នាយកប្រតិបត្តិ KOI៖ របាយការណ៍ហិរញ្ញវត្ថុមានអត្ថប្រយោជន៍ ២សំខាន់ សម្រាប់អាជីវកម្ម
ហេតុអ្វីបានជា ការមានរបាយការណ៍ហិរញ្ញវត្ថុដែលច្បាស់លាស់គឺជាចំណុចសំខាន់មិនអាចខ្វះបានសម្រាប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុន ឬស្ថាប័ននីមួយៗ? សំណួរនេះត្រូវបានបកស្រាយដោយ លោក ខន ឈុនដារា នាយកប្រតិបត្តិ KOI កម្ពុជា នៅក្នុងកម្មវិធី Financial Modeling 2020 នាសណ្ឋាគារហ៊ីម៉ាវ៉ារី កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។ ខាងក្រោមគឺជាការចែករំលែកពីលោកវាគ្មិន។
លោក ខន ឈុនដារ៉ា បកស្រាយថា នៅពេលដែលយើងមានប្រព័ន្ធគ្រប់គ្រងគណនេយ្យមួយដែលល្អ គឺយើងតែងតែទទួលបានរបាយការណ៍ហិរញ្ញវត្ថុមួយដែលល្អ ដូច្នេះសម្រាប់លោកផ្ទាល់នៅក្នុងក្រុមហ៊ុនលោកបានបែងចែកអត្ថប្រយោជន៍នៃ របាយការណ៍ហិរញ្ញវត្ថុនិងការគ្រប់គ្រងគណនេយ្យល្អជាពីរផ្នែក ដោយទី១គឺផ្ដោតទៅលើអត្ថប្រយោជន៍ផ្ទៃក្នុង (Internal) និងទី២គឺអត្ថប្រយោជន៍ខាងក្រៅ(External)។
លោកនាយកប្រតិបត្តិបន្តថា ចំពោះអត្ថប្រយោជន៍ ផ្ទៃក្នុង(Internal)៖ នៅពេលដែលយើងមានរបាយការណ៍ហិរញ្ញវត្ថុផ្ទៃក្នុងមួយដែលច្បាស់លាស់យើងនឹងអាចយល់ និងមើលឃើញពីរូបភាពធំនៅក្នុងក្រុមហ៊ុន ថាតើក្រុមហ៊ុនរបស់យើងកំពុងឈរនៅកន្លែងណា ហើយនឹងត្រូវឆ្ពោះទៅកន្លែងណា, តើយើងកំពុងតែចំណេញប៉ុន្មាន និងកំពុងចាយលើអ្វីខ្លះ ព្រោះជូនកាលម្ចាស់អាជីវកម្មអាចនឹងមើលរំលងនូវការចំណាយតិចតួចក្នុងក្រុមហ៊ុន។
លោកបានបន្តដោយលើកជាឧទាហរណ៍ថា ដំបូងលោកមិនដែលគិតអំពីការចំណាយលើក្រដាសអនាម័យនៅក្នុងក្រុមហ៊ុននោះទេព្រោះគិតថាវាគឺជាការចំណាយមួយដែលតិចតួចប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុ ក្រដាសទាំងនោះក៏បានចូលរួមក្នុងការចំណាយប្រមាណ២ទៅ៣ភាគរយដែរ ដូច្នេះប្រសិនបើគ្មានរបាយការណ៍ហិរញ្ញវត្ថុទេម្ចាស់អាជីវកម្មប្រាកដជាមិនចាប់អារម្មណ៍លើរឿងទាំងនេះនោះទេ។
មួយវិញទៀតក្នុងនាមជាមេ ជាអ្នកដឹកនាំ ម្ចាស់អាជីវកម្មគួរចំណាយពេលទៅធ្វើការងារបែបគិត ដើម្បីអភិវឌ្ឍន៍ក្រុមហ៊ុនឲ្យកាន់តែរីកចម្រើន ព្រោះប្រសិនបើម្ចាស់អាជីវកម្មបែរជាត្រូវរវល់ចំណាយពេលធ្វើការងារបែបធ្វើ ដោយខ្លួនឯងត្រូវមកបិទបញ្ជីនៅចុងខែ ឬសរុបបញ្ជីខ្លួនឯងជាដើម សាកស្រមៃមើលបើយកពេលវេលានោះទៅជួបភ្ញៀវនៅខាងក្រៅដើម្បីបង្កើនការលក់វិញ តើវាចំណេញប៉ុណ្ណា? ដូច្នេះប្រសិនបើចង់ទៅធ្វើការងារបែបគិត គឺទាល់តែមានអ្នកជួយធ្វើការងារដែលធ្វើ ហើយបើមានគេធ្វើហើយយើងក៏ត្រូវមានបញ្ជីហិរញ្ញវត្ថុមួយដែលច្បាស់លាស់។
ទី២. អត្ថប្រយោជន៍ផ្នែកខាងក្រៅ៖ នៅពេលអាជីវកម្មរីកធំ ម្ចាស់អាជីវកម្មប្រាកដជាត្រូវការទុនបន្ថែមដើម្បីពង្រីក ដូច្នេះការខ្ចីប្រាក់ពីធនាគារ ប្រសិនបើក្នុងទំហំធំ នោះគេនឹងតម្រូវឲ្យមានរបាយការណ៍ហិរញ្ញវត្ថុមួយដែលច្បាស់លាស់។ ដូច្នេះ ការមានរបាយការណ៍ហិរញ្ញវត្ថុផ្នែកខាងក្រៅដែលល្អ នោះនឹងជួយបើកផ្លូវឲ្យក្រុមហ៊ុនកាន់តែងាយស្រួលក្នុងការរកទុនបន្ថែម តាមរយៈការខ្ចីធនាគារ។ ចំណុចល្អមួយទៀតគឺ ម្ចាស់អាជីវកម្មនិងងាយស្រួលស្វែងរកដៃគូវិនិយោគ និងលក់អាជីវកម្មរបស់ខ្លួន៕
ដោយ៖ ជួប ស្រីរ័ត្ន