ប្រទេសទាំង ១០ដែលប្រជាជនសង្វាតអានច្រើនជាងគេ ក្នុងនោះថៃជាប់លេខ២​



តាមពិតការអំណានគឺមានសារៈសំខាន់ណាស់ដើម្បីភាពរីកចម្រើនរបស់មនុស្សម្នាក់ៗ។ ដើម្បីជាការទទួលព័ត៌មានតាមអ៊ិនធឺណិត សៀវភៅ និងទស្សនាវដ្តីជាដើម មនុស្សត្រូវចំណាយពេលអានដើម្បីស្រូវយកចំណេះដឹង និងទទួលបានព័ត៌មានអំពីពិភពលោកជុំវិញពួកគេ។ ការអានជួយមនុស្សឲ្យបង្កើតការស្រមើលស្រមៃសកម្មជាងមុននិងនាំឲ្យមានការច្នៃប្រឌិតខ្ពស់ជាងមុនផងដែរ។ តើប្រទេសណាដែលមនុស្សចំណាយពេលច្រើនបំផុតក្នុងការអាន?

បើតាមរបាយការណ៍ពីសន្ទស្សន៍ពិន្ទុវប្បធម៌ពិភពលោក (The World Culture Score Index) បានធ្វើការវាស់ស្ទង់មនុស្សដែលអានសៀវភៅច្រើនជាគេក្នុងមួយសប្ដាហ៍។ ការសិក្សាស្រាវជ្រាវនេះបានបញ្ជាក់ថា មិនថាមនុស្សទាំងនោះអាន E-Book អានលើអ៊ិនធឺណិត អានសៀវភៅ ឬអានអ្វីនោះទេ ហើយមិនបាននិយាយអំពីវ័យ និងភេទ ឬអាយុនោះដែរ គ្រាន់តែបង្ហាញអំពីចំនួនម៉ោងនៅក្នុងប្រទេសទាំង ១០ ដែលចំណាយពេលអានច្រើនជាងគេក្នុងមួយសប្តាហ៍ប៉ុណ្ណោះ៖

១) ប្រទេសឥណ្ឌា
ប្រទេសឥណ្ឌាឈរនៅលើគេក្នុងបញ្ជីតារាង ដោយពលរដ្ឋក្នុងប្រទេសមួយនេះជាមធ្យមអាន ១០ ម៉ោង និង ៤២ នាទីក្នុងមួយសប្តាហ៍លើការចំណាយពេលអាន។ ទទួលបានតំណែងលេខ ១ ក្នុងបញ្ជីពិតជាសមិទ្ធិផលមួយសម្រាប់ប្រទេសនេះដែលមានអត្រាអក្ខរកម្មទាបជាងមធ្យមភាគពិភពលោក (ត្រឹមតែ ៧៤%)។ ទោះយ៉ាងណាពេលវេលាចំណាយក្នុងការអាននេះមិនឆ្លុះបញ្ចាំងពីចំនួនពេលវេលានៃការអានសៀវភៅដែលបានព្រីននោះទេ ហើយវាអាចរាប់បញ្ចូលទាំងការចំណាយពេលវេលាអានតាមអ៊ិនធឺណិតឬជាទម្រង់អេឡិចត្រូនិចផងដែរ។

២) ប្រទេសថៃ
ប្រទេសថៃគឺជាប្រទេសដែលមានចំនួនម៉ោងច្រើនបំផុតទី ២ ក្នុងការអាន។ ការស្ទង់មតិបានរាយការណ៍ថាពួកគេចំណាយពេលជាមធ្យមប្រចាំសប្តាហ៍ ៩ ម៉ោង ២៤ នាទីនៃការអាន ហើយរកឃើញថាប្រហែលជា ៨៨% នៃប្រជាជននេះអានសៀវភៅបោះពុម្ភ ដោយចំណាយពេលប្រហែល ២៨ នាទីក្នុងមួយថ្ងៃដើម្បីអាន។ នេះមានន័យថាពេលវេលាកាន់តែច្រើនត្រូវចំណាយលើការអានតាមអ៊ីនធឺណិត។ ដូចដែលបានឃើញនៅក្នុងប្រទេសឥណ្ឌាស្មាតហ្វូននិងថេប្លេតបានផ្លាស់ប្តូរទម្លាប់អាននៅថៃផងដែរ។ តាមពិតចំនួនពេលវេលាដែលចំណាយក្នុងការអានសៀវភៅបោះពុម្ពបានថយចុះពីរបាយការណ៍ក្នុងឆ្នាំកន្លងមក។

៣) ប្រទេសចិន
ប្រទេសចំណាត់ថ្នាក់លេខ៣ដែលចំណាយពេលវេលាក្នុងការអានគឺចិន ដែលយោងតាមការស្ទង់មតិបានរាយការណ៍ថាប្រជាជនប្រទេសនេះចំណាយពេលប្រហែល ៨ ម៉ោងរៀងរាល់សប្តាហ៍ដែលចូលរួមក្នុងសកម្មភាពអាន។ ប្រទេសនេះមានអត្រាអក្ខរកម្ម ៩៦,៤% ដែលខ្ពស់ជាងមធ្យមភាគពិភពលោក ៨៦,៣% ។ ប្រជាជនប្រទេសនេះចំណាយពេលអាន ១១ នាទីក្នុងមួយថ្ងៃប៉ុណ្ណោះដែលចំណាយលើការអានកាសែតនិងទស្សនាវដ្តី។ នៅក្នុងការសិក្សាដែលធ្វើឡើងដោយ OECD អ្នកស្រាវជ្រាវបានរកឃើញថាជាង ៩០%នៃនិស្សិតនៅសៀងហៃមានការកើនឡើងនៃការអានបែបកម្សាន្ត។ 

ខាងក្រោមនេះគឺជាប្រទេសទាំង ១០ ដែលប្រជាជនអានសៀវភៅច្រើនជាងគេក្នុងពិភពលោក បើគិតក្នុងមួយសប្ដាហ៍៖
១) ប្រទេសឥណ្ឌា ជាមធ្យមអាន ១០ ម៉ោង ៤២នាទី
២) ប្រទេសថៃ ជាធម្យមអាន ៩ម៉ោង ២៤នាទី
៣) ប្រទេសចិន ជាធម្យមអាន ៨ម៉ោង
៤) ប្រទេសហ្វីលីពីន ជាធម្យមអាន ៧ម៉ោង ៣៦នាទី
៥) ប្រទេសអេស៊ីប ជាធម្យមអាន ៧ម៉ោង ៣០នាទី
៦) ប្រទេសឆេក ជាធម្យមអាន ៧ម៉ោង ២៤នាទី
៧) ប្រទេសស៊ុយអែត ជាធម្យមអាន ៧ម៉ោង ៦នាទី
៨) ប្រទេសបារាំង ជាធម្យមអាន ៦ម៉ោង ៥៤នាទី
៩) ប្រទេសហុងគ្រី ជាធម្យមអាន ៦ម៉ោង ៤៨នាទី
១០) ប្រទេសអារ៉ាប៊ី សាអូឌីត ជាធម្យមអាន ៦ម៉ោង ៤៨នាទី៕

ដោយ៖ ជា​ ធារឹទ្ធ

 

X
5s