៀមខ្លួន និងការរៀបចំខ្លួនឲ្យបានល្អ វាគឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់អ្នក។ អ្នកត្រូវចេះគ្រប់គ្រងភាពអំនួត និងអារម្មណ៍រវើរវាយរបស់អ្នក ព្រមទាំងមានសីលធម៌ក្នុងជីវិត។ អ្នកនឹងមិនអាចក្លាយជាអ្នកដឹកនាំប្រកបដោយភាពជោគជ័យបានទេ បើអ្នកអវត្តមានលើចំណុចទាំងនេះ។
៥) បើកចិត្តឲ្យទូលាយទៅកាន់ពិភពលោកខាងក្រៅ
ដើម្បីធ្វើជាអ្នកដឹកនាំមួយរូប ការបើកចិត្តឲ្យទូលាយទៅកាន់ពិភពខាងក្រៅ គឺជារឿងចាំបាច់សម្រាប់ធ្វើឲ្យសមត្ថភាពរបស់អ្នកកាន់តែរីកចម្រើនខ្លាំងឡើង។ ការរៀនស្តាប់មនុស្សជុំវិញខ្លួនដោយយកចិត្តទុកដាក់ ការចូលរួមចែករំលែក ការជួយជ្រោមជ្រែង ការពឹងពាក់អាស្រ័យទៅវិញទៅមក ការទទួលស្គាល់កំហុស ការបង្កើតទំនាក់ទំនងល្អ និងការរៀនធ្វើការជាក្រុមជាដើមបានឆ្លុះបញ្ចាំងថា អ្នកបានបើកបេះដូងរបស់អ្នករួចហើយដើម្បីត្រៀមខ្លួនក្លាយជាអ្នកដឹកនាំល្អម្នាក់នៅពេលអនាគតខាងមុខ៕
ប្រភព៖ Inc