អ្នកដឹងទេ? ការប្រើប្រាស់ថ្នាំសម្រើបបង្កផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ​



ថ្នាំសម្រើប ជាប្រភេទថ្នាំដែលគេផលិតមកសម្រាប់មនុស្សដែលមានវ័យចាប់ពី ៤០ ឆ្នាំឡើងទៅ ទោះជាការផលិតមកមិនដើម្បីបំផ្លាញដល់អ្នកប្រើប្រាស់យ៉ាងណាក្តី តែវានៅតែត្រូវបានគេរកឃើញថាការប្រើប្រាស់ថ្នាំនេះផ្តល់ទុក្ខទោសច្រើនជាងផលវិជ្ជមានដដែល។ ខាងក្រោមនេះជាផលប៉ះពាល់យ៉ាងច្រើន៖

ក) អាការៈទូទៅ

១) ឈឺក្បាល វិលមុខ
អាការៈឈឺក្បាល វិលមុខជាសញ្ញាប៉ះពាល់ទូទៅបន្ទាប់ពីការប្រើថ្នាំសម្រើប ព្រោះពពួកថ្នាំនេះបានបង្កើនលំហូរនៃចរន្តឈាមក្នុងរាងកាយ ហើយវានាំឲ្យមានការផ្លាស់ប្តូរភ្លាមៗនៃលំហូរឈាម។ 

២) តឹងច្រមុះ
គេអាចចាត់ទុកថាការតឹងច្រមុះជាអាការៈទូទៅបន្ទាប់ពីប្រើថ្នាំសម្រើប ហើយក្រៅពីនេះវាក៏អាចមានការហៀរសំបោរខ្លះៗដែរ។ 

៣) ស្បែកឡើងក្រហម ឬមានលក្ខណៈជាំឈាមលើ
ដោយសារថ្នាំប្រភេទនេះធ្វើបង្កើនលំហូរនៃចរន្តឈាមក្នុងសារពាង្គកាយ ដែលនាំឲ្យមានអារម្មណ៍ថាក្តៅធ្វើឲ្យក មុខ និងទ្រូងក្រហម។ 

៤) ឈឺចាប់តាមសាច់ដុំ
ពេលខ្លះថ្នាំប្រភេទនេះនាំឲ្យអ្នកប្រើប្រាស់មានអាការៈឈឺចុករោយពេញរាងកាយ និងតាមសាច់ដុំ។

ខ) ផលប៉ះពាល់ដែលគួរព្រួយបារម្ភ

១) បណ្តាលឲ្យប្រតិកម្មណាមួយកើតឡើងភ្លាមៗលើសុខភាព
វាអាចបង្កជាការអាឡែកស៊ី ហើយអាឡែកស៊ីទាំងនោះវាអាស្រ័យលើប្រព័ន្ធភាពស៊ាំក្នុងខ្លួនរបស់មនុស្សម្នាក់ៗ តែបញ្ហាជារួមមានដូចជា រមាស់ស្បែក ឡើងកន្ទួលក្រហម រមាស់ឬរកាំភ្នែកជាដើមនិងមានអាការៈផ្សេងមួយចំនួនទៀត ហើយអាឡែកស៊ីនេះក៏នឹងអាចឈានដល់ការថប់ដង្ហើមបានផងដែរ។ 

២) ឈឺ ឬរលាកក្រពះ
ប្រព័ន្ធរំលាយអាហារនឹងរងផលប៉ះពាល់ពីតិចទៅធ្ងន់ធ្ងរកាលណានៅពេលដែលអ្នកប្រើថ្នាំសម្រើប ឬថ្នាំបង្កើនសមត្ថភាពផ្លូវភេទដែលវាអាចបង្កជាអាការៈ ក្អួតចង្អោរ ពិបាករំលាយអាហារ និងរាគរូសជាដើម។ 

៣) ងាយទទួលប្រតិកម្មជាមួយឱសថផ្សេងៗ
ថ្នាំសម្រើបបង្កឲ្យអ្នកប្រើប្រាស់ងាយនឹងប្រតិកម្មជាមួយការប្រើឱសថផ្សេងៗផ្សេងៗ ហើយប្រតិកម្មនេះអាចនឹងផ្តល់ផលរំខានពីតិចទៅធ្ងន់ធ្ងរតាមកម្រិតអ្នកប្រើ យោងតាមគេហទំព័រ Viagra បានឲ្យដឹងថាថ្នាំសម្រើបនេះមិនត្រូវប្រើប្រាស់ទេ ខណៈដែលអ្នកកំពុងប្រើឱសថផ្សេងព្យាបាលជំងឺ ឬអ្នកដែលមានបញ្ហាលើសសម្ពាធឈាម ឬកំពុងមានអាការៈឈឺចុកចាប់ក្នុងទ្រូង។

៤) នាំឲ្យហ៊ឹងត្រចៀក ការស្តាប់ និងគំហើញចុះខ្សោយ
ថ្នាំនេះធ្វើឲ្យការផ្ចង់អារម្មណ៍ធ្លាក់ចុះ ការស្តាប់ និងគំហើញចុះខ្សោយហើយវាក៏អាចបង្កជាបញ្ហាធ្ងន់ធ្ងរដល់សុខភាពដូចគ្នា។ មានរបាយការណ៍ដែលបញ្ជាក់ថាមានអត្រាពិការភ្នែកកើតមានឡើងចំពោះបុរសដែលប្រើថ្នាំសម្រើប ទោះបីជាវាជាផលរំខានដ៏កម្រក៏ដោយវាជាផ្នែកមួយដែលអ្នកគួរតែត្រូវ និងប្រុងប្រយ័ត្ន។

៥) បាត់បង់សមត្ថភាពផ្លូវភេទជារៀងរហូត
អ្នកប្រហែលជាធ្លាប់លឺពីការផ្សាយពាណិជ្ជកម្មមួយចំនួនដែលគ្រូពេទ្យបានជម្រាប ថាថ្នាំប្រភេទនេះប៉ះពាល់ដល់សុខភាពបើអ្នកប្រើវាជាញឹកញាប់ ព្រោះវានឹងធ្វើឲ្យអ្នកប្រើប្រាស់បាត់បង់សមត្ថភាពផ្លូវភេទជារៀងរហូត។ វាទាមទារឲ្យអ្នកប្រើប្រាស់ធ្វើការពិភាក្សាជាមួយគ្រូពេទ្យជំនាញក្នុងករណីដែលគេត្រូវការប្រើប្រាស់។ 

៦) គាំងបេះដូង
អ្វីដែលជាចំណុចសំខាន់គឺថ្នាំប្រភេទនេះបង្កើនលំហូរចរន្តឈាមក្នុងរាងកាយ តាមគេហទំព័រ Viagra បានបង្ហាញថាអត្រានៃការគាំងបេះដូងបន្ទាប់ពីប្រើថ្នាំសម្រើបវាកម្រ តែអាចមានច្រើនលើបុរសហើយក៏ជាបញ្ហាធ្ងន់ធ្ងរដែរ។

៧) ស្រ្តូក ឬស្លាប់មួយចំហៀងខ្លួន
វាស្រដៀងនឹងការគាំងបេះដូងដែរ ទោះជាអត្រានៃការស្លាប់មួយចំហៀងខ្លួននេះកើតមានតិចសម្រាប់អ្នកប្រើថ្នាំសម្រើប តែហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលគឺកើតឡើងចំពោះបុរស។ ការសិក្សាស្រាវជ្រាវមួយកាលពីឆ្នាំ ២០០៣ នៃគេហទំព័រ Viagra បង្ហាញថាអត្រាជំងឺដាច់សរសៃឈាមខួរក្បាលមានការកើនឡើង រោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលរួមមានបញ្ហានៃការផ្ចង់អារម្មណ៍មានភាពច្របូកច្របល់ ពិបាកក្នុងការគ្រប់គ្រងអារម្មណ៍និងផ្នែកមួយចំនួននៃរាងកាយដូចជា ដៃពិបាកលើកឬចាប់កាន់របស់អ្វីមួយ និយាយមិនច្បាស់ និងអាការៈខុសប្រក្រតីពីធម្មជាតិមួយចំនួនទៀត។

៨) ស្លាប់
ទោះបីវាជាករណីនេះកើតឡើងក្នុងកាលៈទេសៈកម្រក៏ដោយ តែវានៅតែប៉ះពាល់ដល់ជីវិតអ្នកប្រើប្រាស់បាន។ ការស្លាប់អាចកើតមានចំពោះអ្នកដែលមានគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល ឬមានប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរចំពោះថ្នាំសម្រើបនេះ។ បុរសដែលមានបញ្ហាសុខភាពក៏អាចមានហានិភ័យខ្ពស់នៃការស្លាប់ដែរ៕

 

X
5s