Warren Buffett និង Mark Cuban យល់ថាការអានគឺជាកូនសោឆ្ពោះទៅរកភាពជោគជ័យ
មហាសេដ្ឋី Warren Buffett និង Mark Cuban គឺជាមហាសេដ្ឋីជោគជ័យបំផុតចំនួនពីររូបនៅពេលបច្ចុប្បន្ននេះ។ ថ្វីត្បិតតែអ្នកទាំងពីរមិនសូវបានចេញមុខរួមគ្នានៅលើបណ្តាញផ្សព្វផ្សាយ ក៏ប៉ុន្តែបុគ្គលល្បីទាំងពីររូបនេះបានបង្ហាញជំហររួមគ្នាមួយដែលថា ការអានគឺជាទម្លាប់ល្អមួយដែលជាកូនសោឆ្ពោះទៅរកភាពជោគជ័យ។
នៅក្នុងប្លុកផ្ទាល់ខ្លួនមួយរបស់លោក មហាសេដ្ឋី Mark Cuban បានសរសេរដូច្នេះថា៖ «ខ្ញុំចំណាយពេលអាន ជាងមួយម៉ោងទៅហើយរាល់ថ្ងៃ។ មនុស្សភាគច្រើនអត់ចំណាយពេលដើម្បីបានចំណេះដឹងទេ។ សព្វថ្ងៃនឹងបើខ្ញុំមានពេលគ្រប់គ្រាន់អាចក្រសោបយកព័ត៌មានគ្រប់បែបយ៉ាងទាំងអស់ ខ្ញុំនឹងខ្លាំងខាងអាជីវកម្មផ្នែកបច្ចេកវិទ្យាហើយ»។
ងាកមកមើលមហាសេដ្ឋី Warren Buffett វិញក៏ត្រូវបានគេចាត់ទុកថា ជាបុគ្គលល្បីល្បាញម្នាក់ដែលចំណាយពេលច្រើនបំផុតលើការអាននេះ។ ថ្វីត្បិតតែលោកមានវ័យដល់ទៅ ៨៩ ឆ្នាំទៅហើយក្តី ការអានគឺជាទម្លាប់របស់លោក ពោលក្នុងមួយថ្ងៃ លោកអានព័ត៌មានផ្សេងៗគ្នាចំនួន ៥ និងអានសៀវភៅ ៥០០ ទំព័រ។
«ខ្ញុំចំណាយពេលអានសៀវភៅប្រហែលពី ៥ ទៅ៦ម៉ោងក្នុងមួយថ្ងៃ។ ខ្ញុំចូលចិត្តអង្គុយ ហើយគិត។ ខ្ញុំបានចំណាយពេលធ្វើអីចឹងហើយពេលខ្លះមើលទៅដូចជាខ្ញុំមិនសូវសកម្មទេ ប៉ុន្តែខ្ញុំគិតថា ខ្ញុំពេញចិត្តដែលបានគិតទៅដល់បញ្ហារកស៊ី ឬបញ្ហាវិនិយោគ»។ មហាសេដ្ឋី Warren Buffett បញ្ជាក់។
ហេតុអ្វីការអានសំខាន់?
Mark Cuban ទទួលស្គាល់ថា ការអានបានធ្វើឲ្យលោកទទួលបានជោគជ័យក្នុងអាជីពការងារទាំងវ័យក្មេង ជាពិសេសនៅក្នុងមុខជំនួញរបស់លោកតែម្តង។
លោកថា៖«ខ្ញុំបានអានសៀវភៅ និងទស្សនាវដ្តីជាច្រើនតាមដែលអាចធ្វើបាន។ សៀវភៅមួយក្បាលៗ ទស្សនាវដ្តីមួយក្បាលៗ បានធ្វើឲ្យខ្ញុំទទួលបានគំនិតល្អជាច្រើនសម្រាប់នៅក្នុងមុខជំនួញរបស់ខ្ញុំដូចជា ការដោះស្រាយបញ្ហាជាមួយអតិថិជនជាដើម»។
ចំណែកឯលោក Buffett ប្រធានក្រុមហ៊ុន Oracle of Omaha និង Berkshire Hathaway វិញ ធ្លាប់បានផ្តល់ដំបូន្មានទៅកាន់សិស្សនិស្សិតនៅឯសាកលវិទ្យាល័យ Columbia ស្តីពីគុណតម្លៃនៃការអាននេះ។
«អានឲ្យបាន ៥០០ទំព័ររាល់ថ្ងៃ។ អានអីចឹងបានចំណេះដឹងវាដើរទៅមុខ។ វាដូចជាផលចំណេញពីការវិនិយោគរបស់យើងអីដឹងដែរ។ អ្នកទាំងអស់គ្នាអាចធ្វើបាន ប៉ុន្តែខ្ញុំធានាថា មិនមែនសុទ្ធតែអ្នកទាំងអស់គ្នានឹងធ្វើវាទេ»។ មហាសេដ្ឋី Warren Buffett បញ្ជាក់៕
ប្រភព៖ cnbc